ប៉ូលិស​ចិន​ចាប់​ភ្លុក​ដំរី​រត់ពន្ធ​600​គីឡូក្រាម

យោង​តាម​ស៊ី​ន​ហួ​ថា ប៉ូលិស​ខេត្ត JIANGXI ភាគ​ខាងកើត​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ថា បាន​ចាប់​រឹបអូស​ភ្លុក​ដំរី​ខុសច្បាប់ និង​ផលិតផល​ពី​ភ្លុក​ដំរី​សរុប​ជាង​៦០០​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រមាណ​ជា​២២​លាន​យន់ (៣,៥​លាន​ដុល្លារ​) បន្ទាប់​ពី​យុទ្ធនាការ​មួយ​ដែល​បើក​ធ្វើ​រយៈពេល​មួយ​ឆ្នាំ ។

កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៤ របស់របរ​សិប្បកម្ម​ចំនួន​២២​មុខ​មាន​ទម្ងន់​ជាង​១៣​គីឡូក្រាម​ត្រូវ​បាន​រក​ឃើញ​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​ស្រុក LICHUAN ក្រុង FUZHOU ខេត្ត JIANGXI ។ ផលិតផល​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មជ្ឈមណ្ឌល​វាយតម្លៃ​មួយ ហើយ​ត្រូវ​បញ្ជាក់​ថា របស់របរ​ទាំងនេះ​ផលិត​ពី​ភ្លុក​ដំរី ។ ជនសង្ស័យ​ដែល​ចាប់ខ្លួន​នៅ​នឹង​កន្លែង​សារភាព​ថា ត្រូវ​បញ្ជូន​ទៅ​កាន់​ខេត្ត FUJIAN ភាគ​ខាងកើត​ប្រទេស ។ ម្យ៉ាងទៀត ប៉ូលិស​បាន​ចាប់ខ្លួន​ម្ចាស់​រោងចក្រ​កែ​ច្នៃ​ភ្លុក​ដំរី​មួយ​នៅ​ខេត្ត FUJIAN ហើយ​ចាប់​រឹបអូស​ភ្លុក​ដំរី ឬ​ផលិតផល​ពី​ភ្លុក​ដំរី​ទម្ងន់​ជាង​៥០០​គីឡូក្រាម ក្នុង​រោងចក្រ​នេះ ។

ប្រទេស​ចិន​បាន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​ការ​រត់ពន្ធ​ដោយ​ខុសច្បាប់​បណ្តា​សត្វព្រៃ ។ មនុស្ស​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ខុសច្បាប់​នូវ​ភ្លុក​ដំរី​អាច​មានទោស​ជាប់គុក​ពី​៦​ខែ​ដល់​អស់​មួយ​ជីវិត ៕