ប​ញ្ជួ​នខ្លួនម៉ែ​យ៉ែ​ម​ម្នាក់​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​បើក​ទីតាំង​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម

​រាជ​ធានីភ្នំពេញ ៖ ​​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ វិ​ច្ឆិ​កា​ បាន​​​ចាប់​​ឃាត់ខ្លួន​ម៉ែ​យ៉ែ​ម​ម្នាក់នៅផ្ទះ​លេខ​​​២២៩ យីហោ​ (៩៩៩) ម៉ាស្សានិងកោសជប់ ផ្លូវ​បេតុង ​ស្ថិតភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ និង​បា​នប​ញ្ជួ​នទៅ​​​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ពី​បទ​ «​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​» ។

ម៉ែ​យ៉ែ​ម​ម្នាក់នេះ​​ ឈ្មោះ​ ងី​ម ណៃ​អ អាយុ​៣៤​ឆ្នាំ មុខរបរ​បើ​ធ្វើ​អាជីវកម្ម​ដូច​ខាងលើ ។ ជាមួយ​នឹង​ការឃាត់​ម៉ែ​យ៉ែ​ម​ម្នាក់​​នេះ​ដែរ ​សមត្ថ​កិច្ច​បាន​រំដោះ​នារី​បម្រើ​ផ្លូវភេទ​ចំនួន​ន​៤​នាក់ និង​បាន​ប្រគល់​ជូនទៅ​មន្ទី​រសង្គមកិច្ច​គ្រប់គ្រង ​។

លោក​វរសេនីយ៍ទោ​ កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​អំពើ​សញ្ចារ​កម្មនេះ ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកស្នងការ និង​ស្នងការ​រង​រាជ​ធានីភ្នំពេញ ហើយ​ក៏​មានការ​ដឹកនាំ​អនុវត្ត​ផ្ទាល់​ពី​ស្ថា​ប័ន​អយ្យការ​អម​សាលា​ដំបូង​​ផង​ដែរ ។

ក្រោយ​ពី​ឃាត់​ខ្លួន​ស្ត្រី​ជាប់​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បើក​ទីតាំង​ម៉ាស្សា​និង​កោស​ជប់​​យីហោ(៩៩៩)នេះ​​ប្រាកដ​មែន និង​បើក​បាន​៥​ខែ​មក​ហើយ ដោយ​ជួល​ផ្ទះ​គេ​ ក្នុង​១​ខែ​២៨០​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​មិន​បាន​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ទេ រឿង​គេ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ជា​សិទ្ធិ​របស់​​នារីម៉ាស្សាកោស​ជប់​ ព្រោះ​គេ​ត្រូវរ៉ូវ​គ្នា​ក្នុង​បន្ទប់​ធ្វើ​ម៉េច​បានដឹង ។

​មន្ត្រី​នគរបាល​បាន​អះអាង​ថា ​នេះ​ជា​ចម្លើយ​ដោះសារ​របស់​ជនសង្ស័យ​នោះ​ទេ ស្តាប់​ចម្លើយ​​របស់​នារី​៤​នាក់​បម្រើ​ផ្លូវភេទ​វិញ​ទើ​បានដឹង​ថា ​ស្ត្រី​ឈ្មោះ​ ងី​ម ណៃ​អ ពិតជា​ម៉ែ​យ៉ែម​មែន ។ ចម្លើយ​នារី​បម្រើ​ផ្លូវភេទ​ទាំង​​៤​នាក់ប្រហាក់ប្រហែល​គ្នា​ថា ខ្លួន​​មក​ធ្វើ​​ជា​ស្រី​ម៉ាស្សា​និង​កោស​ជប់​ និង​រកស៊ី​បម្រើ​ផ្លូវភេទ​នៅហាង​របស់​ឈ្មោះ​ ងី​ម ណៃ​អ ហៅ​ចែ​ម៉ៅ ច្រើន​ខែ​ហើយ ។ ហាង​៩៩៩​របស់​ចែ​ម៉ៅ មាន​៤​បន្ទប់ ក្នុង​បន្ទប់​១ មាន​នារី​ម្នាក់​កាន់កាប់​ផ្ទាល់ខ្លួន ​សម្រាប់​បម្រើភ្ញៀវ​ម៉ាស្សា កោស​ជប់​ និង​បម្រើ​ផ្លូវភេទ ។

ចម្លើយ​បាន​​បន្ត​ថា បើ​ភ្ញៀវ​ចូល​ម៉ាស្សា​១​ម៉ោង​តម្លៃ​១០.០០០​រៀល បើ​រួម​ភេទ​មួយ​សិច​៤០.០០០​ទៅ​៥០.០០០​រៀល តែ​ម៉ែ​យ៉ែ​ម​គាត់​ដក​១០.០០០​រៀល នៅ​ពេល​រួម​ភេទ​ជាមួយ​ភ្ញៀវ​ម្នាក់ បើ​ភ្ញៀវ​ហៅ​ចេញ​ទៅ​រួម​ភេទ​នៅ​ខាងក្រៅ ​តម្លៃ​ពី​៥០.០០០រៀល​ទៅ៨០.០០០​រៀល ក៏​ត្រូវ​ថៅកែ​ដក​១០.០០០​រៀល​ ក្នុង​១​ម៉ោង ។ ក្នុង​១​ថ្ងៃ​ពួក​គេ​ទទួលភ្ញៀវ​ម៉ាស្សា និង​រួម​ភេទ​បាន​ពី​៣​ទៅ៤​នាក់ ​គិត​ជា​មធ្យម ប៉ុន្តែ​លុយកាក់​មិន​សល់​ទេ​ ​ដោយ​សារ​តែ​ថៅកែ​ដក​យក​ខ្លះទៅចេញថ្លៃ​ទឹក ភ្លើង និង​ម្ហូប អាហារ ថ្នាំសង្កូវ ស្ទើរ​មិន​គ្រប់គ្រាន់​ផង​ ដោយ​គ្មាន​មុខរបរ​ជ្រើសរើស និង​មានការ​អូស​ទាញ​ពី​ម្នាក់ទៅ​ម្នាក់​ទើប​ពួក​គេ​ដើរ​ផ្លូវ​នេះ ៕​