​ក្រឡេក​​​មើល​​​ប្រទេស​​​ភូមា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចង់​​​បាន​​​វាសនា​​​​​​ស្រដៀង​​​គ្នា​​​ដែរ​​​

ក្នុង​​​ពេល​​​ដែល​​​កង​​​ទ័ព​​​រក្សា​​​សន្តិភាព​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​​​​ត្រួត​​​ពិនិត្យ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ ដែល​​​ចំណាយ​​​អស់​​​​​​ទឹក​​​ប្រាក់​​​ប្រហែល​​​១,៦​​​ពាន់​​​លាន​​​ដុល្លារ​​​អាមេរិក​​​​​​កាល​​​ពី​​​ពីរ​​​ទសវត្សរ៍​​​​​​កន្លង​​​មក​​​នេះ​​​ រដ្ឋា​​​ភិបាល​​​យោ​​​ធា​​​ភូមា​​​បាន​​​​​​ស្ថិត​​​ក្នុង​​​សករាជ​​​ថ្មី​​​នៃ​​​​​​អត្តាធិបតេយ្យ​​​។ ប៉ុន្តែ​​​ ការ​​​រីក​​​ដុះ​​​ដាល​​​នៃ​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​នៅ​​​ប្រទេស​​​ភូមា​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​នេះ​​​ធ្វើ​​​ឲ្យ​​​ពលរដ្ឋ​​​​​​ខ្មែរ​​​ជា​​​ច្រើន​​​​​​ក្រឡេក​​​មើល​​​​​​ទៅ​​​ទិស​​​ខាង​​​លិច​​​យ៉ាង​​​អន្ទះសា។​​​​​​​​​ 

ជ័យ​​​ជម្នះ​​​ភ្លូក​​​ទឹក​​​ភ្លូក​​​ដី​​​​​​ដោយ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ភូមា គឺ​​​លោកស្រី អ៊ុងសាន ​​​ស៊ូជី ដែល​​​បាន​​​ឈ្នះ​​​ឆ្នោត​​​នា​​​ឆ្នាំ​​​១៩៩០ ដែល​​​បាន​​​​​​​​​បណ្តាល​​​ឲ្យ​​​លោក​​​ស្រី​​​ត្រូវ​​​គេ​​​ចាប់​​​ឃុំ​​​ក្នុង​​​ផ្ទះ​​​ គឺ​​​ថា​​​សន្លឹក​​​ឆ្នោត​​​នោះ​​​ក៏​​​បាន​​​ទាក់​​​ទាញ​​​ក្តី​​​សុបិន​​​ឈ្នះ​​​ឆ្នោត​​​​​​​​​នា​​​ឆ្នាំ​​​២០១៨​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៃ​​​ប្រទេស​​​កម្ពុជា។

លោកស្រី មួរ សុខហួរ តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ បាន​​​សរសេរ​​​នៅ​​​លើ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ស្រី​​​ បន្ទាប់​​​ពី​​​ការ​​​បញ្ចេញ​​​លទ្ធផល​​​សន្លឹក​​​ឆ្នោត​​​បឋម​​​​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ថា “លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​កើត​​​មាន​​​​​​ទូទាំង​​​ប្រទេស​​​ភូមា។ អ៊ុងសាន ​​​ស៊ូ​​​ជី​​​ ឈ្នះ​​​ភ្លូក​​​ទឹក​​​ភ្លូក​​​ដី។​​​ សន្លឹក​​​ឆ្នោត​​​ គឺ​​​មិន​​​មែន​​​​​​ជា​​​គ្រាប់​​​កាំភ្លើង​​​ទេ។ សូម​​​ឲ្យ​​​មេដឹក​​​នាំ​​​ផ្តាច់​​​ការ​​​ទាំង​​​អស់​​​យក​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ជា​​​មេរៀន”។​​​​​​​​​

