ក្រុមសហជីព មិនពេញចិត្ត ចំពោះគណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងច្បាប់ សហជីពថ្ងៃស្អែក

ភ្នំពេញ៖ ក្រុមសហជីព ដែលមាននិន្នាការទៅរក ខាងកម្មករនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានសម្តែងការមិនពេញចិត្តរបស់ពួកគេ ក្រោយពេលមន្រ្តីជាន់ខ្ពស់ប្រកាសថា ច្បាប់សហជីព នឹងត្រូវអនុម័ត នៅថ្ងៃសុក្រទី១៣ វិច្ឆិកា ស្អែកនេះ ខណៈសេចក្តីព្រាងច្បាប់មួយនេះ កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស់។

កិច្ចប្រជុំស្អែកនេះ នឹងធ្វើឡើងក្រោមអធិភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ មួយនេះ ដែលស្ថិតក្នុងភាពប្រទាញប្រទង់គ្នា រវាងក្រុមសហជីព និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា បន្ទាប់ពីបានជួបប្រជុំគ្នា រវាងភាគីពាក់ព័ន្ធ ជាច្រើនលើកច្រើនសា លើចំណុចខ្វែងគំនិតគ្នា។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបរិយាថា ការអនុម័តនូវច្បាប់សហជីពលឿនពេក ពិតជាធ្វើឲ្យប៉ះពាល់ ទៅដល់ដំណើរការរបស់សហជីព និងសិទ្ធិសេរីភាពនៅកម្ពុជាជាក់ជាមិនខាន។

លោកបញ្ជាក់ថា “សេចក្តីព្រាងមួយនេះ គួរគប្បីជជែកជាមួយគ្នាឡើងវិញ ជាមួយអង្គការពាក់ព័ន្ធ ស្ថាប័នដែលពាក់ព័ន្ធ នឹងវិស័យការងារឲ្យគេបានពិនិត្យទាំងអស់គ្នា មុនឈានបញ្ជូនទៅគណៈរដ្ឋមន្រ្តី ដើម្បីអនុម័តបញ្ជូនទៅរដ្ឋសភាបន្ត។ យើងខ្ញុំនៅតែទទូច ឲ្យមានការជជែកឡើងវិញម្តងទៀត”។

លោកថា ក្រុមសហជីពបានស្នើឲ្យមានការកែប្រែនូវ ៤២ចំណុច ក្នុងចំណោមសេចក្តីព្រាងទាំងមូល ហើយការប្រជុំ លើកចុងក្រោយនេះ បានកែប្រែខ្លឹមសារតិចមែនទែន ដែលធ្វើឲ្យសហជីពនិងកម្មករពិបាកក្នុងការទទួលយក។

ចំណែក លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពវិញ បានថ្លែងថា គណៈរដ្ឋមន្រ្តីអនុម័តសេចក្តីព្រាងច្បាប់នេះ ឆាប់រហ័ស ព្រោះមតិយោបល់ ដែលក្រុមសហជីព បានលើកឡើងមិនទាន់មានការឆ្លើយតបមកវិញ។ លោកយល់ថា ការអនុម័តសេចក្តីព្រាងច្បាប់ នៅថ្ងៃទី១៣វិច្ឆិកា មិនទាន់ដល់ពេលវេលាសមរម្យ ដែលត្រូវរៀបចំឡើយ។

លោកបញ្ជាក់ថា “ពួកយើងខ្ញុំ មិនទាន់បានពិនិត្យទៅលើការកែប្រែ នូវចំណុចចុងក្រោយនេះទេ ដែលចំណុចនេះហើយ បានធ្វើឲ្យយើងព្រួយបារម្ភ ព្រោះយើងឃើញថា រាល់មាត្រាមួយចំនួន ដែលបានពង្រាងចុងក្រោយ វាធ្វើឲ្យប៉ះពាល់ខ្លាំង និងមានសម្ពាធមកលើសហជីព និងកម្មករដែលធ្វើការលើវិស័យកាត់ដេរ និងផលិតស្បែកជើង”។ លោកថា មានមាត្រាខ្លះ មិនបានលើកកម្ពស់សហជីពទេ តែជាឧបសគ្គសម្រាប់សហជីព ដែលកំពុងស្វែងរកផលប្រយោជន៍ឲ្យកម្មករទៅវិញ។

សូមបញ្ជាក់ថា ច្បាប់សហជីពមាន១៧ជំពូក និង៩១មាត្រា។ សហជីពបានលើកឡើងថា ពួកគេដែលបានស្នើសុំកែ តម្រូវត្រង់មាត្រាមួយ បានចែងថា បើអង្គការវិជ្ជាជីវៈធ្វើអ្វីខុសពីគោលការណ៍ ដែលបានកំណត់ អាជ្ញាធរសាធារណៈមានសិទ្ធិរំលាយដោយខ្លួនឯង ប៉ុន្តែក្នុងអនុសញ្ញាអន្តរជាតិលេខ៨៧ បានចែងអាជ្ញាធរសាធារណៈ មិនមានសិទ្ធិរំលាយអង្គការវិជ្ជាជីវៈបានទេ បានន័យថា ច្បាប់នេះ បង្កើតឡើងផ្ទុយពីអនុសញ្ញាអន្តរជាតិហើយ៕

ក្រុមសហជីព មិនពេញចិត្ត ចំពោះគណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងច្បាប់ សហជីពថ្ងៃស្អែក

ក្រុមសហជីព មិនពេញចិត្ត ចំពោះគណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងច្បាប់ សហជីពថ្ងៃស្អែក