ម្ចាស់​ខ្សែ​ក្រវាត់​ច្រើន​ស្ថាប័ន និយាយ​​ពី​ភាព​ខុស​គ្នា​រវាង​កីឡាករ​ក្នុង​ទ្រុង​ខ្មែរ​និង​បរទេស​

ម្ចាស់​ខ្សែ​ក្រវាត់​ច្រើន​ស្ថាប័ន និយាយ​​ពី​ភាព​ខុស​គ្នា​រវាង​កីឡាករ​ក្នុង​ទ្រុង​ខ្មែរ​និង​បរទេស​

លោក ហ៊ុន ច័ន្ទរាជ ​ប្រធាន​ក្លិប​ប្រដាល់​យុទ្ធ​គុន​ចម្រុះ​ក្នុង​ទ្រុង Cambodian Top Teamនិង​ជា​​ជើង​ខ្លាំង​មួយ​រូប​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន​​ស្ថាប័ន បាន​និយាយ​​ពី​ភាព​ខុស​គ្នា​រវាង​សមត្ថភាព​កីឡាករ​ប្រដាល់​ក្នុង​ទ្រុង​ខ្មែរ និង​បរទេស។

 

ម្ចាស់​ខ្សែ​ក្រវាត់​ច្រើន​ស្ថាប័ន និយាយ​​ពី​ភាព​ខុស​គ្នា​រវាង​កីឡាករ​ក្នុង​ទ្រុង​ខ្មែរ​និង​បរទេស​
លោក ហ៊ុន ច័ន្ទរាជ កំពុង​បង្ហាត់​សិស្ស

 

លោក ហ៊ុន ច័ន្ទរាជ បាន​លើក​ឡើង​​ថា សមត្ថភាព​កីឡាករ​ប្រដាល់​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​មាន​ភាព​ខុស​គ្នា​ខ្លាំង​បើ​ប្រៀបធៀប​ជាមួយ​នឹង​កីឡាករ​បរទេស។ គម្លាត​ឆ្ងាយ​បែប​នេះ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន ប៉ុន្តែ​លើក​យក​បញ្ហា​មួយ​ចំនួន​មក​បញ្ជាក់ ដូច​ជា​ខ្វះ​ខាត​ថវិកា មិន​បាន​ហ្វឹកហាត់​ដិត​ដល់ និង​ខ្វះ​ខាត​គ្រូ​ជំនាញ​ជា​ដើម។

 

ប្រធាន​ក្លិប Cambodian Top Team រូប​នេះ​បាន​និយាយ​ថា៖ «កីឡាករ​ខ្មែរ​យើង ជួន​កាល​រក​អី​ហូប​អត់​ចង់​បាន​ផង​ហ្នឹង ហើយ​ហាត់​ក៏​អត់​មាន​ពេល​ហាត់​ដោយសារ​អ្នក​ខ្លះ​ជាប់​ធ្វើ​ការ គេ​មិន​អាច​យក​ប្រដាល់​មក​ចិញ្ចឹម​ជីវិត​បាន… អ៊ីចឹង​ហើយ​បាន​ជា​ពិបាក»។ លោក​បាន​បន្ត​ទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​ប្រដាល់​ក្នុង​ទ្រុង​ខ្មែរ​ខ្លាំង​ដូច​បរទេស ត្រូវ​មាន​ការ​គាំទ្រ​ផ្ដល់​ការ​ឧបត្ថម្ភ​ច្រើន​ដូច​ប្រទេស​នានា​ដែរ។

 

លោក ច័ន្ទរាជ ក៏​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​ប្រកួត​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស ដែល​មាន​ក្រុមហ៊ុន​ផ្ដល់​ជំនួយ​គ្រប់​គ្រាន់​សម្រាប់​ហ្វឹក​ហាត់​មុន​ពេល​ឡើង​សង្វៀន។ អតីត​អ្នក​ប្រដាល់​រូប​នេះ​បាន​និយាយ​ថា៖ «កាល​ខ្ញុំ​នៅ​វ៉ៃ អត់​មាន​ធ្វើ​អី​ទាំង​អស់ គឺ​មាន​តែ​ដេក ស៊ី និង​ហាត់​គ្រប់​គ្រាន់… អត់​មាន​ធ្វើ​អី​ទេ ព្រោះ​មាន​ក្រុមហ៊ុន​ច្រើន​ឧបត្ថម្ភ​ច្រើន»។

 

លោក ហ៊ុន ច័ន្ទរាជ ធ្លាប់​ជា​កីឡាករ​ប្រដាល់​ជោគជ័យ​មួយ​រូប​នៅ​បរទេស ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ប្រដាល់​សេរី​៥ស្ថាប័ន ខ្សែក្រវាត់​ក្នុង​ទ្រុង ​២​ស្ថាប័ន។ បច្ចុប្បន្ន​លោក​បាន​បើក​ក្លិប​ប្រដាល់​ផ្ទាល់​ខ្លួន​ឈ្មោះ Cambodian Top Team និង​កំពុង​បង្ហាត់​យុទ្ធ​គុន​ចម្រុះ​ដល់​កីឡាករ-កីឡា​ការិនី​ជើង​ខ្លាំង​មួយ​ចំនួន​នៅ​កម្ពុជា៕

 

អត្ថបទ៖ គង់ វិសាល