រដ្ឋសភា​នឹង​អនុម័ត​លើ​ថវិកា​ជាតិ​ឆ្នាំ​២០១៦​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

រដ្ឋសភា នឹង​អនុម័ត​លើ​ថវិកា​ជាតិ​ឆ្នាំ​២០១៦ នៅ​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​អន្តរ​គណៈកម្មការ​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ឲ្យ​ដឹង​ថា មុន​នឹង​ដាក់​ឲ្យ​សភា​អនុម័ត ក្រសួង​នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​ជជែក​លើ​រឿង​នេះ។

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ឬ​ហៅ​ថា គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា លោក ជាម យៀប ឲ្យ​ដឹង​ថា គណៈកម្មការ​របស់​លោក​បាន​រៀបចំ​រួច​រាល់​អស់​ហើយ ទាក់ទង​នឹង​ថវិកា​ជាតិ​ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ការ​ចូលរួម​ផ្តល់​គំនិត​ពី​ភាគី​ពាក់ព័ន្ធ តាម​រយៈ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​នា​ពេល​កន្លង​មក។ លោក​បន្ត​ទៀត​ថា ថវិកា​នេះ​នឹង​បាន​បន្ថែម​លើ​បៀវត្សរ៍​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០១៦ ខាង​មុខ៖ «យើង​ខ្ញុំ​នឹង​ខិតខំ​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ទទួល​បាន​ជោគជ័យ​ក្នុង​ប្រតិបត្តិការ​ថវិកា​រវាង​ប្រភព​ចំណូល និង​ការ​ចំណាយ​របស់​ជាតិ​យើង​នៅ​ពេល​ខាង​មុខ»

នៅ​ឆ្នាំ​២០១៦ ថវិកា​ជាតិ​ដែល​ត្រូវ​ចំណាយ​មាន​ទឹក​ប្រាក់​ប្រមាណ ៤.២៧៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ច្រើន​ជាង​ឆ្នាំ​២១០៥ ប្រមាណ​ជា ២​ដង ដើម្បី​បម្រើ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ផ្ដោត​លើ​វិស័យ​សង្គមកិច្ច។ គណបក្ស​ជំទាស់​វិញ​រិះគន់​ថា ការ​ដំឡើង​ថវិកា​ជាតិ​នេះ នឹង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើយ ថ្វី​បើ​ចំនួន​ថវិកា​ជាតិ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ដំឡើង​យ៉ាង​ណា​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។