កម្ពុជា ប្រារព្ធទិវាជាតិ លើកកម្ពស់ អនាម័យជនបទ លើកទី៦ នៅកំពត

កំពត៖ ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយដៃគូអភិវឌ្ឍន៍ អាជ្ញាធរ និងសហគមន៍មូលដ្ឋាន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រារព្ធទិវាជាតិលើកកម្ពស់ អនាម័យជនបទលើកទី៦ ដើម្បីបង្ហាញពីវឌ្ឍនភាពសម្រេចបាន នាពេលកន្លងមកក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា  បានឲ្យដឹងថា ពិធីនេះធ្វើឡើងក្រោមប្រធានបទ “អនាម័យគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា” ក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពកុមារ ខណៈអត្រាការបន្ទោរបង់ ពាសវាលពាសកាលមានការថយចុះ។

ថ្លែងក្នុងទិវានោះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែង និងការគាំទ្របន្ថែមទៀត ពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់។  

លោកបានមានប្រសាសន៍ថា “ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សាធារណជន ព្រមទាំងវិស័យឯកជន ចាំបាច់ត្រូវធ្វើការងាររួមគ្នា ដើម្បីពង្រឹងធនធានមនុស្ស ការគ្រប់គ្រង តួនាទី និងការទទួលខុសត្រូវនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បង្កើតបរិយាកាសសមស្របសម្រាប់ វិស័យឯកជន ពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ បង្កើតជម្រើសបច្ចេកវិទ្យាសមស្របមានតម្លៃថោក និងជំរុញឲ្យមានការចូលរួម ពីគ្រួសារក្រីក្រ”។

នាយិការងអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា លោកស្រី ណាតាសឆា ផាឌីសុន បានអំពាវនាវ ក្នុងនាមដៃគូអភិវឌ្ឍន៍ឲ្យ មានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងបង្កើនការវិនិយោគ ដើម្បីឈានទៅសម្រេចបាន នូវគោលដៅរបស់ប្រទេស ក្នុងការផ្តល់សេវាអនាម័យប្រជាពលរដ្ឋ ទទួលបានគ្រប់ៗគ្នានៅឆ្នាំ២០២៥។

លោកស្រីបន្តថា “បញ្ហាអនាម័យ ត្រូវតែជាអាទិភាពរបស់ផែនការវិនិយោគខេត្ត ស្រុក និងឃុំ ហើយមាតាបិតានិងសមាជិកសហគមន៍ ចាំបាច់ត្រូវវិនិយោគ លើការកែលម្អអនាម័យនៅតាមផ្ទះនិងសហគមន៍របស់ខ្លួន ដោយមានការចូលរួមយ៉ាងសកម្ម ពីសំណាក់គ្រួសារនិងអ្នកជិតខាងផងដែរ”។

សូមបញ្ជាក់ថា ក្នុងឆ្នាំ១៩៩០ មានពលរដ្ឋកម្ពុជា៨៩% ពុំបានប្រើប្រាស់បង្គន់ ហើយមកដល់ត្រឹមឆ្នាំ២០១៥ អត្រានេះបានថយចុះមកត្រឹម ៤៧ភាគរយប៉ុណ្ណោះ។ វឌ្ឍនភាពនេះបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសទី៣ ទទួលបានជោគជ័យជាងគេ ក្នុងពិភពលោក ក្នុងការកាត់បន្ថយ អត្រាពលរដ្ឋបន្ទោរបង់ពាសវាលពាសកាល នៅក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះ៕