បណ្តា​ក្រុមហ៊ុន​សិង្ហ​បុរី​នៅ​តែ​រក្សា​ការ​ចាប់អារម្មណ៍​លើ​ការ​ផ្លាស់​ប្តូរ​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន

ប្រទេស​សិង្ហ​បុរី ៖ បណ្តា​ក្រុមហ៊ុន និង​សមាគម​នានា​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី មាន​ក្តី​រំពឹង​ថា មី​យ៉ា​ន់​ម៉ា​នឹង​បន្ត​ក្លាយជា​ទិស​ដៅ​ទាក់ទាញ​វិនិយោគិន​មួយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​បាន​ធ្វើ​ឲ្យ​មាន​រូបរាង​នូវ​ទិដ្ឋភាព​នយោបាយ​ថ្មី​របស់​ប្រទេស​នេះ ។ 

បក្ស​កាន់​អំណាច​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ព្រម​ទទួលយក​នូវ​ការ​បរាជ័យ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ប្រជាជាតិ​មួយ​នេះ​បាន​រៀបចំ​បោះ​ឆ្នោត​ដោយ​សេរី​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​២៥​ឆ្នាំ​នេះ​កាលពី​ថ្ងៃអាទិត្យ ស្រប​ពេល​ដែល​គណៈបក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi ។

ប្រធាន​សមាគម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​លោក Kurt Wee បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​មិន​រំពឹង​ថា នឹង​មាន​ភាព​ងាយ​នឹង​ប្រែប្រួល​ច្រើន​ឡើយ ។ បច្ចុប្បន្ន​វា​គឺ​មាន​ភាព​ខុស​គ្នា​បំផុត​ធៀប​នឹង​កាលពី​ពេល​មុន នៅ​ពេល​ដែល​អ្វី​ៗ​គួរតែ​មានការ​ផ្លាស់​ប្តូរ »​។

កាលពី​ឆ្នាំ​១៩៩០ លោកស្រី ស៊ូ​ជី និង​សម្ព័ន្ធមិត្ត​របស់​លោកស្រី​បាន​ឈ្នះ​ឆ្នោត ប៉ុន្តែ​លទ្ធផល​បែរជា​ត្រូវ​បាន​ផ្តួលរ​លំដោយ​របប​យោធា​ទៅ​វិញ ។

ចំណែក​លោក Chia Kim Huat អនុប្រធាន​សភាពាណិជ្ជកម្ម​ចិន​សិង្ហ​បុរី និង​គណៈកម្មការ​ទំនាក់ទំនង​ក្រៅប្រទេស​ផ្នែក​ឧស្សាហកម្ម​បាន​បញ្ជាក់​ថា អ្នកជំនួញ​គឺជា​អ្នក​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​នយោបាយ​ដ៏​មាន​សារសំខាន់ ហេតុ​ដូច្នេះ​សភាពាណិជ្ជកម្ម នឹង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​នៅ​ពេល​ក្រោយ ។

ម្យ៉ាងទៀត យើង​រំពឹង​ថា រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​កែទម្រង់សេដ្ឋកិច្ច និង​ស្វាគមន៍​ការ​វិនិយោគ​បរទេស​ចូល​មី​យ៉ា​ន់​ម៉ា​ជា​មិន​ខាន ។

រីឯ​សេដ្ឋវិទូ​របស់ CIMB Private Bank លោក Song Seng Wun បាន​ថ្លែង​ថា រាល់​ការ​ឃ្លាំមើល​ទាំងឡាយ​នឹង​ផ្តោត​លើ​ថា​តើ​មី​យ៉ា​ន់​ម៉ា​នឹង​មានដំណើរ​ការ​រលូន​នៃ​ស្ពាន​នយោបាយ​នេះ​ឬ​យ៉ាងណា ។ ប្រសិនជា​អ្វី​ៗ​ប្រសើរ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត គឺ​ពុំ​មាន​ហេតុផល​អ្វី​ដែល​មី​យ៉ា​ន់​ម៉ា​នឹង​មិន​ក្លាយជា​ទិស​ដៅ​វិនិយោគ​នៃ​ជម្រើស​មួយ​សម្រាប់​បណ្តា​ក្រុមហ៊ុន​របស់​សិង្ហ​បុរី​នោះ​ឡើយ ។

លោក​បាន​កត់​សម្គាល់ថា មី​យ៉ា​ន់​ម៉ា​ជា​ប្រទេស​ក្នុង​ចំណោម​អត្រាកំណើន​លឿន​ជាងគេ​បំផុត​ក្នុង​តំបន់ ។ យោង​តាម​អង្គការ​មូលនិធិ​រូបិយប័ណ្ណ​បរទេស (IMF) សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​បាន​កើនឡើង​ក្នុង​រង្វង់​៨%​ក្នុង​មួយ​ឆ្នាំ​ៗ​ធៀប​នឹង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ហើយនឹង​កើនឡើង​៨,៥%​ក្នុង​ឆ្នាំ​២០១៥​នេះ​ផង​ដែរ ។

ប្រសិនជា​នៅ​តែ​មាន​ស្ថិរភាព នឹង​មាន​កាលានុវត្តភាព​នៃ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដូច​យ៉ាង​ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​លោក Song ។

ចំណែក​លោក Chia​បាន​សង្កេត​ឃើញ​ថា មាន​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​ត្រឡប់​មក​កាន់​គម្រោង​វិនិយោគ​របស់​ពួក​គេ​វិញ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នេះ ។

ពួក​វិនិយោគិន​ទាំងនោះ​ចង់​ដឹង​ថា នរណា​នឹង​មក​កាន់​តំណែង​ជា​រដ្ឋាភិបាល​ក្រោយ ហើយ​ប្រសិនជា​របប​គ្រប់គ្រង​ថ្មី​នោះ​វា​នឹង​បន្ត​នូវ​គោលនយោបាយ​សេរី​នី​យ​កម្ម​នៃ​សេដ្ឋកិច្ច​មុន​នឹង​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​បណ្តាក់ទុន​រកស៊ី​នៅ​ទី​នេះ ។

មួយវិញទៀត វា​គឺជា​រឿង​សំខាន់​សម្រាប់​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​ម្ចាស់​ភាគហ៊ុន​ទាំងអស់​ដើម្បី​ផ្តល់​នូវ​ភាព​កក់ក្តៅ ស្ថិរភាព និង​នាំ​មក​នូវ​បរិយាកាស​ល្អ​ក្នុង​ការ​ប្រកប​ជំនួញ ។

ដោយឡែក​លោក Melvyn Pun ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Yoma Strategic Holdings ដែល​បាន​ចុះបញ្ជី​នៅ​សិង្ហ​បុរី​គឺ​កាន់តែ​មាន​សុទិដ្ឋិនិយម​ថែម​ទៀត ។
លោក​ថា ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ជា​សញ្ញា​នៃ​ការ​បង្ហាញ​ពី​គោលដៅ​ផ្សេង​ៗ​នៅ​ក្នុង​ដំណើរការ​កែទម្រង់​ដែល​កំពុង​តែ​កើត​មាន​របស់​មី​យ៉ា​ន់​ម៉ា ហើយ​លោក​មានការ​ជឿជាក់​ថា រដ្ឋាភិបាល​ក្រោយ​នឹង​ធ្វើ​ឲ្យ​កាន់តែ​រីក​ចំរើន​ថែម​ទៀត ពោល​គឺ​យើង​មាន​សុទិដ្ឋិនិយម​អំពី​ថ្ងៃ​អនាគត​នៅ​មី​យ៉ា​ន់​ម៉ា ៕