ចាប់​មុខសញ្ញា​ចោរប្លន់ ២​នាក់ ដកហូត​កាំភ្លើងខ្លី​១​ដើម​

ភ្នំពេញ: កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ​ចុះមក​សហការ​ជាមួយ​កម្លាំងនគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១ ចុះបង្ក្រាប​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​២​នាក់ និងដកហូត​អាវុធខ្លី​១​ដើម​ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នៅក្នុង​ទឹកដី​ខណ្ឌចំការមនកាលពី​ថ្ងៃទី​៦ ហើយ​រត់គេចខ្លួន​បាន​៥​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។​

​ករណី​ឃាត់ខ្លួន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​២​នាក់​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលាម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះ​លេខ២៧E៣​ភូមិ​ផ្លូវ​លេខ​១១៨​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​២​នាក់​ប្លន់​ប្រដាប់អាវុធ​នេះ​ទី​១​ឈ្មោះ​ជា សុវណ្ណ ភេទ​ប្រុ​ដ​អាយុ​២៩​ឆ្នាំ ទី​២ឈ្មោះ​សុខ ចាន់ វ៉ែន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ និង​ដកហូត​វត្ថុតាង​ជាក់ស្តែង​មានកាំភ្លើងខ្លី ម៉ាក​រ៉ូឡូ​៤​អ៊ិ​ញ លេខ​១៩៣៦៤៦ ព្រមទាំង​គ្រាប់​ចំនួន​៥​គ្រាប់​ផងដែរ ។​

​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន ដែល​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះបន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ​ប្រជាពលរដ្ឋនៅក្នុងទឹកដី​ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី​០៦​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៥បានសម្រេច​ហើយ ព្យាយាម​រត់គេចខ្លួន​បាត់​រហូត ។​

​ប្រភព​ដ​ដែរ បាន​បន្តទៀតថា បន្ទាប់ពី​ជនសង្ស័យ​រត់គេចខ្លួន​បាត់​បាន​ប៉ុន្មាន​ថ្ងៃនោះកម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​១១​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះដឹង​ច្បាស់​ថា ក្រុមចោរប្លន់​ទាំងនោះ​កំពុងតែ​ពួន​ស​ង្ងំ​លាក់ខ្លួន​នៅផ្ទះ​លេខ​២៧E៣ភូមិ​ផ្លូវ​លេខ​១១៨​សង្កាត់​ផ្សារ​ថ្មី​១​ខណ្ឌដូនពេញ​ទើប​កម្លាំង​ចុះមក​សហការជាមួយ​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​ផ្សារ​ថ្មី​១ ចុះបង្ក្រាប​ជាក់ស្តែង​ដោយ​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​កាំភ្លើងខ្លី​មួយ​ដេ​ី​ម ម៉ាក​រ៉ូឡូ​មាន៥​គ្រាប់​ដើម្បី​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ​ចាត់ការតាម​នីតិវិធី ។​

​គួរបញ្ជាក់​ផងដែរ​ថា នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​និង​ធ្វើ​ស​ន្និ​សិទ្ធ​កាសែត​ពាក់ព័ន្ធ​និង​ករណី​ប្លន់នេះដែរ ៕​

ចាប់​មុខសញ្ញា​ចោរប្លន់ ២​នាក់ ដកហូត​កាំភ្លើងខ្លី​១​ដើម​