អង្គការអភិឌ្ឍន៍ វិស័យឧស្សាហ៍កម្ម សហការជាមួយ KOICA ពង្រឹងសមត្ថភាព ចំណេះដឹងលើ សំណល់អគ្គិសនី និងអេទ្បិចត្រូនិច នៅកម្ពុជា

ភ្នំពេញ៖ UNIDO ដែលជាអង្គការអភិឌ្ឍន៍ វិស័យឧស្សាហ៍កម្ម  សហការជាមួយ KOICA របស់កូរ៉េ ក្រុមហ៊ុន Samsung Electronics និងក្រសួងពាក់ព័ន្ធជាច្រើន ទៀតរួមគ្នាជួយ ពង្រឹងសមត្ថភាព ចំណេះដឹងលើផ្នែក សំណល់ អគ្គិសនី និងអេទ្បិចត្រូនិចនៅកម្ពុជា ។

ការអះអាងរបស់ភាគីពាក់ព័ន្ធនេះ បានធ្វើឡើងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្នុងពិធីបិទបញ្ចប់គម្រោងបង្កើត ឱកាសការងារ និងការគ្រប់គ្រង សំណល់ អគ្គិសនី និងអេទ្បិចត្រូនិច ប្រកបដោយ ប្រសិទ្ធិភាពក្នុងប្រទេសកម្ពុជា រយៈពេលបីឆ្នាំ នៅសណ្ឋាគារសុខា។

គម្រោងនេះ ផ្ដោតសំខាន់ទៅលើពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក៏ដូចជាការអនុវត្ដផ្ទាល់ទៅដល់យុវជន ដែលកំពុងស្វែងរកការងារធ្វើ ក្នុងវិស័យអគ្គិសនី និងអេទ្បិចត្រូនិច រួមទាំងបង្រៀនការគ្រប់គ្រងអាជីវកម្មផងដែរ ។

លោក ហាក់ សុជា អ្នកសម្របសម្រួលគម្រោងជាតិ នៃអង្គការ UNIDO បានថ្លែង គម្រោងបានបិទបញ្ចប់នៅថ្ងៃនេះ ហើយក្រោយការឧបត្ថម្ភ របស់ KOICA និង ក្រុមហ៊ុន Samsung Electronics ដោយបានសហការអនុវត្ដជាមួយ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈ   វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស  និងក្រសួងបរិស្ថាន  ដែលគោលបំណងធំៗពីរ៖  ទី១ទៅលើ ការជួសជុល និងតំទ្បើង ឧបករណ៍អេទ្បិចត្រូនិច ,និងទី២ ពង្រឹង ចំណេះ ដឹង ចំណេះធ្វើក៏ដូចជាការអនុវត្ដផ្ទាល់ ទៅការគ្រប់គ្រង កាកសំណល់ អគ្គិសនី និងអេទ្បិចត្រូនិច ក្នុងប្រទេស កម្ពុជាយើង។

លោកបន្ថែមថា វិស័យនេះ ភាគច្រើនគេមិនទាន់ចាប់អារម្មណ៍ទេ បើធៀបទៅនឹងសំណល់ផ្សេងៗប៉ុន្ដែពេលនេះ សំណល់អគ្គិសនីនិង អេទ្បិចត្រូនិច គឺច្រើនជាងគេ ដែលអាចជាផ្នែកមួយក្នុងការគំរាម គំហែងមួយ ដល់ថា្នក់ជាតិ  រួមទាំងអន្ដរជាតិ ផងដែរ។

លោក ថ្លែងបន្ដថា” ព្រោះកាក់សំណល់ នេះ បានបន្សល់នូវសារធាតុពុលជាច្រើន  វាមានលោហៈធ្ងន់ មាន សារធាតុការពារចំហេះ  និងសារធាតុផ្សេងទៀត  បើយើងគ្រប់គ្រងវាមិនបានល្អទេ នៅថ្ងៃខាងមុខ នឹងបណ្ដាលឲ្យ ប៉ះពាល់ដល់ សុខភាពមនុស្សទូទៅ  បរិស្ថាន  និងសង្គមជាតិទាំងមូល “។

លោក បន្ថែមថា ក្នុងរយៈពេលបីឆ្នាំនេះ ដៃគូពាក់ព័ន្ធទាំងអស់ បានអនុវត្ដន៍សាកល្បង នៅខេត្ដក្រុងចំនួនប្រាំ គឺ ភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដោយបានបណ្ដុះបណ្ដាលយុវជនចំនួន២៤១នាក់ ក្នុងនោះយុវជនខ្លះជាម្ចាស់ហាងស្រាប់។

លោក បន្ដថា លោកជឿជាក់ថា គម្រោងទីពីរ នឹងបន្ដទៀត តែមិនទាន់ដឹងច្បាស់ទេ ថា នៅពេលណានោះ ព្រោះត្រូវស្វែងរកម្ចាស់ជំនួយជាបន្ដទៀតសិន ដើម្បីបានផ្គត់ផ្គង់ឲ្យបានទូទាំង២៥ខេត្ដ ក្រុង ។

សូមបញ្ជាក់ថា គម្រោងនេះ បានចាប់ផ្ដើមបើកពីខែ សីហា ឆ្នាំ ២០១២ ដែលនឹងបញ្ចប់នៅចុងខែវិច្ឆិកា នេះ  ក្រោម ថវិកាជាង ១លានដុលា្លរ៕

អង្គការអភិឌ្ឍន៍ វិស័យឧស្សាហ៍កម្ម សហការជាមួយ KOICA ពង្រឹងសមត្ថភាព ចំណេះដឹងលើ សំណល់អគ្គិសនី និងអេទ្បិចត្រូនិច នៅកម្ពុជា

អង្គការអភិឌ្ឍន៍ វិស័យឧស្សាហ៍កម្ម សហការជាមួយ KOICA ពង្រឹងសមត្ថភាព ចំណេះដឹងលើ សំណល់អគ្គិសនី និងអេទ្បិចត្រូនិច នៅកម្ពុជា