លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​ជា​កូន​របស់​ជន​ក្បត់​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សារ​ធ្ងន់ៗ​ដោយ​ខឹង​សម្បា​នឹង​លោក សម រង្ស៊ី រហូត​ប្រើ​ពាក្យ​ថា ​ជា​កូន​ជន​ក្បត់ជាតិ និង​ជា​មនុស្ស​មិន​ចេះគោរព​សម្ដី​ខ្លួន ដែល​លោក ហ៊ុន សែន ថា​ទើប​តែ​សុំ​ទោស​លោក​ថ្មីៗ​នេះ។

លោក ហ៊ុន សែន បញ្ចេញ​សារ​ធ្ងន់​ៗ​បែប​នេះ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាល​ពី​យប់ថ្ងៃទី១១ វិច្ឆិកា បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ អះអាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​ជប៉ុន ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ នឹង​ប្រើប្រាស់​មធ្យោបាយ​គ្រប់​ប្រភេទ ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បោះឆ្នោតនៅឆ្នាំ២០១៨ ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត​ដូច​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

សារ​ចំនួន​ ២​របស់​លោក ហ៊ុន សែន ដាច់​ដោយ​ឡែក​ពីគ្នា ដោយ​ទី១ ​បាន​បញ្ចេញ​សារ​ដែល​លោក សម រង្ស៊ី បាន​សុំ​ទោស​លោក កាលពីថ្ងៃទី២៩ តុលា រឿង​ប្រដូច​នឹង​មេដឹកនាំ​ផ្ដាច់ការ​លើ​ពិភពលោក។

ចំណែក​ឯសារទី២ របស់​លោក ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​កូន​របស់​ជន​ក្បត់ជាតិ៖ «ស្អី​នឹង​គេ​ដែរ ឯកឧត្ដម (សម រង្ស៊ី) បើ​មួយ​ជា​ភូមា មួយ​ទៀត​ជា​កម្ពុជា និង​មួយ​ទៀត​ឆ្នាំ ២០១៥ ​ហើយ​មួយ​ទៀត​ឆ្នាំ​២០១៨។ រឿងរ៉ាវ​ខុសគ្នា របប​នយោបាយ​សេដ្ឋកិច្ច​សង្គម​ខុស​គ្នា ភាព​លំបាក​និង​ងាយស្រួល​ខុសគ្នា សូម្បីតែ​ការ​បោះឆ្នោត​ក៏​ខុស​គ្នា ដែល​ភូមា​ មិន​ដែល​បោះឆ្នោត ឯ​កម្ពុជា​បោះឆ្នោត៥ដង​រួច​មក​ហើយ។ ឯ​ពូជពង្ស​វង្ស​ត្រកូល​ឯកឧត្ដម (សម រង្ស៊ី) ប្រៀបធៀប​ជាមួយ​ជាមួយ អ៊ុង សានសូជី មិន​បាន​ទេ ព្រោះ​មួយ​ស្នេហាជាតិ មួយ​ទៀត​ក្បត់ជាតិ។ បើ​ពុំ​មាន​ការ​ធ្វើ​នីតិសម្បទា​ណាមួយ​ទេ ឯកឧត្ដម​នៅ​តែ​មាន​ឈ្មោះ​ថា​ជា​កូន​អា​ក្បត់​ជាតិ។ ពាក្យ​អា​ក្បត់​ជាតិ​មិនមែន​ជា​ពាក្យ​ខ្ ញុំ(ហ៊ុន សែន) ​ដាក់​ទេ តែ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​របស់​សម្ដេច​ព្រះបាទ ​នរោត្តម សីហនុ ជា​អ្នក​ប្រសិទ្ធ​នាម​ឲ្យ»

កាល​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា លោក ហ៊ុន សែន បានព្រមាន​បង្ហាញ​សារ​លោក សម រង្ស៊ី សុំ​ទោស​ជា​សាធារណៈ​មុន​ថ្ងៃ​ដក​លោក កឹម សុខា ពី​អនុប្រធាន​ទី​១រដ្ឋសភា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។