ដួង ហ្សូ​រី​ដា ឆេះដុំ​ជាមួយ​បុរស​ចំណាស់​ម្នាក់​តាម​ញ៉ែ​នាង​ក្នុង​ហ្វេ​ស​ប៊ុ​ក

Sanofi

ព្រោះ​តែមាន​បុរស​វ័យ​ចំណាស់​ម្នាក់ តែងតែ​រំខាន​ជីវិត​ផ្ទាល់ខ្លួន និង ​ប្រើពាក្យ​មិន​សមរម្យ​លើ​រូបនាងតាមរយៈ​បណ្តាញ​ទាក់ទង​សង្គម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នាពេល​កន្លងទៅ ថ្មីៗ​នេះ​ទើប​ធ្វើ​ឲ្យ​ពិធី​ការិនី​ដួងហ្សូ​រី​ដា បានប្រកាស​ព្រមាន​ជា​សាធារណៈ​ថា នឹង​ ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ បុរស​ម្នាក់​នោះ​។​ ដួង ហ្សូ​រី​ដា បានធ្វើការ​ព្រមាន​ចំពោះ​បុរស​ម្នាក់​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Bro yuth» ដោយ​នាង​អះអាងថា​បុរស​នោះ​មាន​វ័យ​ចំណាស់​បន្តិច និង ជា​មន្ត្រី​យោធា ។ បុរស​នោះ​តែងតែ​ផ្ញើ​សារ​ទៅ​ហ្សូ​រី​ដា ដោយ​ប្រើពាក្យ «​អូន បង​» ថែម​ទៀតផង ។​​ការប្រើ​ពាក្យ​បែប​នោះ​ធ្វើឱ្យ​ពិធី​ការិនី​នាង​ដួង ហ្សូ​រី​ដា ខឹងច្រឡោត និង​ព្រមាន​ចាត់ការ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​មិន​ព្រម​ឈប់​ធ្វើ​បែប​នោះទេ បន្ទាប់ពី​ព្យាយាម​ឱ្យគេ​បញ្ឈប់​សកម្មភាព​បែប​នោះ ម្តង​ជា​ពីរដង​រួចមកហើយ​តែ​គេ​មិន​ព្រម​ឈប់ ។​

​ដួង ហ្សូ​រី​ដា បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឆ្លើយតប​ទៅកាន់​បុរស​ម្នាក់​នោះ​មានន័យថា «​សូម​ប្រកាស និង​ជំរាបជូន​ដល់​ហ្វែ​ន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា បើ​ឃើញ​រូប​បុរស​ម្នាក់នេះ «Bro Yuth / Vi Chey / Kiry Buphata» Add ឬ Comment សូម​ប្រុងប្រយ័ត្ន ព្រោះ​ពូ​ម្នាក់នេះ​ប្រហែលជា​កើតរោគ​ចិត្ត ចូលចិត្ត​សរសេរ​មមើមមាយ​ម្នាក់ឯង និង​រំខាន​ដល់​គ្រប់ Account ឲ្យ​តែមាន​ឈ្មោះ​ដួង ហ្សូ​រី​ដា ឬ Duong Zorida បើទោះជា​យើង Block គាត់​អស់​ជាច្រើន Account ហើយ​ក្តី តែ​គាត់​នៅតែ​បន្ត​បង្កើតជា​ឈ្មោះ ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​លេង​ជាមួយ​នាង​ខ្ញុំ ។​

​កន្លងមក​យើង​ក៏​ធ្លាប់​សំណូមពរ​ឱ្យ​គាត់​ឈប់​ធ្វើអំពើ​បែប​ហ្នឹង ប៉ុន្តែ​គាត់​នៅតែ​បន្ត​អំពើ​រោគ​ចិត្ត​នេះ ហើយ​Call មក​ទូរស័ព្ទ​នៅ​ហាង​កាត់ដេរ មករក​ហ្សូ​រី​ដា​ទៀត ។ នេះ​ជាការ​ព្រមាន​លើក​ទី​ ២ តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​បើ​ពូ​នៅតែ​មិន​បញ្ឈប់​ការ Chat Inbox និយាយ​នូវ​ពាក្យ​មិន​គប្បី​មួយចំនួន​ប្រើ​ភាសា​ដូចជា​ហ្សូ​រី​ដា គឺជា​ប្រពន្ធ ជា​សង្សារ​របស់ខ្លួន ពូ​នឹងត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់ ហើយ​ឈប់​យក​រូបថត​ខ្ញុំ​ទៅ​បង្កើត Account Facebook ដទៃទៀត ដើម្បី Chat ជាមួយ​អ្នកនេះ​អ្នកនោះ​» ។​

