រកឃើញជនដៃដល់​ចាប់​នារី​រងគ្រោះ ដែល​បាត់​ខ្លួន​នៅ​ខេត្តបាត់ដំបង​​ហើយ​

Sanofi

ចុងក្រោយ មុខសញ្ញាដែលជា​ជនដៃដល់​ចាប់​នារី​ក្រមុំ​រូប​ស្រស់​ម្នាក់ដែល​កំពុង​អង្គុយ​លាង​សណ្តែក​នៅផ្ទះ​ក្បែរ​មាត់​ស្ទឹង នៅវេលា​ម៉ោង ​៩​ យប់ ​ថ្ងៃទី​ ១០ ​ខែ វិច្ឆិកា ​ឆ្នាំ ​២០១៥ នៅ​ចំណុច​ក្រុមទី​១៥ ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង ​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​នោះ ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួនបាន​ហើយ កាលពី​វេលា​ម៉ោង​ ៧​ ព្រឹក​ ថ្ងៃទី ​១២ ខែវិច្ឆិកា ឆ្នាំ ​២០១៥ នេះ ស្ថិត​នៅផ្ទះ​ជនសង្ស័យ​តែម្តង​។​

​តាម​ប្រភពពី​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ ចាន់ កុសល អាយុ​ ២៣ ​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង ​មាន​ប្រពន្ធ​ពោះធំ។ ជនសង្ស័យ​ដោយ​ដឹងខ្លួន​មុន​នោះ បាន​ព្យាយាម​ពួន​សំងំ​ក្នុង​ចម្ការ តែ​ត្រូវ​កម្លាំង​ប៉ូលិស​នាំគ្នា​ទៅ​ស្វែងរក​រហូត​ឃាត់ខ្លួន​បានតែ​ម្តង។ ចំណែកឯ​នារី​រងគ្រោះ ដែល​បាត់​ខ្លួន​ឈ្មោះ​ ឆាំ ស្រីរ័ត្ន អាយុ​ ១៨ ​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​ ១២ នៅ​សាលា​នេ​ត​យ៉ង់ នោះ ត្រូវ​បាន​រក​ឃើញ​សាក​សព​នៅ​ថ្ងៃ​ទី​ ១២​ ខែ​​វិ​ច្ឆិកា​ ឆ្នាំ​ ២០១៥​ ​វេ​លា​ម៉ោង​ ១០​ និង​​ ​៣០​​​ នាទី​ ព្រឺក​នេះ​​។​

​បើតាម​ការសារភាពរ​បស់​ជនសង្ស័យ​ជាបឋម​ថា រូបគេ​ពិតជា​បានធ្វើ​សកម្ម​ភាព​ចាប់​នារី​រងគ្រោះ​មែន ក្នុង​បំណង​ចាប់រំលោភ តែ​ត្រូវ​នាង​តដៃ និង បាន​យក​កន្ត្រៃ​មកចាក់​ចំពោះ​របស់ខ្លួន ។ ពេលនោះ ខ្លួន​ខឹង​ក៏​វាយដំ​នាង​រហូតដល់​ស​ន្ល​ប់ រួច​អូស​នាង​ទៅ​មាត់​ស្ទឹង​ដើម្បី​រំលោភ តែ​ឱកាស​មិន​អំណោយផល ​ជនសង្ស័យក៏​អូស​នាង​ដល់​កណ្តាលស្ទឹង​ទម្លាក់ចោល រួច​គេចខ្លួន​ទៅ។​ ចំណែកសពនារីរងគ្រោះបានផុសអណ្តែតកាលពីព្រឹកមិញនេះ។

ករណីនេះ​ត្រូវ​សមត្ថកិច្ច​អះអាងថា គឺជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន ហើយ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់ ៕ សុ ថា​ត់​

  

  

  


Related