គិត​ត្រឹម​ខែតុលា​នេះ កូរ៉េ​ខាងត្បូង​ជា​វិនិយោគិន​ធំ​ជាងគេ​របស់​វៀតណាម

ប្រទេស​វៀតណាម ៖ តាម​របាយការណ៍​ដែល​ចេញផ្សាយ​បាន​បង្ហាញ​ថា កូរ៉េ​ខាងត្បូង​ជា​វិនិយោគិន​ធំ​ជាងគេ​ក្នុង​ប្រទេស​វៀតណាម រួម​បញ្ចូល​ទាំង​ការ​វិនិយោគ​ថ្មី និង​ពង្រីក​បន្ថែម​សរុប​ទាំងអស់​មាន​ទំហំ​ទឹកប្រាក់​៦,២​ប៊ី​លាន​ដុ​លា្ល​រ គិត​ចាប់ពី​ខែតុលា ឆ្នាំ​២០១៥ ។

តួលេខ​ពី​ទីភ្នាក់ងារ​វិនិយោគ​បរទេស (FIA) ចំណុះ​ឲ្យ​ក្រសួងផែនការ និង​វិនិយោគ​បង្ហាញ​ថា កូរ៉េ​ខាងត្បូង​មាន​គម្រោង​ថ្មី​ចំនួន​៥៨៣​ទៀត​ដែល​បាន​ចុះបញ្ជី​មូលធន​សរុប​២,៣​ប៊ី​លាន​ដុល្លារ និង​ពង្រីក​គម្រោង​ចំនួន​២៥៧ ក្នុងអំឡុងពេល​១០​ខែ ដោយ​បាន​ចុះបញ្ជី​មូលធន​ចំនួន​៣,៩​ប៊ី​លាន​ដុល្លារ ។ គម្រោង​ទាំងនោះ​ភាគច្រើន​ជា​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ ។

ម៉ា​ឡេ​ស៊ី ជា​វិនិយោគិន​ធំ​ជាងគេ​បំផុត​ទី​២ ដែល​បាន​វិនិយោគ​សរុប​ទាំងអស់​ចំនួន​២,៥​ប៊ី​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ជប៉ុន និង​ចក្រភព​អង់គ្លេស ដែល​មានការ​វិនិយោគ​សរុប​ចំនួន​១,៤៨​ប៊ី​លាន​ដុ​លា្ល​រ និង​១,២៧​ប៊ី​លាន​ដុល្លារ ។

កូរ៉េ​ខាងត្បូង​បាន​វិនិយោគ​នៅ​វៀតណាម​ចំនួន​១៦​វិស័យ ជា​ពិសេស វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ​និង​ផលិតកម្ម ដែល​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​៥,៦៣​ប៊ី​លាន​ដុល្លារ ឬ​ស្មើនឹង​៩០,៣% នៃ​ការ​ចុះបញ្ជី​មូលធន​ក្នុងអំឡុងពេល​នោះ ។

ឧស្សាហកម្ម​ផ្គត់ផ្គង់ និង​ផលិតកម្ម​គ្រឿង​អេ​ឡិច​ត្រូ​និក គឺជា​វិស័យ​ធំ​ជាងគេ​បំផុត​ទី​២ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​២០០​លាន​ដុល្លារ ស្មើនឹង​៣,២% នៃ​មូលធន​របស់​កូរ៉េ​ខាងត្បូង ។

សម្រាប់​ទីតាំង​វិញ ក្នុងអំឡុងពេល​១០​ខែ​ដំបូង ពួក​គេ​បាន​វិនិយោគ​នៅ​ខេត្ត​ចំនួន​៤១ របស់​វៀតណាម ។

ខេត្ត​ភាគ​ខាងជើង Bac Ninh ទាក់ទាញ​បាន​វិនិយោគិន​កូរ៉េ​ខាងត្បូង​ច្រើន​ជាងគេ​បំផុត ក្នុង​ទំហំ​ទឹកប្រាក់​៣,៣៣​ប៊ី​លាន​ដុល្លារ និង​តាម​ពីក្រោយ​ដោយ​ខេត្ត​ភាគ​ខាងត្បូង Dong Nai ចំនួន​៤០១,៩​លាន​ដុល្លារ និង​ភាគ​ខាងជើង Hai Phong ចំនួន​៣០៥,៧​លាន​ដុល្លារ ។