ដួង ហ្សូ​រី​ដា បាន​អំពាវនាវ​ថា «​បើ​អ្នកណា​ស្គាល់​ក្រុមគ្រួសារ ប្រពន្ធ​កូនចៅ​ពូ​ម្នាក់នេះ បម្រើការ​ក្នុង​ជួរ​កង​ទ័ព​ខាង​ខេត្តកំពង់ស្ពឺ សូមជួយ​ប្រាប់​គាត់​ឲ្យ​ប្រៀនប្រដៅ និង​ អូសទាញ​ពូ​ម្នាក់នេះ​ផង គាត់​ចាស់​ហើយ ធ្វើ​ចរិត​ថ្លៃថ្នូរ​បន្តិច​ទៅ ក្នុងនាម​ជា ​អ្នកការពារ​ទឹកដី​ជូន​ជាតិ កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់​ទាហាន​ដទៃទៀត ។ ខ្ញុំ​ដឹងថា ការ​បង្ហោះ​របស់ខ្ញុំ​អាច​នឹង​ជះឥទ្ធិពល​ដល់​ការបាត់បង់​ការងារ ឬក៏​ទទួលរង​ការ​អាម៉ាស់​ខ្លាំង សម្រាប់​គាត់ និង ​ក្រុមគ្រួសារ​គាត់ ប៉ុន្តែ​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ​ធ្លាប់​ចរចា និង ​សុំ​ឲ្យ​គាត់​បញ្ឈប់​ជាច្រើន​ដង​ហើយ ប៉ុន្តែ​គាត់​នៅតែ​ព្យាយាម​ផ្គើន ហើយ​នៅតែ​បន្តសកម្មភាព​ដដែល អំពើ​នេះ​វា​ជះឥទ្ធិពល​អាក្រក់ និង​ប៉ះពាល់​កិត្តិយស ក្នុងនាម​ខ្ញុំ​ជា​សិល្បការិនី និង​ជា​ស្ត្រី​ខ្មែរ​មួយរូប​ក្នុងសង្គម​អាច​ឲ្យ​យល់​ច្រ​លំដោយ​ប្រការ ផ្សេងៗ​» ។​

គួររំលឹកថា​បញ្ហា​បែបនេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​ពិធី​ការិនី​នាង ដួង ហ្សូ​រី​ដា ពោលគឺ កន្លងមក​ក៏​ធ្លាប់មាន​នារី​ម្នាក់​តាម​រំខាន​នាង ដែរ ដោយ​កាលនោះ​នាង​បានចាត់ទុក​នារី​ម្នាក់​នោះ​ថា​គឺជា​អ្នកគាំទ្រ​យ៉ាង​ងប់ងុល ហើយ​ទំនងជា​នារី​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ។ ទោះជា​យ៉ាងណា ក្តី​បញ្ហា​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​ហ្សូ​រី​ដា​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដូចគ្នានេះ​។​ ​គេ​ចាំបាន​ថា​កន្លងទៅ​ដួង ហ្សូ​រី​ដា ធ្លាប់​បង្ហើប​ពី​រឿង​នាង​មាន​គូ​ស្នេ​ហ៏​ដែល​ត្រៀមខ្លួន​ដឹក​ដៃ​គ្នា ចូល​រោងការ​នៅពេលដែល​នាង​ធ្វើ​ផ្ទះ​រួច​តែ​រហូតមក​ដល់ពេលនេះ​កញ្ញា​ដួង ហ្សូ​រី​ដា នៅ​មិនទាន់​បង្ហាញ មុខ​គូស្នេហ៍ និង​ចូល​រោងការ​ដូច​តារា​ឯទៀត​នៅឡើយ បើទោះបីជា​ពេលនេះ​នាង​មាន​អាយុ​កាន់តែច្រើន​ហើយ​ក្តី​៕ ដេវីត​

​   

  

   

Related