ក្បាច់​គុន​បុរាណ​ខ្មែរ វាយ​លុក​ទី​ផ្សារ​​ភាព​យន្ត​


ក្បាច់​គុន​បុរាណ​ខ្មែរ វាយ​លុក​ទី​ផ្សារ​​ភាព​យន្ត​

មិន​ត្រឹម​តែ​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​បណ្ដា​ទូរទស្សន៍​ និង​​ផលិត​កម្ម​ជា​ច្រើន​បាន​សហការ​គ្នា​​ជាមួយ​ សហព័ន្ធ ក្រុម​យុទ្ធ​ក្រម​ខម​ ជ្រើស​រើស​យក​ក្បាច់​គុន​បុរាណ​ខ្មែរ​ ចូលរួម​ចំណែក​ក្នុង​វិស័យ​ភាព​យន្ត​ ដើម្បី​ថត​ជា​ឯកសារ​ ​និង​អភិរក្ស​​​​ជាតិ​ខ្មែរ​។​

 

ក្បាច់​គុន​បុរាណ​ខ្មែរ វាយ​លុក​ទី​ផ្សារ​​ភាព​យន្ត​

 

 

(លោក យូជឿន នរៈសិង្ហ ប្រធានសហព័ន្ធ​យុទ្ធ​ក្រមខម)

 

ក្នុង​នោះ​ផង​ដែរ​មាន​បណ្ដា​​ផលិត​កម្ម​ និង​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ដូចជា ទូរទស្សន៍​ទទក បាយ័ន អាស៊ី​អាគ្នេយ៍​ CNC CTN ​និង​ ទូរទស្សន៍​ PNN ​អញ្ជើញ​ខាង​សហព័ន្ធ​យុទ្ធ​ក្រម​ខម​ ​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​អ្វី​ដែល​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ និង​ មរតក​ខ្មែរ​ជា​ច្រើន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​។ ចំណែក​ខាង​ផលិតកម្ម​ភាព​យន្ត​វិញ​មាន ផលិតកម្ម ត្រី​សូល៌​ភាពយន្ត​ ចក្រវាល​ពេជ្រ​​ភាព​យន្ត បាន​ស្នើ​សុំ​ខាង​ក្រុម​សហព័ន្ធ យុទ្ធ​ក្រម​ខម​សហការ​ជាមួយ​ផង​ដែរ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ​ប្រធាន​សហព័ន្ធ យុទ្ធ​ក្រម​ខម។

 

​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចូល​ក្បាច់​គុនបុរាណ​ខ្មែរ​ចូល​ក្នុង​វិស័យ​ភាព​យន្ត​ ​លោក​គ្រូ យូ​ជឿន នរៈសិង្ហ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ រឿង​ប្រវត្តិសាស្ត្រ​សាស្ត្រ​មួយ មាន​ចំណង​ជើង​ថា ​”​ស្តេច​កន” ស្ថិត​ក្រោម​ការ​ផលិត​របស់​ផលិតកម្ម “ត្រី​សូល៌” សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ  ​​វិនិយោគ​ដោយ វិនិយោគិន​​ទូរទស្សន៍ PNN ក៏​បាន​ជ្រើស​រើស​ក្រុម​យុទ្ធ​ក្រម​ខម​ ទៅ​ចូល​រួម​សម្ដែង​​ផង​ដែរ ត្បិត​អី​នៅ​ក្នុង​ភាព​យន្ត​បែប​ប្រវត្តិសាស្ត្រ​នេះ​មាន​ឈុត​ឆាក​ប្រយុទ្ធ​គ្នា ​និង​តម្រូវ​​ឲ្យ​មាន​ក្បាច់​គុន​បុរាណ​ខ្មែរ​​ទៀត​ផង។​

 

ក្បាច់​គុន​បុរាណ​ខ្មែរ វាយ​លុក​ទី​ផ្សារ​​ភាព​យន្ត​

 

