កម្ពុជា​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ លើក​ទី​៦ ​ខណៈពេល​អត្រា​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល ថយចុះ​

ខេត្តកំពត: ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រសួង​អភិវឌ្ឍន៍ជនបទ រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍ អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ លើក​ទី​៦ ក្រោម​ប្រធានបទ “​អនាម័យ គឺជា​ទំនួល​ខុសត្រូវ​របស់​យើងទាំងអស់គ្នា​” ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​សម្រេច​បានក​ន្ល​ង​មក ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម នៅ​ថ្ងៃទី​១២​វិច្ឆិកា​នេះ បង្ហាញថា កន្លងមក ប្រទេស​កម្ពុជា​បានសម្រេច​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​ក្នុងការ​កាត់បន្ថយ​ចំនួន​ពលរដ្ឋ​បន្ទោ​របង់ ពាសវាល​ពាសកាល​។ ក្នុង​ឆ្នាំ​១៩៩០ មាន​ពលរដ្ឋ​កម្ពុជា ៨៩​ភាគរយ ពុំបាន​ប្រើប្រាស់​បង្គន់ ហើយ​មក​ត្រឹម​ឆ្នាំ​២០១៥ អត្រា​នេះ បាន​ថយ​ចុះមក​ត្រឹម ៤៧​ភាគរយ​ប៉ុណ្ណោះ​។ វឌ្ឍនភាព​នេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​ទី​៣ ទទួលបាន​ជោគជ័យ​ជាងគេ ក្នុង​ពិភពលោក ក្នុងការ​កាត់បន្ថយ​អត្រា​ពលរដ្ឋ បន្ទោ​របង់​ពាសវាល​ពាសកាល នៅក្នុង​រយៈពេល​ជាង ២​ទស្សវត្សរ៍​ចុងក្រោយ​នេះ​។ ជោគជ័យ​នេះ ត្រូវបាន​ចុះផ្សាយ​ក្នុង​របាយការណ៍​កម្មវិធី​ពិនិត្យ​តាមដាន​រួមគ្នា​លើ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​របស់​អង្គការ​យូ​នី​សេ​ហ្វ និង​អង្គការ​សុខភាព​ពិភពលោក នា​ដើម​ឆ្នាំនេះ​។​

​សេចក្តីប្រកាស បាន​លើកឡើងថា លទ្ធផល​នេះ មាន​សារៈសំខាន់ ព្រោះ​វា​ជួយ​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ជាពិសេស​សុខភាព​កុមារ​។ ភស្តុតាង​កាន់តែច្រើន​បាន​បង្ហាញថា អនាម័យ គឺជា​កត្តា​កំណត់​យ៉ាងសំខាន់​ទៅលើ​ស្ថានភាព​អាហារូបត្ថម្ភ​កុមារ ជាពិសេស​ទាក់ទង​នឹង​ជំងឺ​ក្រិន​។  ជំងឺ​ក្រិន បាន​ថយចុះ​ក្នុងចំណោម​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ក្នុងប្រទេស​កម្ពុជា ពី ៤០ ភាគរយ នៅ​ឆ្នាំ​២០១០ មក​នៅ ៣២ ភាគរយ ក្នុង​ឆ្នាំ​២០១៤​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា ទោះជា​ដូច្នេះ​ក្តី ជំងឺ​ក្រិន​នៅតែ​កើតមាន​លើ​កុមារ​កម្ពុជា​ម្នាក់ ក្នុងចំណោម​កុមារ​បីនាក់​នៅ​ទ្បើ​យ​។ អត្រា​កុមារ​ក្រិន ក៏ដូចជា​ពលរដ្ឋ​កំពុង​រស់នៅ​ដោយ​កង្វះ​អនាម័យ នៅមានកម្រិត​ខ្ពស់​នៅ​ទ្បើ​យ​នៅក្នុង​ប្រទេស​កម្ពុជា​បើ​ធៀប​នឹង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​។​

​ថ្លែង​ក្នុង​ទិវា​នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អំពាវនាវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង និង​ការគាំទ្រ​បន្ថែមទៀត​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់​។

