​មន្ត្រីជាន់ខ្ពស់​អប់រំ​: និស្សិត​ឈ្នះ​ការប្រកួតប្រជែង​បាន ទាល់តែ​មានចំណេះ ជំនាញ​ខ្ពស់​

បន្ទាយមានជ័យ: ផ្តល់​បទពិសោធន៍ និង​យោបល់​ដល់ និស្សិត​កំពុង​រៀន និង​រៀន​ចប់ ដើម្បី​រក​ការងារ​បានធ្វើ រដ្ឋលេខាធិការ​ម្នាក់ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ ទទួលស្គាល់​ទទួលស្គាល់ គុណភាព​អប់រំ​នៃ​កម្ពុជា បាន​និយាយថា និស្សិត​ឈ្នះ​ការប្រកួតប្រជែង រក​ការងារ​បាន ទាល់តែ​មានចំណេះ ជំនាញ​ខ្ពស់ និង​មាន​ភាព​ប៉ិនប្រសប់​ជំនាញ​មួយចំនួនទៀត​។​
 
​លោក​យក់ ង៉ុ​យ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ ទទួលស្គាល់​ទទួលស្គាល់ គុណភាព​អប់រំ​នៃ​កម្ពុជា បាន​និយាយ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ជូន​និស្សិត​កម្រិត​បរិញ្ញាប័ត្រ​រង បរិ​ញ្ញ​ប័ត្រ និង​អនុបណ្ឌិត នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ សាខា​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា ទន្ទឹមនឹង​មានចំណេះ​ជំនាញ ក៏ត្រូវ​មាន​ភាព​ប៉ិនប្រសប់​លើ​ជំនាញ មាន​សីលធម៌ សុជីវធម៌ ភាពស្មោះត្រង់ មានការ​ទទួលខុសត្រូវ មាន​វិន័យ​ផងដែរ​។​
    
​យោង​របាយការណ៍​រប​ស់លោក មាស រ៉េ​ន​រិ​ទ្ធ សាកលវិទ្យាធិការ​ស្តីទី នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU) បាន​និយាយថា​: និស្សិត​ជ័យលាភី​ត្រូវ​ទទួល សញ្ញាប័ត្រ​បរិញ្ញាប័ត្ររ​ង ជំនា​ន់ទី​៥,៦,៧ កម្រិត​បរិញ្ញាប័ត្រ ជំនា​ន់ទី​២,៣,៥ និង​៦ និង​កម្រិត​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ជំនា​ន់ទី​៥ នៃ BBU សាខា​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​១.១២៥​នាក់ ក្នុងនោះ​ស្រី​៤៥៧​នាក់​។ ពួកគេ​បញ្ចប់​ការសិក្សា តាំងពី​ឆ្នាំ​២០១០ ដល់ ២០១៥ នេះ​។​
   
​លោក មាស រ៉េ​ន​រិ​ទ្ធ បាន​និយាយ​បន្តថា​: ១៥​ឆ្នាំ​មកនេះ BBU បាននិងកំពុង​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស ស្របតាម​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​ខ្លួន ព្រមទាំង​គោលនយោបាយ នៃ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រាជរដ្ឋាភិបាល​។ និស្សិត​សិក្សា នៅទីនេះ ទទួលបាន​ចំណេះ​ជំនាញ ប្រកបដោយ​គុណភាព ដែល​ប្រែក្លាយ​ធនធានមនុស្ស មានគុណ​សម្បត្តិ ប្រកួតប្រជែង​កម្រិត​ខ្ពស់ ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច ក្នុង​ក្របខ័ណ្ឌ​ជាតិ តំបន់​និង​អន្តរជាតិ​។​
   
​លោក​បាន​និយាយ​បន្តថា​: លទ្ធផល​ការស្ទង់មតិ​ប្រចាំឆ្នាំ ពី​ស្ថានភាព​ការងារ​របស់​និស្សិត ដែល​បញ្ចប់​ការសិក្សា ចេញពី​មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម សិល្ប​: មនុស្សសាស្ត្រ និង​ភាសា និង​គ្រប់គ្រង​ធុរកិច្ច បានបង្ហាញ​អោយឃើញថា និស្សិត​ជិត ៨៩ ភាគរយ បាន​ទ​ទួ​ក​ការងារ​ធ្វើ នៅតាម​គ្រឹះស្ថាន ដូចជា ក្រសួង ស្ថាប័ន​ដ្ឋ  អង្គការ​មិនមែន​រដ្ឋាភិបាល ធនាគារ ក្រុមហ៊ុន​ឯកជន ជាដើម​។​
   
​លោក យក់ ង៉ុ​យ បាន​និយាយ​បន្ថែមថា​: ដើម្បី​រកបាន​ការងារ​ធ្វើ ហើយ​រក្សាបាន​ការងារ​នោះ និស្សិត​ត្រូវតែមាន​បន្ថែម នូវ​ការ​ប៉ិនប្រសប់ ខាង​ទំនាក់ទំនង  ចេះ​សម្របសម្រួល និង​ធ្វើការ​ជាមួយ​ក្រុម ជាមួយ​និយោជក​៕V