ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (techno) ថ្ងៃទី១០ វិច្ឆិកា ២០១៥ បានអបអរសាទរ ចំពោះខួបពីរឆ្នាំ(១១ ខែវិច្ឆកា ឆ្នាំ២០១៣) នៃការទទួលជ័យជំនះ លើប្រទេសថៃ នៃសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងការបកស្រាយសាលក្រម ឆ្នាំ១៩៦២។
ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ
ប្រាសាទព្រះវិហារ នៅលើភ្នំដងរ៉ែក នៃប្រទេសកម្ពុជា។ (រូបថតឯកសារ)

ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងជាសាធារណៈថា រដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើការប្តេជ្ញាចិត្តការពារបូរណភាពទឹក ដោយមិនឲ្យមានការបាត់បង់ មួយចង្អាមណាឡើយ មិនថាផ្នែកណាមួយ ឬជ្រុងណាមួយ នៃប្រទេសកម្ពុជានោះទេ។

ថ្លែងនៅក្នុងពិធីអបអរសាទរ អបអរសាទរ ចំពោះខួបពីរឆ្នាំ (១១ ខែវិច្ឆកា ឆ្នាំ២០១៣) នៃការទទួលជ័យជំនះ លើប្រទេសថៃ នៃសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងការបកស្រាយសាលក្រម ឆ្នាំ១៩៦២ រៀបចំឡើង ដោយយុវជននៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (techno) ប្រមាណជាង៥០០នាក់នោះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា បានលើកយក នូវបទពិសោធន៍សំខាន់ៗមួយចំនួន ដែលទាក់ទងនឹងការតវ៉ាតាមផ្លូវច្បាប់ របស់កម្ពុជា ដើម្បីទាមទារ ការគ្រប់គ្រងប្រាសាទព្រះវិហារ ពីប្រទេសថៃមកវិញ។

លោករដ្ឋមន្ត្រីបានរំលឹកថា កម្ពុជាទទួលបានឯករាជ្យ ពីប្រទេសបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ។ នៅឆ្នាំ១៩៥៤ ថៃបានចូលមកកាន់កាន់ ប្រាសាទព្រះវិហារតែម្តង។ មកដល់ឆ្នាំ១៩៥៩ ខែតុលា ថ្ងៃទី៦ អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ក៏បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីបទពិសោធន៍ នៃយុទ្ធសាស្ត្រផ្លូវច្បាប់នានា ក្នុងការការពារប្រាសាទ និងតំបន់ប្រាសាទព្រះវិហារ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ តាមរយៈសាលក្រមឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិ និងដំណើរការតតាំងក្តី នៅតុលាការក្រុងឡាអេ កាលពីឆ្នាំ២០១៣កន្លងមកនេះ។

បឋកថាផ្នែកអង្គហេតុ លោក ហោ ណាំហុង ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើការរំលឹកថា៖ «តុលាការបានសំអាងថា ថៃបានទទួលយកផែនទីឧបសម្ព័ន្ធ១ មានន័យថាបាន ទទួលស្គាល់ខ្សែ​នៅលើផែនទីនោះ ថាជាខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ថៃពុំបានតវ៉ាឡើយ ហើយបានស្នើសុំ១៥ច្បាប់បន្ថែមទៀត។ (...) ក្នុងឱកាសទស្សនកិច្ ចនៅប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៣០ របស់ព្រះអង្គម្ចាស់ដាមរ៉ុង (Damrong) បារាំងបានទទួល នៅប្រាសាទព្រះវិហារ ដោយមានទង់ជាតិ របស់បារាំង។ អនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ បានបង្កើតគណៈកម្មការចំរុះមួយ ដើម្បីធ្វើការខណ្ឌសីមាព្រំដែន ហើយគណៈកម្មការនេះ បានគូសផែនទីឧបសម្ព័ន្ធ១ នៅឆ្នាំ១៩០៨។ តុលាការបដិសេធទឡ្ហីករណ៍ថៃ ដែលថាខ្សែព្រំដែន ដើរតាមខ្សែបែងចែកទឹក ដូចបានលើកឡើងក្នុងអនុសញ្ញាឆ្នាំ១៩០៤។»

ឯផ្នែកអង្គច្បាប់ លោក ណាំហុង បានពន្យល់ថា៖ «ប្រាសាទព្រះវិហារ ស្ថិតក្នុងទឹកដី ក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ប្រទេសថៃ មានកាតព្វកិច្ច ដកទ័ព ប៉ូលីស និងកំលាំងយាមល្បាតរបស់ខ្លួន ចេញពីប្រាសាទ និងតំបន់ជុំវិញប្រាសាទ ក្នុងទឹកដីកម្ពុជា។ ថៃមានកាតព្វកិច្ច ត្រូវប្រគល់វត្ថុទាំងអស់ មកឲ្យកម្ពុជាវិញ។»

តាមរយៈសាលក្រម របស់តុលាការយុត្តិធម៌អន្តរជាតិ ថ្ងៃ១៥ មិថុនា ១៩៦២ នេះ លោក ហោ ណាំហុង បានលើកឡើងថា ភាគីថៃ បានទទួលយល់ព្រមទទួលយក អង្គហេតុ និងអង្គច្បាប់ នៃសាលក្រមនេះ។ លោកថា បច្ចុប្បន្ននេះ ប្រាសាទព្រះវិហារ បានក្លាយជាសម្បត្តិ បេតិកភណ្ឌពិភពលោក​ហើយ។

ក្នុងកម្មវិធី «បទពិសោធន៍ នៃយុទ្ធសាស្រ្តផ្លូវច្បាប់ ដើម្បីការពារប្រាសាទ និងតំបន់ប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងរយៈពេលកន្លងមក» លោក ហោ ណាំហុង ចុងបញ្ចប់នៃបឋកថា លោកបានធ្វើការអះអាងថា៖ «ការបកស្រាយ នៅតុលាការយុត្តិធម៌ អន្តរជាតិ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្តេជ្ញាការពារបូរណភាពទឹកដី របស់កម្ពុជាទាំងខាងលិច ខាងកើត និងខាងជើង សូម្បីផ្ទៃដី៤,៦គម២ ក៏ចំណាយថវិកា និងពេលវេលា ទៅតវ៉ានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែរ។»

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

https://youtu.be/7E9eVPHa0VQ
https://youtu.be/YQcXPwwOtOc
https://youtu.be/tcgP-ZKDGHM