ប្រសិន​​​បើ​​​សារ​​​របស់​​​លោកស្រី សុខហួរ​​​ មិន​​​ច្បាស់​​​លាស់​​​ទេ លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​គឺ​​​កាន់​​​តែ​​​ច្បាស់​​​ក្រឡែត​​​​​​ទៅ​​​ទៀត​​​ចំពោះ​​​​​​ការ​​​ប្រៀប​​​ធៀប​​​​​​ស្ថាន​​​ការណ៍​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ភូមា និង​​​ផែនការ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​បង្ហោះ​​​​​​រូប​​​​​​លោកផ្ទាល់​​​​​​​​​ជួប​​​ជា​​​មួយ​​​​​​លោក​​​ស្រី ស៊ូជី​​​ នៅ​​​ក្រុង​​​រ៉ងហ្គូន​​​​​​ក្នុង​​​ឆ្នាំ​​​១៩៩៦ និង​​​ម្តង​​​ទៀត​​​ក្នុង​​​ឆ្នាំ​​​២០១៣។​​​​​​​​​​​​​​​

លោក រង្ស៊ី បាន​​​​​​សរសេរ​​​​​​​​​នៅ​​​លើ​​​រូប​​​ថត​​​ថា “ជ័យជម្នះ​​​​​​ភ្លូក​​​ទឹក​​​ភ្លូកដី​​​របស់លោកស្រី អ៊ុង​​​សាន ស៊ូ​​​ជី និងគណបក្ស “សម្ព័ន្ធ​​​ជាតិ​​​​​​ដើម្បី​​​​​​លទ្ធិប្រជាធិប​​​តេយ្យ​​​” របស់លោក​​​ស្រី​​​ក្នុង​​​ការបោះ​​​ឆ្នោត កាល​​​​​​ពីថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅប្រទេសភូមា គឺជា​​​ដំណឹង​​​​​​ល្អ​​​សម្រាប់លទ្ធិប្រជា​​​ធិបតេយ្យ​​​ទូទាំង​​​ពិភព​​​លោក ជា​​​ពិសេស​​​​​​​​​សម្រាប់​​​​​​ប្រទេស​​​​​​កម្ពុជា”។

ប្រហែល​​​និយាយ​​​ត្រង់ៗ​​​បំផុតគឺ​​​ កញ្ញា កឹម មនោវិទ្យា អនុ​​​ប្រធាន​​​​​​កិច្ច​​​​​​ការ​​​សាធារណៈគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​កូន​​​ស្រី​​​របស់​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​​​​បាន​​​សរសេរ​​​លើ​​​ហ្វេស​​​ប៊ុក​​​របស់​​​នាង​​​ថា ជ័យ​​​ជម្នះ​​​​​​របស់​​​លោក​​​ស្រី ស៊ូជី​​​ គឺ​​​គួរ​​​ឲ្យ​​​លើក​​​ទឹក​​​ចិត្ត​​​​​​សម្រាប់​​​”ការ​​​តស៊ូ​​​ដើម្បី​​​​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​ដទៃ​​​ទៀត​​​​​​នៅ​​​ក្នុង​​​តំបន់”។​​​

កញ្ញា មនោវិទ្យា បាន​​​សរសេរ​​​ថា “មេ​​​ដឹក​​​នាំ​​​ផ្តាច់​​​ការ​​​គួរ​​​​​​ដឹង​​​ថា ការ​​​គំរាម​​​កំហែង​​​​​​និង​​​អំពើ​​​ហិង្សា​​​របស់​​​គេ​​​​​​មិន​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ក្នុង​​​ពេល​​​យូរ​​​អង្វែង​​​បាន​​​ទេ។​​​ អ្នក​​​ដែល​​​មិន​​​ដឹង​​​ថា​​​​​​​​​ពេល​​​ណា​​​ដែល​​​ត្រូវ​​​បញ្ឈប់​​​​​​ការ​​​រុញ​​​ច្រាន គឺ​​​​​​ចុង​​​ក្រោយ​​​ធ្លាក់​​​ចុះ​​​កាន់​​​តែ​​​ខ្លាំង។​​​ អ្នក​​​ដែល​​​មាន​​​សុភនិច្ឆ័យ​​​គួរ​​​​​​ចាក​​​ចេញ​​​​​​ដោយ​​​​​​សន្តិ​​​វិធី”។​​​​​​​​​​​​

ថា​​​តើ​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ពេល​​​បច្ចុប្បន្ន​​​​​​ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​បែប​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​ដំបូង​​​របស់​​​ប្រទេស​​​ភូមា​​​​​​ក្នុង​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ​​​​​​អាច​​​​​កើត​​​ឡើង​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឬយ៉ាង​​​ណា នៅ​​​ពេល​​​ដែល​​​​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ប្រ​​​កួត​​​ប្រជែង​​​គ្នា​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​ឆ្នាំ​​​២០១៨ នឹង​​​ពឹង​​​ផ្អែក​​​ទាំង​​​ស្រុង​​​​​​​​​ទៅ​​​លើ​​​​​​យោធា។

