ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត នៅ​កម្ពុជា​ដូច​​នៅ​ភូមា…


អ្នកនយោបាយនៅកម្ពុជាមួយចំនួន បានលើកឡើងថា ការបោះឆ្នោត នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ជា​ឧទាហរណ៍​មួយ​យ៉ាង​ល្អ សម្រាប់​បរិបទ និង​ការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ។ ការឈ្នះ​ឆ្នោត​ភ្លូក​ទឹក ភ្លូក​ដី របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នឹងមានការផ្ទេរអំណាចមួយ ដោយសន្តិវិធី ពីគណបក្ស​កាន់​អំណាច ស្និត​នឹង​របប​យោធាភូមា។ នេះ​ជា​បទ​ពិសោធន៍​មួយ សម្រាប់​គណបក្ស​កាន់​អំណាច នៅ​កម្ពុជា យក​មក​អនុវត្តន៍​តាម​ដែរ។
ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត នៅ​កម្ពុជា​ដូច​​នៅ​ភូមា...

លោក សម រង្ស៊ី និងអ្នកស្រីអ៊ុងសាន ស៊ូជី នៅក្នុងជំនួបជាឯកជនមួយ ក្នុងរដ្ឋធានីរ៉ង់ហ្គូន ប្រទេសភូមា កាលពីអំឡុងខែមិនា ឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)

ចំពោះភាពជោគជ័យ នៃការបោះឆ្នោតរបស់គណបក្សប្រឆាំង នៅប្រទេសភូមានេះ លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំងនៅកម្ពុជា ក៏បានសរសេរសារមួយយ៉ាងខ្ លីក្នុងទំព័រហ្វេសប៊ូករបស់លោកថា ជ័យជំនះ នៃ​គណបក្ស​សម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៃប្រទេសភូមា ជាដំណឹងវិជ្ជមានមួយ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា។

កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ គណបក្សកាន់អំណាច នៃប្រទេសភូមា បានបង្ហាញ និង​ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជាសាកល ជាលើកដំបូង ក្នុងរយៈកាលជាង២៥ឆ្នាំមកនេះ។ លោក ហតៃ អូ (Htay Oo) ប្រធានស្ដីទីគណបក្សកាន់អំណាច នៃប្រទេសភូមា តាមរយៈទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា៖ «យើងចាញ់ហើយ។ ការរាប់សន្លឹកឆ្នោត គឺកំពុងបន្ដនៅឡើយ ហើយលទ្ធផលជាផ្លូវការ ក៏មិនទាន់​ប្រកាស​ដែរ។ ប៉ុន្ដែបើតាមលទ្ធផលបណ្ណោះអាសន្ន បានឲ្យដឹងថា គណបក្សអ្នកស្រី អ៊ុងសាន ស៊ូជី បាន​នាំ​មុខ ក្នុងការបោះឆ្នោតនេះហើយ។»

លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងដែរថា ការ​បោះឆ្នោត ភាពជោគជ័យ និងការទទួលស្គាល់ការបរាជ័យ របស់បក្សកាន់អំណាចបែបយោធា នៃ​ប្រទេស​ភូមានេះ នឹងធ្វើឲ្យប្រជារាស្រ្តខ្មែរយកជាគំរូ សម្រាប់ការបោះឆ្នោត នៅកម្ពុជាក្នុងឆ្នាំ២០១៨ ខាងមុខ។ លោក​បាន​បញ្ជាក់ទៀតថា ការផ្លាស់ប្តូរនៅភូមា ជា«សញ្ញាវិជ្ជមាន» នៃការផ្លាស់ប្តូរនៅកម្ពុជា នាឆ្នាំ២០១៨។

តំណាងរាស្រ្តគណបក្សប្រឆាំង បានសរសេរ​នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖ «ប្រជាពលរដ្ឋកម្ពុជា នឹង​ស្អប់ខ្ពើម អ្នកគម្រាមថា មានសង្រ្គាម ដូចប្រជាពលរដ្ឋភូមាដែរ រួចប្តូរអ្នកគម្រាមបង្កសង្គ្រាម នោះចេញ។ គម្រាម​មានសង្រ្គាមកាន់ច្រើនដង ចាញ់ឆ្នោតកាន់តែឆាប់ មើលឧទាហរណ៏ នៅភូមាជាគំរូស្រាប់។ NLD ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី ២០១៥ CNRP នឹងឈ្នះភ្លូកទឹកភ្លូកដី ឆ្នាំ២០១៨។ ពេលនោះ ខ្មែរនឹងចេញផុត ពីឥទ្ធិពល​យួន​នៅកម្ពុជា ក្តីស្រមៃរបស់ ហូជីមិញ នឹងរលាយសាបសូន្យ។ ជោគជ័យនៃការផ្លាស់ប្តូរនៅភូមា ជា​ជោគ​ជ័យ​នៃការផ្លាស់ប្តូរនៅកម្ពុជា។ របបយោធានិយម និងរបបផ្តាច់ការ ប្រជាជនតែងតែស្អប់ខ្ពើម និងផ្លាស់​ប្តូរ​ចេញ។ សង្ឃឹមថា ឆ្នាំ២០១៨ មេដឹកនាំខ្មែរ ហ៊ានទទួលស្គាល់ការពិតថា ខ្លួនចាញ់ឆ្នោត និងមិនបង្កសង្រ្គាម ដោយគិតពីសេចក្តីសុខ របស់រាស្រ្តជាធំ ជាជាងអំណាចខ្លួនឯង តម្កល់ជាតិជាធំ ដូចមេដឹកនាំភូមា។»