ទីភ្នាក់ងារ​វិនិយោគ​បរទេស​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ខែ​ដំបូង​នេះ វៀតណាម​ទាក់ទាញ​បាន​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​១៩,២៩​ប៊ី​លាន​ដុល្លារ ដែល​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​៤០,៨% ខណៈ​ថ្លៃ​ចំណាយ​កើនឡើង​១៦,៣% ឬ​ស្មើនឹង​១១,៨​ប៊ី​លាន​ដុល្លារ ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​បដិសេធ​សំណើ​របស់​ក្រុមហ៊ុន Samsung Electronics Viet Nam បន្ទាប់​ពី​ទាមទារ​ដើម្បី​សម្រួល ឬ​បន្ធូរ​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​គម្រោង​នានា ។ ក្រសួង​លើក​ឡើង​ថា សំណើ​របស់​ក្រុមហ៊ុន​មាន​ទាំង​ហួស​ក្របខ័ណ្ឌ​ច្បាប់​បច្ចុប្បន្ន ឬ​មិន​សម្រេចការ​ធ្វើ​និយ័ត​កម្ម​ត្រឹមត្រូវ​ទេ ។

ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​ដាក់​សំណើ​ដើម្បី​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ដែល​អាច​ទទួលយក​បាន​សម្រាប់​ការ​បន្ធូរ​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម​។ ជា​ពិសេស ក្រុមហ៊ុន​បាន​ស្នើ​នូវ​អត្រាពន្ធ​១០% ក្នុង​រយៈពេល​៣០​ឆ្នាំ ចំពោះ​គម្រោង​កំពុង​អនុវត្ត នា​ពេល​បច្ចុប្បន្ន ។

ម្យ៉ាងទៀត ក៏​បាន​ស្នើ​ឡើង​នូវ​ការ​កាត់​បន្ថយ​១០% ក្នុង​ការ​ចំណាយ​លើ​ពន្ធ​ប្រាក់​ចំណូល​សាជីវកម្ម​ក្នុងអំឡុងពេល​ប្រតិបត្តិការ​គម្រោង​វិនិយោគ​មួយ​ក្នុង​ខេត្ត Bac Ninh ក៏​ដូច​ជា​ការ​លើកលែង​ពន្ធ​៤​ឆ្នាំ និង​កាត់​បន្ថយ​៥០% ក្នុង​រយៈពេល​៩​ឆ្នាំ​បន្តបន្ទាប់ ។

ទោះជា​យ៉ាងណា ក្រសួង​លើក​ឡើង​ថា​គម្រោង​មួយ​ចំនួន​គួរ​លើក​ពិចារណា​អត្រាពន្ធ​អនុគ្រោះ​ពិសេស​ក្នុងអំឡុងពេល​នេះ ។ ពួក​គេ​ចាំបាច់​ត្រូវ​សម្រេច​នូវ​លក្ខខណ្ឌ​ត្រៀម​ជាក់លាក់​សិន ដូច​ជា ផលិតផល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ពិភពលោក ដែល​អាច​ទាញ​ចំណូល​បាន​ជាង​៨៩៤​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​រយៈពេល​៥​ឆ្នាំ ពេល​គម្រោង​ចាប់ផ្តើម​បង្កើត​ចំណូល និង​ប្រើប្រាស់​បរិមាណ​កម្មករ​អចិន្ត្រៃយ៍​ជា​មធ្យម​៦.០០០​នាក់ ។

នាយក​រដ្ឋមន្ត្រី​នឹង​ពិចារណា​លើ​គម្រោង​ដែល​អាច​ទទួលយក​បាន​លើ​ការ​សម្រួល​លើ​អត្រាពន្ធ​អនុគ្រោះ​ពិសេស​១០% ក្នុង​រយៈពេល​អតិបរមា​១៥​ឆ្នាំ ។

ក្រសួង​បង្ហាញ​ថា ការ​ធ្វើ​និយ័ត​កម្ម​បច្ចុប្បន្ន​មិន​បាន​រៀបរយ​ទៅ​លើ​អត្រាពន្ធ​អនុគ្រោះ​ពិសេស​១០% ដែល​ត្រូវ​ដាក់​ស្នើ​ក្នុងអំឡុងពេល​ប្រតិបត្តិ​គម្រោង​ទាំងស្រុង​ឡើយ ។ពាក់ព័ន្ធ​នឹង​សំណើ​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​ទទួល​បានការ​កាត់​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម​៥០% សម្រាប់​រយៈពេល​៣​ឆ្នាំ​ទៀត លោក Nguyen Quoc Hung អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពន្ធ​របស់​ក្រសួង ថ្លែង​ថា ៖ «​តាម​ឯកសារ​ដែល​បាន​បញ្ជូន​ទៅ​ក្រុមហ៊ុន Samsung ថា វា​ហួស​ក្របខ័ណ្ឌ​ច្បាប់​លើ​អត្រាពន្ធ​ប្រាក់​ចំណូល​សាជីវកម្ម​នា​ពេល​បច្ចុប្បន្ន ប្រសិនជា Samsung ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​បន្ធូរបន្ថយ​អត្រាពន្ធ​អនុគ្រោះ​ពិសេស​សម្រាប់​រយៈពេល​៣​ឆ្នាំ​ទៀត​» ៕