លោក ហ៊ុន សែន បាន​​​ព្រមាន​​​ថា​​​សង្គ្រាម​​​ស៊ី​​​វិល​​​នឹង​​​កើត​​​ឡើង​​​ជា​​​ថ្មី ហើយ​​​ថា​​​នឹង​​​មាន​​​ការ​​​បះ​​​បោរ​​​​​​ដោយ​​​មេ​​​បញ្ជា​​​ការ​​​​​​យោធា និង​​​មេ​​​​​​នគរ​​​បាល​​​​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​នឹង​​​​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា ប្រសិន​​​បើ​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ឡើង​​​កាន់​​​អំណាច។​​​​​​​​​​​​

កាល​​​ពី​​​ថ្ងៃ​​​អង្គារ លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ នៅ​​​ពេល​​​សួរ​​​ថា​​​តើ​​​លោក​​​បាន​​​រៀន​​​​​​​​​មេរៀន​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ប្រទេស​​​ភូមា​​​ឬយ៉ាង​​​ណា​​​​​​នោះ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក ប៉ុល សារឿន អគ្គ​​​មេ​​​បញ្ជាការ​​​​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ​​​ បាន​​​ចោទ​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា​​​ឆ្កួត​​​ ពេល​​​សួរ​​​ថា​​​តើ​​​​​​យោធា​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​យក​​​ជ័យ​​​ជម្នះ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​ក្នុង​​​ឆ្នាំ​​​២០១៨​​​ឬយ៉ាង​​​ណា​​​នោះ។​​​​​​​​​​​​​​​

នាយ​​​ឧត្តម​​​សេនីយ៍ សារឿន បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “កុំ​​​សួរ​​​ពេល​​​នេះ។ ចាំ​​​ដល់​​​ពេលនោះ​​​សិន​​​ទៅ។​​​ ខ្ញុំ​​​មិន​​​ដឹង​​​ទេ សួរ​​​ឆ្កួតៗ​​​អ៊ីចឹង ចាំ​​​ដល់​​​ពេល​​​នោះ​​​សិន”។​​​

ប៉ុន្តែ លោក អេង ហ៊ី អ្នក​​​នាំ​​​ពាក្យ​​​កងរាជ​​​អាវុធ​​​ហត្ថ​​​​​​លើ​​​ផ្ទៃ​​​ប្រទេស​​​​​​បាន​​​និយាយ​​​ថា កង​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ​​​​​​នឹង​​​គោរព​​​លទ្ធផល​​​ដែល​​​ប្រកាស​​​ដោយ​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ដូច​​​ជា​​​កងទ័ព​​​ប្រទេស​​​ភូមា​​​ដែរ។

ឧត្តម​​​សេនីយ៍​​​ត្រី ហ៊ី បាន​​​និយាយ​​​ថា “រឿង​​​សំខាន់​​​គឺ​​​គ.ជ.ប.។​​​ ពេល​​​ប្រកាស​​​ [លទ្ធផល​​​បោះ​​​ឆ្នោត] គេ​​​នឹង​​​ទទួល​​​យក ហើយ​​​វា​​​មិន​​​បញ្ហា​​​​​​ថា​​​តើ​​​គេ​​​ជា​​​កងរាជ​​​អាវុធ​​​ហត្ថ​​​ឬ​​​អត់​​​នោះ​​​ទេ”។​​​​​​

នៅ​​​លើ​​​បណ្តាញ​​​​​​ទំនាក់ទំនង​​​សង្គម​​​ អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​មិន​​​សុខ​​​ចិត្ត​​​បណ្តោយ​​​​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​​​​គណបក្ស​​​ប្រឆាំង​​​​​​​​​អះ​​​អាង​​​​​​​​​ជោគ​​​ជ័យ​​​របស់​​​លោក​​​ស្រី​​​ ស៊ូជី​​​​​​ ថា​​​ជា​​​របស់​​​ខ្លួនទេ ឬ​​​​​​ចាត់​​​ទុក​​​​​​ជោគជ័យ​​​នោះ​​​ថា​​​ជា​​​​​​ប្រផ្នូល​​​​​​សម្រាប់​​​​​​អ្វី​​​ដែល​​​នឹង​​​កើត​​​ឡើង​​​នៅ​​​កម្ពុជាទេ។​​​​​​​​​

