សាកសព​នាង​ក្រមុំ​បាត់​ខ្លួន បាន​ផុសហើយ

សាកសព​នាង​ក្រមុំ​បាត់​ខ្លួន បាន​ផុសហើយ

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ទៀត​ថា គិតត្រឹម​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០១៥ នេះ ​សាក​សព​នារីរងគ្រោះ​ដែលបាត់​ខ្លួន ​ដោយត្រូវជនសង្ស័យប៉ងរំលោភ រួច​វាយទម្លាក់​ទឹកស្ទឹង​នោះ​ ត្រូវក្រុមគ្រួសារ​ប្រទះ​ឃើញ​ហើយ​​​​នៅ​ចំណុច​ស្ទឹងសង្កែត្រើយ​ខាងលិច ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​១គីឡូម៉ែត្រ​ ស្ថិត​​ក្នុងភូមិ​ព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុង​​បាត់​​ដំបង ។

ប្រភព​បាន​ឱ្យ​ដឹងថា បន្ទាប់​ពី​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ​កាលពី​​ព្រឹក​ថ្ងៃ​ដដែល នេះ និង​ស្តាប់​ពី​ចម្លើយ​សារភាព​ជាក់​លាក់​​​​រួចមក បាន​សន្និ​ដ្ឋាន​ថា នារី​រង​គ្រោះ​អាច​ស្លាប់​នៅ​ក្នុង​ទឹកស្ទឹង​សង្កែ​​ហើយ ទើប​​កម្លាំង​សមត្ថកិច្ច​​ស្រុក​សង្កែ​, កម្លាំង​ក្រុង​បាត់​ដំបង​, កម្លាំង​ស្រុក​ឯក​ភ្នំ និង​កម្លាំង​ស្នងការ​ខេត្ត រួម​ទាំង​សាច់ញាតិ​នារី​រង​គ្រោះ បាន​ចេញ​ស្វែងរក​សាកសព​​នាងឆាំ ស្រីរ័ត្ន តាម​ដងស្ទឹង​សង្កែ ដោយ​ខ្លះ​ជិះ​កាណូត ខ្លះ​ស្វែងរក​លើគោក​តាម​មាត់​ស្ទឹង ​។

សូមបញ្ជាក់ថាមុខសញ្ញា​ដែល​ជា​ជន​ដៃដល់​ចាប់​នារី​ក្រមុំ​រូប​ស្រស់​ម្នាក់ ដែល​កំពុង​អង្គុយ​លាង​សណ្តែក​នៅផ្ទះ​ក្បែរ​មាត់​ស្ទឹង​ត្រូវ​កម្លាំង​ប៉ូលិស ​ចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅផ្ទះ​ជនសង្ស័យ​ស្ថិត​នៅ​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ក្នុង​នោះ​មាន​កម្លាំង​ស្រុក​សង្កែ​, កម្លាំង​ស្នងការ និង​កម្លាំង​ប៉ូលិស​ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ចាន់ កុសល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​ពោះធំ ។ ជនសង្ស័យ​ដោយ​ដឹងខ្លួន​មុន​នោះ បាន​ព្យាយាម​ពួន​សំងំ​ក្នុង​ចម្ការ តែ​ត្រូវ​កម្លាំង​ប៉ូលិស​នាំ​គ្នា​ស្វែងរក​រហូត​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ចំណែកឯ​នារី​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ​ឆាំ ស្រី​រ័​ត្ន អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​សាលា​នេ​ត​យ៉ង់ ។

បើ​តាម​ការ​សារភាព​របស់ ​ ជនសង្ស័យ​ជាបឋម​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​មែន ក្នុង​បំណង​ចាប់រំលោភ តែ​ត្រូវ​នាង​តដៃ​បាន​យក​កន្ត្រៃ​មក​ចាក់​ចំពោះ​របស់​ខ្លួន ។ ពេល​នោះ ខ្លួន​ខឹង​ក៏​វាយដំ​នាង​រហូត​ដល់​សន្លប់ រួច​អូស​នាង​ទៅ​មាត់​ស្ទឹង​ដើម្បី​រំលោភ តែ​ឱកាស​មិន​អំណោយផល ខ្លួន​អូស​នាង​ដល់​កណ្តាលស្ទឹង​ទម្លាក់​ចោល រួច​គេចខ្លួន​ទៅ ។