ជាង​ជួសជុល​ម៉ូ​ទ័​រ​ម្នាក់ ឆ្លង​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​

ពោធិ៍សាត់: ​បុរស​ម្នាក់​ជាជាង​ជួសជុល​ម៉ូ​ទ័​រ​ម្នាក់ ឆ្លង​ចរន្ដអគ្គិសនី​ឆក់​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច​ក្រោមផ្ទះ​ជនរងគ្រោះស្ថិតក្នុង​ភូមិ​ដូង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។  

​ជនរងគ្រោះ​ឈ្មោះ ភឿន ទ្រី  អាយុ ៤៥​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស​ស្រី ២​នាក់​ក្នុងបន្ទុកគ្រួសារ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។

 ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​ស្រាវជ្រាវឃើញថា ប៉ុន្មាន​ថ្ងៃមុន​ជនរងគ្រោះ​បាន​សុំ​ម៉ូ​ទ័​រ​ខូច ពី​វត្ត​ក្រឡាញ់ ហើយ​មុនកើតហេតុ បាន​យក​ម៉ូ​ទ័​រ​នេះ មក​ជួសជុល​ដោយ​ខ្លួនឯង​ដើម្បី​ទុក កាត់​ការ៉ូ និងផ្សេងៗ រួច​ក៏​យក​ឌុយ​ម៉ូ​ទ័​រ​ទៅ​ដោត​នឹង​ព្រី​ភ្លើង​ដើម្បី​សាកមើល នៅ​គ្រា​ដែលជនរងគ្រោះ​យកដៃ​ទៅ​ច្របាច់​កុងតាក់​ម៉ូ​ទ័​រ គ្រានោះ​បាន​ឆក់​ស្លាប់​តែម្ដងខណៈដែល​ប្រពន្ធ​កូន​នៅ​ជុំគ្នា ប៉ុន្ដែ​មិនអាច​ជួយ​សង្គ្រោះបាន​។​

​បន្ទាប់ពី​ពិនិត្យ​លើ​ខ្លួន​សព រួច​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ តាមប្រពៃណី​៕​

ជាង​ជួសជុល​ម៉ូ​ទ័​រ​ម្នាក់ ឆ្លង​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​