អតីត​និស្សិត​ឆ្នើម​ធ្លាប់​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​គ្រោង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៣​វិច្ឆិកា​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អូស្ត្រាលី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ពិធី​ជួបជុំ​របស់​អតីត​និស្សិត​ដែល​ធ្លាប់​រៀន​នៅ​ប្រទេស​អូស្ត្រាលី​មាន​រួម ធុរជន មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល បញ្ញា​វ័​ន្ត និង​ថ្នាក់ដឹកនាំ​សង្គម​ស៊ី​វិល នឹង​ជួបជុំ​គ្នា​នៅ​ឯ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ ។ ពិធី​នេះ​រៀបចំ​ដោយ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា រួម​ជាមួយ​សមាគម​អតីត​និស្សិត​មក​ពី​ប្រទេស​អូស្ត្រាលី (AAA-C) ។

ស្ថានទូត​អូ​ស្រា​លី បាន​លើក​ឡើង​ថា ពិធី​ជួបជុំ​នេះ​នឹង​ផ្តល់​ឱកាស​ដល់​អតីត​និស្សិត​កម្ពុជា​មក​ពី​ប្រទេស​អូស្ត្រាលី​ទាំងអស់​ចែករំលែក​អនុស្សាវរីយ៍ អបអរសាទរ​សមិទ្ធិ​ផល​របស់​ខ្លួន រំលឹក​មិត្តភាព​ចាស់​ៗ ព្រមទាំង​កសាង​ទំនាក់ទំនង​ថ្មី​ៗ​ជាមួយ​បុគ្គលឆ្នើម​នានា​ដែល​ជោគជ័យ​ក្នុង​អាជីព​នៅ​កម្ពុជា ។

លោកស្រី អា​លី​សុ​ន ប៊ើ​រ៉ូ (Allison Burrows) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ត្រូវ​បាន​ដកស្រង់​ថា កម្មវិធី​នេះ​គឺជា​ឱកាស​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម​របស់​អតីត​និស្សិត​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ទាំងអស់​ក្នុង​ការ​ចូលរួម​ចំណែក​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ។ នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​នេះ​ផង​ដែរ AAA-C នឹង​ប្រគល់​រង្វាន់​ជូន​អតីត​និស្សិត​ឆ្នើម​កម្ពុជា ដែល​បាន​បញ្ចា​ប់​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​មួយ​រូប​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ។

លោកស្រី​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​បាន​លើក​ឡើង​ថា អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​បាន​ក្លាយ​ទៅ​ទៅ​ជា​មន្ត្រី ឯកអគ្គរដ្ឋទូត មន្ត្រីជាន់ខ្ពស់ ប្រធាន​ក្រុមហ៊ុន ព្រឹទ្ធបុរស​រង ប្រចាំ​សកល​វិទ្យាល័យ និង​អ្នកដឹកនាំ​នៅ​តាម​សហគមន៍​នានា ។ លោកស្រី​បាន​បញ្ជាក់​ថា លោកស្រី​មាន​មោទនភាព​ឃើញ​ការ​ចូលរួម​របស់​អួ​ស្ត្រា​លី​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​តាម​រយៈ​ការ​បណ្តុះបណ្តាល​និស្សិត​ឆ្នើម​មក​ពី​គ្រប់​ខេត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ស្ថានទូត​អូស្ត្រាលី​បាន​លើក​ឡើង​ថា តាំងពី​ចាប់ផ្តើម​អាហារូបករណ៍​អូស្ត្រាលី​នៅ​ឆ្នាំ​១៩៩៤​មក​ដល់​ពេល​នេះ​មាន​និស្សិត​ឆ្នើម​កម្ពុជា​ជាង​៦០០​នាក់​បាន​ទទួល​អាហារូបករណ៍​នេះ​ទៅ​រៀន​នៅ​ប្រទេស​អូស្ត្រាលី ។ ក្រៅពី​នេះ​ក៏​បាន​សិស្ស​និស្សិត​កម្ពុជា​ផ្សេង​ទៀត​ដែល​មាន​ចំនួន​ច្រើន​ជាង​នេះ​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ជា​លក្ខណៈ​ឯកជន ឬ​តាម​រយៈ​អា​រូបករណ៍​ដទៃ​ទៀត ។
ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ជា​របត់​ថ្មី​មួយ​នៃ​ការ​ផ្លាស់​ប្តូរជីវិត​សិក្សា​របស់​និស្សិត​កម្ពុជា ។ ចំនួន​នៃ​និស្សិត​ដែល​បាន​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​បាន​កើនឡើង​ពី​៥០០​នាក់​ក្នុង​១​ឆ្នាំ​ក្នុង​ឆ្នាំ​២០០២ ដល់​ប្រមាណ​ជាង​២០០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៤ ៕