​សម្ភោ​ធអាគារ​សិក្សា​១​ខ្នង​ និងអណ្តូងស្នប់៣៣​អណ្តូងជា​អំណោយ​សប្បុរស​ជន​មក​ពី​ជប៉ុន​

ខេត្តសៀមរាប ​៖ អគារ​សិក្សា​១​ខ្នង មាន​៣​បន្ទប់ ធ្វើ​អំពី​ថ្មប្រក់​ក្បឿង ត្រូវ​បាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ និងអណ្តូងស្នប់​ចំនួន​៣៣ ត្រូវ​បាន​ប្រគល់​ជូន​ពលរដ្ឋ​២​ស្រុក គឺ​ស្រុក​ក្រឡាញ់​ និង​ស្រុក​ពួក កាលពី​រសៀល​ថ្ងៃ​ទី​១១ ​វិច្ឆិកា​ ២០១៥ ​ក្រោម​អធិបតី​ភាព លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ​។

អាគារ​សិក្សា​១​ខ្នង និង​អណ្តូងស្នប់​ចំនួន​៣៣​អណ្តូង​នេះ គឺជា​អំណោយ​របស់លោក តូ​ម៉ូ​យ៉ា តា​ហ្ស៊ី​រ៉ូ និង​ប្រតិភូ​សមាគម​ជប៉ុន ហ្គោ​ជី​កៃ ដែល​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លា​រ។

លោក អូ​តានី តំណាង​ឲ្យ​ម្ចាស់​អំណោយ​បាន​និយាយ​ថា សមាគម​ហ្គោ​ជី​កៃ​មាន​ទឹកចិត្ត​ស្រឡាញ់​ប្រជាជន​ខ្មែរ​ និង​ប្រទេស​កម្ពុជា​។ ​លោក​បាន​នាំ​សមាជិកសមាគម​ជប៉ុន មក​ទស្សនា​អង្គរវត្ត ​ខេត្តសៀមរាប​ជា​ញឹកញាប់​ និង​បាន​ជួយ​សាងសង់​សាលារៀន និងកសាង​អណ្តូងទឹក​ស្អាតជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តាម​បណ្តា​សហគមន៍​ជា​ច្រើន​មក​ហើយ​ផង​ដែរ​។​

លោក​បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ ​និង​មាន​មោទនភាព​ក្រៃ​លែង​ដែល​បាន​មក​ឃើញ​សមិទ្ធផល​ទាំងនោះ​ត្រូវ​បាន​ប្រជាជន ​និង​កុមារ​កម្ពុជា​បាន​ប្រើប្រាស់​។​ លោក​បាន​បង្ហាញ​នូវ​អំណរ​ដឹងគុណ​ចំពោះ​លោក​តំណាងរាស្ត្រ សៀង ណាំ ដែល​បាន​ជួយ​សម្របសម្រួល ចាត់ចែងនាំ​យក​សមិទ្ធផល​ទាំងនេះបាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជាដោយ​ផ្ទាល់ ។

ក្នុង​ឱកាស​នេះ​ដែរ លោក​ឧកញ៉ា សៀង ណាំ បាន​ឲ្យ​ដឹង​ថា អាគារ​សិក្សា​មួយ​ខ្នង​ដែល​កំពុង​បើក​សម្ពោធ​នា​រសៀល​ថ្ងៃ​ទី​១១ ​វិច្ឆិកា​នេះ គឺជា​អាគារ​សិក្សា​ទី​៤​ហើយ ដែល​សមាគមហ្គោ​ជិ​កៃ បាន​កសាង​ជូន​ប្រជា​សហគមន៍​ជនបទ​ក្នុង​ខេត្តសៀមរាប ជាមួយ​​​អណ្តូងទឹក​ស្នប់ ចំនួន​៣០៩​អណ្តូងផង​ដែរ​៕
      ​