លោក ផែង វណ្ណៈ អនុ​​​ប្រធាន​​​ការិយាល័យ​​​​​​ប្រឆាំង​​​បទ​​​ល្មើសបច្ចេក​​​វិទ្យា​​​​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​ដែល​​​គេ​​​ព្យួរ​​​ការ​​​ងារ ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​តាម​​​ហ្វេសប៊ុក បាន​​​និយាយ​​​ថា មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​គួរ​​​​​​រៀន​​​​​​មេ​​​រៀន​​​ពី​​​លោក​​​ស្រី ស៊ូជី ហើយ​​​គួរ​​​មាន​​​ការ​​​សហការ​​​ជាង​​​មុន។​​​​​​

លោក វណ្ណៈ បាន​​​សរសេរ​​​​​​​​​នៅ​​​លើ​​​ហ្វេសប៊ុក​​​ថា “លោក កឹម សុខា គួរកែ​​​ចរិតញុះ​​​ញង់ ដៀមដាម ចោទប្រកាន់ លាបពណ៌ រើស​​​អើង​​​ពូជសាសន៍ ​​​ហើយ​​​លោកគួរយក​​​​​​គំរូតាមលោកស្រី អ៊ុង សាន ស៊ូជី។ គាត់ធ្វើ​​​នយោបាយ​​​មិនចេះដើរញុះ​​​ញង់ លាបពណ៌​​​ដូច​​​លោក កឹម សុខា ទេ​​​”។

លោក ខាន់ ចាន់សុផល អ្នក​​​ប្រើ​​​ហ្វេស​​​ប៊ុក​​​គាំទ្រ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​ម្នាក់​​​ទៀត​​​​​​ដែល​​​​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​​​​ខ្លួន​​​ឯង​​​ថា​​​ជា​​​ទាហាន ប៉ុន្តែ​​​​​​មាន​​​អ្នក​​​តាមចំនួន​​​​​​ ២៦៦,០០០​​​នាក់​​​ និង​​​​​​ចូល​​​ចិត្ត​​​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ខឹង​​​ បាន​​​យល់​​​ស្រប​​​ថា លោក​​​ស្រី ស៊ូជី​​​ មិន​​​​​​អាច​​​​​​ប្រៀប​​​ផ្ទឹម​​​​​​នៅ​​​កម្ពុជា​​​​​​បាន​​​ទេ។​​​​​​

លោក ចាន់សុផល ​​​បាន​​​សរសេរ​​​ក្នុង​​​ហ្វេសប៊ុក​​​ថា “គេសរ​​​សើ​​​រនយោបាយ​​​លោកស្រី បើទោះបី​​​ជា​​​ធ្វើ​​​មេ​​​​​​ដឹក​​​នាំបក្សប្រឆាំង​​​ក៏ដោយ ក៏​​​អាចនាំ​​​ផល​​​ចំណេញជូន​​​ជាតិ​​​បានជាច្រើន​​​ផង​​​ដែរ​​​! ចំណែក​​​លោក សម រង្សី ​​​វិញ​​​ជាមេដឹក​​​​​​នាំ​​​បក្ស​​​​​​ប្រឆាំង​​​ដ៏ខូច​​​ខិល​​​មួយ​​​រូប ប្រៀបមិន​​​ស្មើរោម​​​​​​ជើងគេផង!”។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរ​​​ស័ព្ទ​​​ថា លោក​​​ក៏​​​មិន​​​ជឿ​​​ថា លោក​​​ រង្ស៊ី ឬលោក​​​ សុខា​​​ អាច​​​ប្រៀប​​​​​​ផ្ទឹម​​​​​​នឹង​​​​​​លោក​​​ស្រី ស៊ូជី ដែល​​​លោក​​​បាន​​​កោត​​​សរសើ​​​រ​​​​​​បានទេ។