 

 (ឯក​ឧត្ដម ម៉ៅ អាយុទ្ធ អាវ​ផ្ទៃមេឃ​  រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន  ជាមួយ​នឹង​ក្រុម​សហព័ន្ធ​យុទ្ធ​ក្រម​ខម)

 

 

ជាមួយ​គ្នា​នេះ​ លោក​ស្រី​ចាង​ហ្វាង​ផលិត​កម្ម​ចក្រវាល​ពេជ្រ​ភាព​យន្ត​ ថុង ស៊ីវទៀង ​បាន​ផលិត​​ខ្សែ​ភាពយន្ត​ស្នាដៃ​ទី​២ ​ចំណង​ជើង​ថា “វិស្សមកាល​មរណៈ” នេះ​​​ក៏​បាន​បញ្ចូល​ក្បាច់​គុន​ខ្មែរ​ជា​ច្រើន​​ប្រភេទ​ផង​ដែរ​ដោយ​តារា​សម្ដែង​ទាំង​អស់ សុទ្ធតែ​មាន​​ឈុត​វ៉ៃ ប្រហារ​ជា​ពិសេស​ចង់​លើក​តម្កើង​នារី​ខ្មែរ​​ក៏​ចេះ​​​​ក្បាច់​គុណ​ខ្មែរ​​ដែរ​​។

 

នេះ​ជា​ក្បាច់​គុន​​ខ្លះ​ៗដែល​តួ​អង្គ​​ស្រី​ នៅ​ក្នុង​រឿង​ “វិស្សមកាលមរណៈ” ហ្វឹក​ហាត់ សម្តែង​ដោយ អែន យ៉ាដាវ​

 

 

លោក យូ​ជឿន នរៈ​សិង្ហ​ ប្រធាន​សហព័ន្ធ​ក្រុម​យុទ្ធ​ក្រម​ខម ​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ពី​ផលិត​កម្ម​និង​ទូរទស្សន៍​ដោយ​សារ​តែ​មើល​​ឃើញ​ពី​គុណ​សម្បត្តិ​ ការ​ខិតខំ​អភិរក្ស​ស្នាដៃ​ថែរក្សា​វប្បធម៌​ខ្មែរ ​និង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ​ឲ្យ​បាន​យល់​ដឹង​ អ្វី​ទៅ​ជា​ក្បាច់​គុណ​ខ្មែរ​។

 

“ទាំង​ឯក​ឧត្តម​ លោក​ជំទាវ​ របស់​ផលិតកម្ម​នានា​ គាត់​បាន​និយាយ​ ក្រុម​ពួក​បង​មាន​សមត្ថភាព ហើយ​​គាត់​ប្រាប់​ថា​ឃើញ​ក្រុម​ពួក​បង​ជា​​ធនធាន​ទំពាំង​សម្រាប់​ស្នង​ឫស្សី ​តំណាង​ជាតិ​មួយ​ដ៏​ធំ​របស់​ប្រទេស​ជាតិ ហើយ​គាត់​ចង់​ឲ្យ​យុវជន​ទាំង​រួប​រួប​គ្នា​ធ្វើ​អ្វី​មួយ​ដើម្បី​អភិរក្ស​ជាតិ​”។ ប្រធាន​សហព័ន្ធ ក្រុម​យុទ្ធ​ក្រម​ខម​ មាន​ប្រសាសន៍​៕

 

 ក្បាច់​គុនខ្មែរ​បុរាណ​ “យុទ្ធ​ក្រម​ខម” ត្រៀម​ចូល​បង្ហាត់​តាម​វិទ្យាល័យ​ទូទាំង​ប្រទេស​

 

អត្ថបទ​៖ ថា ម៉ាលីដា​
រូបថត៖ ផ្តល់​សិទ្ធ​ដោយ​ លោក​ យូជឿន នរៈសិង្ហ