លោក សំអាន បានស្រង់សម្តីអ្នកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ណូបែល សន្តិភាព (ឆ្នាំ១៩៩១) ដែល​ជា​មេដឹកនាំគណបក្សប្រឆាំង នៅភូមា មកបញ្ជាក់ថា៖ «១សន្លឹក(ឆ្នោត)ប្រហារជិវិតរបបផ្តាច់ការ។ (...) កុំទុក​ឲ្យ​ភាព​ភ័យខ្លាច រារាំងអ្នក។»

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋថា ក៏បានលើកឡើងថា បើការបោះឆ្នោតនៅន្រទេសភូមា ហើយគណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ឈ្នះឆ្នោត នោះពិតជាគំរូល្អមួយ សម្រាប់ប្រទេសកម្ពុជា។ ព្រោះ​គណបក្ស ដែលទទួលបានការគាំទ្រច្រើន ពីប្រជាពលរដ្ ឋពិតជាទទួលបាននូវយុត្តិធម៌ ដោយសេរី បើ​ទោះបីរដ្ឋាភិបាលយោធា ជាអ្នកក្តោបក្តាប់អំណាច និងបើទោះជាមេដឹកនាំយោធាថ្មីៗនេះ បានគម្រាមថា «បើ​ខ្លួនចាញ់ នឹងមានសង្គ្រាម ដូចលោក ហ៊ុន សែន គម្រាមនៅកម្ពុជា» ក៏ដោយ។

ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងការបោះឆ្នោត នៅភូមានោះ ពិតជាសំខាន់ណាស់ សម្រាប់​ជា​បទពិសោធន៍ថ្មីមួយ នៃការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខនេះ។ លោកលើកឡើងទៀតថា៖ «តែបើ​ចាញ់​អត់សង្គ្រាមវិញ វារឹតតែជាគំរូល្អមួយ សម្រាប់ការផ្លាស់ប្តូរ សម្រាប់ឲ្យអ្នកនយោបាយខ្មែរ ពិសេស​គណបក្ស​កាន់អំណាចនេះ ត្រូវទទួលស្គាល់ការពិត។ (...) ដូចលោក ហ៊ុន សែន លោកឡើងថា បើលេង​កុំ​ខឹង បើ​ខឹង​កុំលេង។»

អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក សារទរចំពោះ​ការ​បោះឆ្នោត នៅប្រទេសភូមា ក្នុងឆ្នាំ២០១៥ និងការបោះឆ្នោត នៅប្រទេសថៃ ក្នុងឆ្នាំ២០១៦ ជាឧទាហរណ៍​មួយសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មី ក្រោយការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ តាម​រយៈការប្រគល់អំណាច ដោយសន្តិវិធី។

លោក កែម ឡី បានសរសេរថា៖ «ករណីរបបយោធាភូមា ទទួលលទ្ធផលបោះឆ្នោត២០១៥នេះ និងប្រទេស​ថៃ​រៀបចំ​បោះឆ្នោតជាថ្មី នៅឆ្នាំ២០១៦ កម្ពុជាអាចមានការផ្លាស់ប្តូរ មុខមាត់ថ្មី ដែលមេដឹកនាំ “ពិបាកបំផុត” ក្នុងការប្រើប្រាស់ សារនយោបាយគំរាមពលរដ្ឋខ្មែរ ពីរឿងសង្គ្រាម និងចៀសមិនផុត ពីការរៀបចំ​យន្តការ​ផ្ទេរ​អំណាច ដោយសន្តិវិធី នៅថ្នាក់មូលដ្ឋាន នៅឆ្នាំ២០១៧ និងថ្នាក់ជាតិនៅ២០១៨។ (...) នយោបាយនៅភូមា និងថៃ ជាកត្តាស្លាប់រស់ នៃនយោបាយខ្មែរ។ (...) មេដឹកនាំដែលឆ្លាត ជាមេដឹកនាំដែលចុះចេញពីអំណាច ពេល​ដែលខ្លួនមានអំណាចបំផុត និងមានប្រជាប្រិយភាពបំផុត។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោកផៃ ស៊ីផាន នា​រសៀលនេះបានទេ ដោយពុំអាចភ្ជាប់ទំនាក់ទំនងបាន។ គេមិនបានឃើញរដ្ឋាភិបាលកម្ពុជា ប្រតិកម្ម​អ្វី​ជា​ផ្លូវ​ការ ទៅនឹងការឈ្នះឆ្នោត របស់គណបក្សប្រឆាំងនៅប្រទេសភូមាឡើយ។ ទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល មិន​ឃើញ​មានការលើកឡើងអ្វី ជុំវិញការទទួលស្គាល់ ពីភាពបរាជ័យ របស់គណបក្សកាន់អំណាច ស្និតនឹងមេ​ដឹក​នាំ​យោធា នៅក្នុងការបោះឆ្នោតសកល នៅប្រទេសភូមាននោះឡើយ។ គណបក្សកាន់អំណាចភូមា ដែល​ធ្លាប់​ជាមិត្ត របស់គណបក្សប្រជាជនកម្ពុជា ហើយដែលធ្លាប់​ត្រូវបានលោក ហ៊ុន សែន រំលឹក​យកមកថ្លែង ជា​ញយ​ដង៕


» ទស្សនាបន្ថែម នូវការបកស្រាយរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ៖