ឃាត់​រថយន្ត​ដឹកប្រេងសាំង​៦.០០០​លី​ត្រ​​​ សង្ស័យ​គ្មាន​លិខិត​ស្នាម

ខេត្តស្ទឹងត្រែង ​៖ រថយន្ត​ផ្ទុក​ប្រេងសាំង​ចំណុះ​៦.០០០​លី​ត្រ​មួយ​គ្រឿង​ត្រូវ​បាន​ជំនាញ​គយ​ និង​រដ្ឋាក​ខេត្តស្ទឹងត្រែង​​​ឃាត់​យក​មក​សាខា​ទីចាត់ការ​គយ ​និង​រដ្ឋាករ​ ក្រោយ​សង្ស័យ​ថាដឹកជញ្ជូន​នាំ​ចូល​ខេត្ត​ចែកចាយ​តាម​ស្ថា​នី​យឥន្ធនៈ​ក្នុង​ក្រុង​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ រថយន្ត​ផ្ទុក​ប្រេងសាំង​នោះ​បាន​នាំ​ប្រេង​មក​ពី​ខេត្តរតនគិរី​គោលបំណង​មក​ចែកចាយ​តាម​ស្ថា​នី​យប្រេងឥន្ធនៈ​នៅ​ក្នុង​ស្ទឹង​ត្រែង ហើយ​ទំនងជា​គេចពន្ធ​ទើបត្រូវ​ជំនាញ​គយ​ និង​រដ្ឋាក​រធ្វើការ​ឃាត់​រក​លិខិត​ស្នាម ជាក់ស្តែង​រថយន្ត​ផ្ទុក​ប្រេងសាំង​នោះ​ពុំ​មាន​លិខិត​ស្នាម​ឡើយ ។

មន្ត្រី​សាខា​ទីចាត់ការ​គយ​ និង​រដ្ឋាករបាន​បញ្ជាក់​ថា ​រថយន្ត​ផ្ទុក​ប្រេងសាំង​ខាងលើ​ត្រូវបាន​ឃាត់​នៅ​ក្បែ​រផ្លូវជាតិ​លេខ​៩ ​ផ្លូវ​​ចូល​ក្រុង​ស្ទឹង​ត្រែង​ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល ​សង្កាត់ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​១០​ វិច្ឆិកា​ ២០១៥​។​

មន្ត្រី​ដដែល​បន្ត​ថា ​រថយន្ត​ដឹក​ប្រេងសាំង​នោះ​មាន​ចំណុះ​៦.០០០​លី​ត្រ បាន​ដឹក​ចេញពី​ខេត្តរតនគិរី​មក​កាន់​ខេត្តស្ទឹងត្រែង​ដើម្បី​ចែកចាយ​បន្ត​ទៅ​ឲ្យ​ស្ថា​នី​យប្រេងឥន្ធនៈ​នៅ​ក្នុង​ក្រុង ទើប​ជំនាញ​ឃាត់​សាកសួរ​រក​លិខិត​ស្នាម​ដឹក​ជ​ញ្ចូ​ន​នាំ​ចូល​មិន​ច្បាស់លាស់​នាំ​មក​កាន់​សាខា​ទីចាត់ការ​គយ ​និង​រដ្ឋាករតែ​ម្តង ហើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១២ វិច្ឆិកា​ ២០១៥​នេះ​នៅ​ពុំ​ទាន់​មាន​អ្នកតំណាង​ក្រុមហ៊ុន​នាំ​ចូល​ប្រេងសាំង យក​លិខិត​នាំ​ចូល​មក​បំភ្លឺ​នៅឡើយ​ដែរ​។

ប្រភព​ព័ត៌មាន​មួយទៀត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​រថយន្ត​ខាងលើ​មានការ​តាមដាន​ពី​ក្រុមហ៊ុន​ប្រេង​មួយ​ដែល​គេ​ដឹង​ថា​ មានការ​ម៉ៅ​ការ​ផ្តាច់មុខ​ ដោយ​មិន​អាច​មាន​ក្រុមហ៊ុន​ប្រេង​ដទៃ​នាំ​ចូល​ខេត្ត​បាន​ឡើយ ហើយ​បើ​នាំ​ចូល​បាន​លុះត្រា​បង់​ក្បាលកាក់​ភាគរយ​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ទើប​នាំ​ចូល​បាន និង​ដោយសារ​តែ​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ដទៃ​ជ្រៀតជ្រែក​ទីផ្សារ​របស់​ពួក​គេ​ទើប​មានការ​តាមដាន​រហូត​ឈាន​ទៅ​ដល់​ការ​ប្តឹង​ទៅ​សាខា​ទីចាត់ការ​គយ​និងរដ្ឋាក​ឃាត់​ចាប់​តែ​ម្តង​។

បច្ចុប្បន្ន​រថយន្ត​ផ្ទុក​ប្រេងសាំង​ខាងលើ​កំពុង​រក្សា​ទុក​នៅ​សាខា​ទីចាត់ការ​គយ​ និងរ​ដ្ឋាករខេត្តស្ទឹងត្រែង ​រង់ចាំ​អ្នកតំណាង​ក្រុមហ៊ុន​ចូល​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​