ចាប់ខ្លួន​ជន​ដៃដល់​ប៉ង​រំលោភ​ក្រមុំ​ដងស្ទឹង​សង្កែ​ ជា​សិស្ស​ថ្នាក់​ទី​១២​ដែល​បាត់​ខ្លួន​បាន​ហើយ​

​ខណៈ​ករណី​បាត់​ខ្លួន​យុវតី​ជា​រំដួល​ដងស្ទឹង​សង្កែ​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​ នៃ​វិទ្យាល័យ​នេ​ត​យ៉ង់​ ខេត្តបាត់ដំបង​ រុករក​មិន​ទាន់​ឃើញ​នៅឡើយ​នោះ​ ប៉ុន្តែ​នៅ​វេលា​ម៉ោង​០៧​ព្រឹក​ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ជន​ដៃដល់​ដែល​វាយដំ​ និង​អូស​រូប​នាង​ក្រមុំ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ​ បន្ទាប់​ពី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិន​បាន​សម្រេច​ បាន​ហើយ​ នៅ​ចំណុច​ភូមិ​វត្ត​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ គឺជា​អ្នក​រស់នៅ​ជិតខាង​គ្នា​នឹង​លំនៅ​ឋាន​របស់​យុវតី​រង​គ្រោះ​ដែរ​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ បុរស​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នោះ​ មានឈ្មោះ​ ចាន់​ កុសល​ អាយុ​២៣​ឆ្នាំ​ មាន​ប្រពន្ធ​កំពុង​មានគភ៌​ និង​ជា​អ្នក​រស់នៅ​ជិតខាង​គ្នា​ជាមួយនឹង​យុវតី​រង​គ្រោះ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ជា​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​មែន​ ក្នុង​គោលបំណង​រំលោភ​សេពសន្ថវៈ​ ប៉ុន្តែ​ត្រូវ​នាង​តដៃ​ដោយ​យក​កន្ត្រៃ​ចាក់​មក​លើ​ខ្លួន​ ។​ ក្នុង​ស្ថានភាព​បែប​នេះ​ ខ្លួន​ខឹងសម្បា​ រួច​បាន​វាយដំ​នាង​រហូត​ដល់​សន្លប់​ និង​អូស​នាង​ទៅ​មាត់​ស្ទឹង​ដើម្បី​រំលោភ​ តែ​ឱកាស​មិន​អំណោយផល​ ទើប​ខ្លួន​បង្ខំចិត្ត​អូស​នាង​ដល់​កណ្តាលស្ទឹង​ទម្លាក់​ចោល​តែ​ម្តង​ទៅ​ ។​ បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្អើល​ឆោឡោ​កើតឡើង​ ខ្លួន​ក៏​បាន​ព្យាយាម​ចូល​ពួន​សំងំ​នៅ​ក្នុង​ចម្ការ​ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្វែងរក​ព័ទ្ធ​ចាប់ខ្លួន​បាន​ ។​

​ទោះ​យ៉ាងណា​ រហូត​មក​ទល់​នឹង​ពេល​នេះ​ យុវតី​រង​គ្រោះ​ឈ្មោះ​ ឆាំ​ ស្រី​រ័​ត្ន​ អាយុ​១៨​ឆ្នាំ​ ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​ចំនួន​៤​នាក់​(​ប្រុស​ចំនួន​៣​នាក់​)​ រស់នៅ​ក្នុង​បន្ទុក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ ក្នុងភូមិ​វត្ត​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ និង​កំពុង​សិក្សា​រៀនសូត្រ​នៅ​វិទ្យាល័យ​នេ​ត​យ៉ង់​ ខេត្តបាត់ដំបង​ ថ្នាក់​ទី​១២​ ដែល​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​ នា​រាត្រី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខណៈ​កំពុង​លាង​សណ្តែក​ក្បែរ​មាត់​ស្ទឹង​សង្កែ​នោះ​ សមត្ថកិច្ច​មិន​ទាន់​រុករក​ឃើញ​នៅឡើយ​ ដោយ​មិនដឹង​ថា​ នាង​នឹង​មាន​វាសនា​បែប​ណា​ទេ​ ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​ពាក្យ​ថា​ "​បើ​រស់​ឲ្យ​ឃើញ​មនុស្ស​ តែបើ​ស្លាប់​ឲ្យ​ឃើញ​សាកសព​"​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ និង​វត្ថុ​តាង​ ព្រមទាំង​បញ្ជូន​ខ្លួន​ជន​ដៃដល់​ទៅ​ស្ថាប័ន​តុលាការ​ដោះស្រាយ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ក្រោម​ការ​ចោទប្រកាន់​ថា​ ជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ ៕​

ចាប់ខ្លួន​ជន​ដៃដល់​ប៉ង​រំលោភ​ក្រមុំ​ដងស្ទឹង​សង្កែ​ ជា​សិស្ស​ថ្នាក់​ទី​១២​ដែល​បាត់​ខ្លួន​បាន​ហើយ​