​​​​​​លោក ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា “ស្ថានការណ៍​​​គេ​​​ខុស​​​គ្នា​​​នឹង​​​ស្ថានការណ៍​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ព្រោះ​​​គណបក្ស​​​ប្រ​​​ឆាំង​​​​​​នៅ​​​ប្រទេស​​​មីយ៉ាន់​​​ម៉ា មាន​​​លក្ខណៈ​​​​​​សម្បត្តិ​​​គ្រប់​​​គ្រាន់​​​​​​ដែល​​​បង្ហាញ​​​ថា​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ពិត​​​ប្រាកដ​​​ ហើយ​​​ស្មារតី​​​នៃ​​​មេដឹក​​​នាំ​​​ដូច​​​ជា ​​​អ៊ុងសាន ស៊ូជី គឺ​​​ជា​​​ស្មារតី​​​ស្នេហា​​​ជាតិ​​​របស់​​​គេ”។​​​

អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​ចំណែក​​​ឯ​​​គណបក្ស​​​ប្រឆាំង​​​​​​នៅ​​​​​​ប្រទេស​​​កម្ពុជា​​​វិញ ការ​​​ប្រឹង​​​ប្រែង​​​បង្ក​​​​​​តែ​​​បញ្ហា​​​និង​​​ផល​​​ប៉ះ​​​ពាល់​​​ដល់​​​​​​ផល​​​ប្រយោជន៍​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​និង​​​ជាតិ។ យើង​​​​​​ឃើញ​​​ថា​​​ខុស​​​គ្នា​​​១៨០​​​ដឺ​​​ក្រេ​​​​​​ពី​​​ អ៊ុងសាន ស៊ូជី ទាំង​​​ស្មារតី​​ ​ទាំង​​​ស្ថានការណ៍”។

​​​លោក គល់ បញ្ញា​​​ នាយកអង្គ​​​ការ​​​​​​ខុមហ្វ្រែល បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរ​​​ស័ព្ទ​​​​​​ពី​​​ក្រុង​​​រ៉ងហ្គូន​​​ ដែល​​​លោក​​​ធ្វើ​​​ជា​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ការ​​​ផ្លាស់​​​ប្តូរ​​​អំណាច​​​ដោយ​​​ស្រួល​​​បួល​​​​​​នៅ​​​ប្រទេស​​​ភូមា​​​​​​មិន​​​ទាន់​​​ប្រា​​​កដ​​​​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ​​​វា​​​អាច​​​​​​ក្លាយ​​​ជា​​​គំរូ​​​ដ៏​​​ល្អ​​​មួយ។​​​

លោក បញ្ញា​​​ បាន​​​និយាយ​​​ថា “​​​វា​​​មាន​​​ឥទ្ធិពល​​​លើ​​​តំបន់ នៅ​​​ពេល​​​ដែល​​​គេ​​​​​​ក្រឡេក​​​មើល​​​​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​​​​ប្រទេស​​​មីយ៉ាន់​​​ម៉ា ប៉ុន្តែ​​​យើង​​​ត្រូវ​​​​​​រង់ចាំ​​​មើល​​​សិន​​​។ ប្រសិន​​​បើ​​​​​​មាន​​​ការ​​​ផ្ទេរ​​​អំណាច​​​ដោយ​​​ស្រួល​​​បួល​​​ វា​​​នឹង​​​ក្លាយ​​​ជា​​​គំរូ​​​ដ៏​​​ល្អ​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ ជា​​​ពិសេស។ កម្ពុជា​​​មិន​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​អំណាច​​​ដោយ​​​សន្តិ​​​វិធី​​​​​​​​​កាល​​​ពី​​​មុន​​​ទេ ហើយ​​​ខ្ញុំ​​​គិត​​​ថា ប្រទេស​​​មីយ៉ាន់ម៉ា​​​ អាច​​​ជា​​​គំរូ​​​ល្អ។ ប៉ុន្តែ ឥឡូវ​​​នេះ​​​ គ្រាន់​​​តែ​​​ជា​​​ក្តី​​​សង្ឃឹម​​​ប៉ុណ្ណោះ”៕ រើន

 

 

 

 

 

The post ​ក្រឡេក​​​មើល​​​ប្រទេស​​​ភូមា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចង់​​​បាន​​​វាសនា​​​​​​ស្រដៀង​​​គ្នា​​​ដែរ​​​ appeared first on ខេមបូឌា ដេលី.