ចោរ​លួច​បាន​រថយន្ត​៦គ្រឿង យក​ទៅ​លាក់​ទុក​​លក់​នៅ​ខេត្ត​ក្រចេះ

ខេត្តក្រចេះ​ ៖ ក្នុង​ប្រតិបត្តិការ​ដែល​បាន​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុករបស់​កងកម្លាំង​នគរបាល​​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ក្រោមការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត នគរបាល​បង្ក្រាប​បាន​រថយន្ត​​ស៊េរី​ទំនើប​ចំនួន៦​គ្រឿង ​មាន​​ម៉ាក​កាមរីឆ្លាម ​កាមរីបាឡែន និង​កូរ៉ូឡា និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់​ ជា​មុខសញ្ញា​ពាក់​ព័​ន្ឋ​នឹង​អំពើ​ចោរកម្ម​លួច​រថយន្ត ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​ក្រចេះ​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​។

ប្រ​តិ​បត្តិការ​ដ៏​ក្តៅ​គគុក​​ដែល​ធ្វើ​ឡើង​ដោយ​កងកម្លាំង​នគរ​ខេត្តក្រចេះ ​សហការ​ជាមួយ​នគរបាល​ខេត្តកណ្តាល ​​​លើ​បេសកកម្ម​បង្ក្រាប​ករណី​ចោរលួច​​រថយន្ត​​ផ្អើលពេញ​ក្រុង​ក្រចេះ​ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ។ នគរបាល​ប្រមូល​បាន​រថយន្ត​ស៊េរី​ទំនើប​​ចំនួន​៦​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២​នាក់ ជា​បន្តបន្ទាប់​ ។

​​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី បាន​​ឲ្យ​ដឹង​ថា រថយន្ត​​ទាំង​​៦​គ្រឿង ដែល​បាន​បង្ក្រាប គឺ​សុ​ទ្ឋ​សឹង​ជា​រថយន្ត​ដែល​ជន​ទាំង​២នាក់​​ ​និងបក្សពួក​បាន​ធ្វើសកម្មភាព​លួច​ពី​ខេត្ត​កណ្តាល ​និង​រាជធានី​ភ្នំពេញ ​យក​មក​លក់​បន្ត​នៅ​ខេត្តក្រចេះ​ ។

​​ជនសង្ស័យ​ទាំង​២​នាក់​ នេះ​ ​​ម្នាក់​ ​ឈ្មោះ ​អ៊ុ​ន អ៊ី​យ៉ូ​រ៉ា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​អូរ​ឫ​ស្សី ក្រុង​ក្រចេះ និង​ម្នាក់​ទៀត​ ឈ្មោះ អោ​ល វ​ណ្ឌី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់បាន​ឆ្លើយ​សារភាពថា ​កន្លង​មក​ពួក​គេ ​និង​បក្សពួក​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ចំនួន​រាប់​សិប​គ្រឿងពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ​យកមក​លក់​បន្ត​នៅ​តាម​បណ្តារ​ខេត្ត​ផ្សេង​ៗ​ ។

បន្ទាប់​ពី​មានការ​ចាប់​​​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​បក្សពួក​ម្នាក់​ទៀត ​ដែលត្រូវ​បាន​ចាប់​បង្ក្រាប​បាន​នៅ​រាជធានី​ភ្នំពេញ រួម​ទាំង​រថយន្ត​ដែល​បង្ក្រាប​បាន​​ទាំង​៦​គ្រឿង ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​​ឲ្យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដើម្បី​​ចាត់ចែង​តាម​នី​តិ​វិធី​បន្ត​ ។

លោក​​ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​អំពាវនាវ​ដល់​​​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើលួច​រថយន្ត សូម​ទៅ​ពិនិត្យ​លើ​ភិនភាគ​រថយន្តរបស់​ខ្លួន​ដែល​​​រក្សា​ទុក​​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ៕​