គណៈ​កម្មការ​ចម្រុះ​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការ​ពារ​​ទី​តាំង​អគារ​ជួល​មួយ​កន្លែង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​

រាជ​ធានី​ភ្នំពេញ​ ៖ ទី​តាំង​អគារ​ជួល​ទំហំ​៥០០​ម៉ែត្រ​ការ៉េ​ត្រូវ​បាន​គណៈ​កម្មការ​ចម្រុះ​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការ​ពារ​លេខ​៦២៧(ឌ.ភ.ព.កា) ដែល​ចុះ​កាល​ពី​ថ្ងៃ​ទី​៧ តុលា ២០១៥ របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

ការ​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការ​ពារ​ខាង​លើ​ប្រព្រឹត្ត​ទៅ​កាល​ពី​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ វិច្ឆិកា ២០១៥ ស្ថិត​នៅ​បរិវេណ​ខេម​បូឌា​ស៊ុប​ភើស្តរ លេខ​១២១៦ ចំណុច​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ដោយ​មានការ​ចូល​រួម​ពី​លោក​ហ៊ីង ប៊ុន​ថន ព្រះ​រាជ​អាជ្ញា​រង​នៃ​អនយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក​ឆាយ វ៉ាន់ តំណាង​សាលា​ខណ្ឌ​សែន​សុខ​ លោក​ប៉ោយ ប៉ូលី អនុ​ប្រធាន​ការិយា​ល័យ​ដែន​ដី​នគរូបនីយ​កម្ម​ខណញឌ​សែន​សុខ លោក​ភឿន សម្ផស្ស​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ លោក​ជា ចំណាន តំណាង​ចៅ​សង្កាត់​ភ្នំពេញ​ថ្មី លោក​ឌី សំអាន មេ​ភូមិ​ភ្នំ​ពេញ​ថ្មី​ និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត​។

អ្នក​ជួល​អគារ​ខាង​លើ​ដែល​ត្រូវ​ម្ចាស់​គេ​រឹប​អូស​មាន​ឈ្មោះ​OZOR  CHRID UZMA មានការិយា​ល័យ​នៅ​ភ្នំពេញ​ថោវើរ​ អគារ​លេខ​៤៤៥ ជាន់​ទី​១៣ ផ្លូវ​មុនី​​វង្ស​ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​ ចំណែក​ម្ចាស់​អគារ​ខាង​លើ​មាន​ឈ្មោះ​តែ​ យូ​លីម បច្ចុប្បន្ន​ស្នាក់​នៅ​ទី​តាំង​ខាង​លើ​ ។

ប្រភព​ពី​អាជ្ញា​ធរ​ដែល​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការ​ពារ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ដោយ​ផ្អែក​ទៅ​លើ​ឈ្មោះ​ OZOR CHRID UZMA បាន​ជួល​អគារ​ដើម្បី​ប្រកប​អាជីវ​កម្ម​ ប៉ុន្តែ​បាន​ចាក់​សោ​ចោល​រាប់​ឆ្នាំ​មិន​មាន​ទូទាត់​ថ្លៃ​ជួល​ឱ្យ​ ឃើញ​ដូច​នេះ​ម្ចាស់​ទី​តាំង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ដើម្បី​រក្សា​ការ​ពារ​ ​និង​ដក​ហូត​អគារ​ជួល​ខាង​លើ​មក​វិញ​។

ប្រភព​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ការ​អនុវត្ត​ការ​សម្រេច​ខាង​លើ​ពុំ​មាន​វត្ត​មាន​ឈ្មោះ OZOR CHRID UZMA ស្ថិត​នៅ​ទី​តាំង​អនុវត្ត​ទេ ហើយ​គណៈ​កម្មការ​សម្រេច​កាត់​សោ​ត្រួត​ពិនិត្យ​ឃើញ​ថា ជាន់​ផ្ទាល់​ដី​ពុំ​មាន​អ្វី​ទេ ចំណែក​ជាន់​ទី​១​មាន​តុការិយាល័យ​ចំនួន​៣ កៅ​អី​១០​ ទូតូច​ធំ​ចំនួន​៦ អាវ​៩ មួក​៣ ម៉ាស៊ីន​ផ្លុំ​ខោ​អាវ​មួយ​ និង​ម៉ាស៊ីន​ត្រជាក់​ចំនួន​១ ដោយ​ឡែក​មាន​បន្ទប់​ការិយាល័យ​មួយ​ទៀត​មិន​អាច​បើក​បាន​ ដោយសារ​ជាប់​សោ​អេឡិច​ត្រូនិច។

ក្រោយ​ពី​ពិនិត្យ​ចប់​ ទីតាំង​ខាង​លើ​បាន​ប្រគល់​ទៅ​ឈ្មោះ​តែ យូ​លីម ដែល​មាន​លោក​ពេជ រតនា ជា​មេធាវី​តំណាង​គ្រប់​គ្រង​បណ្តោះ​អាសន្ន​ រង់​ចាំ​តុលាការ​សម្រេច​ដល់​រឿង​អង្គ​សេចក្តី​ចប់​ជា​ស្ថាពរ​ ៕