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ក្រសួង​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល សាធារណជន ព្រមទាំង​វិស័យ​ឯកជន ចាំបាច់​ត្រូវធ្វើ​ការងារ​រួមគ្នា ដើម្បី​ពង្រឹង​ធនធានមនុស្ស ការគ្រប់គ្រង តួនាទី និង​ការទទួលខុសត្រូវ​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ បង្កើត​បរិយាកាស​សម​ស្រប សម្រាប់​វិស័យ​ឯកជន ពង្រឹង​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ បង្កើត​ជម្រើស​បច្ចេកវិទ្យា​សមស្រប​មានតម្លៃ​ថោក និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រួសារ​ក្រីក្រ​”​។​

​សេចក្តីប្រកាស បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុងធ្វើការ​ងារ ដើម្បី​លើកកម្ពស់​អនាម័យ​ជនបទ ដូចដែល​ត្រូវ​បានដាក់​ជា​អាទិភាព​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ការផ្គត់ផ្គង់​ទឹកស្អាត និង​លើ​កម្ពស់​អនាម័យ​ជនបទ ក្នុង​គោលបំណង​ផ្តល់​សេវា​ទឹកស្អាត និង​អនាម័យ​ដល់​ប្រជាជន​ទាំងអស់ ដែល​រស់​នៅតាម​សហគមន៍​ជនបទ នៅ​ឆ្នាំ​២០២៥​។​

​នាយិកា​រង​អង្គការ​យូ​នី​សេ​ហ្វ ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី ណា​តាស​ឆា ផា​ឌី​សុន បាន​អំពាវនាវ​ក្នុងនាម​ដៃគូ​អភិវឌ្ឍន៍ ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​បង្កើន​ការវិនិយោគ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​របស់​ប្រទេស ក្នុងការ​ផ្តល់នូវ​សេវា​អនាម័យ​ប្រជាពលរដ្ឋ​ទទួលបាន​គ្រប់ៗ​គ្នា​នៅ​ឆ្នាំ​២០២៥​។​

​លោកស្រី ណា​តាស​ឆា ផា​ឌី​សុន បាន​មានប្រសាសន៍ថា “​បញ្ហា​អនាម័យ ត្រូវតែ​ជា​អាទិភាព​របស់​ផែនការ​វិនិយោគ​ខេត្ត ស្រុក និង​ឃុំ​។ មាតាបិតា​និង​សមាជិក​សហគមន៍ ចាំបាច់​ត្រូវ​វិនិយោគ​លើ​ការកែលម្អ​អនាម័យ​នៅតាម​ផ្ទះ​និង​សហគមន៍​របស់ខ្លួន ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​គ្រួសារ និង​អ្នកជិតខាង​ផងដែរ​។ អ្នក​គ្រប់គ្នា​សុទ្ធ​តែមាន​តួនាទី​ត្រូវបំពេញ ដើម្បី​លើកកម្ពស់​អនាម័យ​”​។​

​សេចក្តីប្រកាស លើកឡើងថា ក្រោម​កិច្ច​គាំទ្រ​ពី​អង្គការ SNV ស្រុក​បន្ទាយមាស ខេត្តកំពត បាន​ក្លាយជា​ស្រុក​ជោគជ័យ​គំរូ ដោយ​ឃុំ​ជាច្រើន​របស់​ស្រុក បាន​លប់បំបាត់​នូវ​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​។ ជោគជ័យ​នេះ ត្រូវបាន​ទទួល​នូវ​ការកោតសរសើរ​ពី​អង្គពិធី​ទាំងមូល​ថា​ជា​គំរូ​ដ៏​ល្អ ដែល​គួរ​យកទៅ​អនុវត្តតាម​នៅ​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​។ កាលពី ៤​ឆ្នាំមុន មាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បន្ទាយមាស​តែ ១៦​ភាគរយ​ប៉ុណ្ណោះ ប្រើប្រាស់​បង្គន់​។ បច្ចុប្បន្ននេះ អត្រា​ប្រើប្រាស់​បង្គន់​បាន​កើនឡើង​រហូតដល់ ៩៥​ភាគរយ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន ៨​ម៉ឺន​នាក់ កំពុង​រស់នៅ​តាម​បណ្តា​ឃុំ ដែល​ត្រូវបាន​ប្រកាសថា លែង​មានការ​បន្ទោ​រប​ង់​ពាសវាល​ពាសកាល​។​

​សេចក្តីប្រកាស បន្តថា នៅ​ចុងឆ្នាំ​២០១៤ យុទ្ធនាការ “400 Days Countdown” ត្រូវបាន​រៀបចំ​ទ្បើង ដើម្បី​កំណត់​រយៈពេល ៤០០ ថ្ងៃ​បន្ថែមទៀត ដែល​ស្រុក​បន្ទាយមាស អាច​សម្រេចបាន ជា​ស្រុក​គ្មាន​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​ទី​១ ក្នុងប្រទេស​កម្ពុជា នៅ​ដំណាច់ឆ្នាំ​២០១៥​។ ជា​លទ្ធផល មាន​ឃុំ​ចំនួន​១១ ដែលមាន ៦៧​ភូមិ នៅក្នុង​ស្រុក​បន្ទាយមាស បានប្រកាសថា គ្មាន​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល ហើយ​ស្រុក​នេះ ក៏​កំពុង​ស្ថិតនៅក្នុង​ដំណើរ​ការល្អ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​នៅ​ទូទាំង​ស្រុក​ផងដែរ​។​

​លោក អេ​រិ​ក វ៉ាន់ វេ​វើ​រិ​ន នាយក​អង្គការ SNV ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​មេរៀន​បាន​ពី​ភាពជោគជ័យ​របស់​ស្រុក​បន្ទាយមាស គឺ​បាន​បង្រៀន​យើង​ឲ្យ​ប្រាកដ​កាន់តែច្បាស់​ថា យើង​ត្រូវការ​ចាំបាច់​នូវ​វិធីសាស្ត្រ​រួមបញ្ចូល​គ្នា ដើម្បី​សម្រេចបាន​នូវ​អនាម័យ​ជនបទ​សម្រាប់​គ្រប់គ្នា​ដោយមាន​ភាពជា​អ្នកដឹកនាំ​ពី​សំណាក់​អាជ្ញាធរ​ស្រុក ឃុំ និង​ភូមិ ដែលជា​កត្តាចាំបាច់​ទាក់ទាញ​នូវ​ការ​បេ្ត​ជ្ញា​ចិត្ត និង​កិច្ច​ខំប្រឹងប្រែង​ពី​សំណាក់​សហគមន៍ ដើម្បី​ក្លាយជា និង​បន្ត​ជា​តំបន់​គ្មាន​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​។ ដោយ​គាំទ្រ​នៅ​កម្រិត​ថ្នាក់ស្រុក និង​ប្រើ​យុទ្ធសាស្ត្រ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ជាជាង​ផ្តោតទៅលើ​ភូមិ​ឬ​ឃុំ​មួយ នោះ​លទ្ធផល ដែល​ទទួលបាន​អាចបង្កើត​នូវ​ឱកាស​រីកចម្រើន​បន្ថែម​ទៀត និង​ទទួលបាន​នូវ​អត្ថប្រយោជន៍​រយៈពេល​វែង​ពី​ការវិនិយោគ​ផងដែរ​"​។    

​ក្រសួង​អភិវឌ្ឍន៍ជនបទ នឹង​បន្តធ្វើ​ការងារ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រួមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​តាក់តែង​និង​អនុវត្ត​គោលនយោបាយ​ជាតិ សំដៅ​ធានាថា​ប្រជាពលរដ្ឋ​ទទួលបាន​ទឹកស្អាត​និង​អនាម័យ បង្កើន​ការផ្គត់ផ្គង់​ទឹក​តាម​គ្រួសារ​និង​សាលារៀន និង​លើកកម្ពស់​ការអនុវត្ត​អនាម័យ​តាម​សហគមន៍ ដោយ​គិតគូរ​ពី​ពលរដ្ឋ​ក្រីក្រ​ជាងគេ និង​អ្នក​ដែល​ពិបាក​ទទួលបាន​សេវា​ផ្គត់ផ្គង់​ហើយ កំពុង​ត្រូវការ​ចាំបាច់​បំផុត​ផងដែរ​៕​