លោក​គី​ម ជុង​អ៊ុ​ន ចូលរួម​ពិធី​បញ្ចុះសព​សេនាប្រមុខ​ចុង​ក្រោយ​កូរ៉េ​ខាងជើង

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ថា ពិធី​បញ្ចុះសព​លោក RI ULSOL សេនាប្រមុខ​ចុង​ក្រោយ​របស់​កងទ័ព​ប្រជាជន​កូរ៉េ ដែល​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ត្រូវ​បាន​ចូលរួម​ដោយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ព្រមទាំង​មេដឹកនាំ​ឯទៀត​ៗ​របស់​ប្រទេស ។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ។

ក្នុង​ចំណោម​មេដឹកនាំ​ចូលរួម​ក្នុង​ពិធី​ជាតិ​នេះ មាន​លោក​គី​ម ជុង​អ៊ុ​ន ប្រធាន​សភា​ប្រជាជន​ជាន់ខ្ពស់ លោក​គី​ម យ៉ុ​ង​ណា​ម ប្រមុខ​អគ្គស្នងការ​នយោ​បាយ​កងទ័ព លោក HWANG PYONG SO នាយក​រដ្ឋមន្ត្រី លោក PAK PONG JU លេខា​បក្ស​ពលករ​កូរ៉េ​លោក​គី​ម គី​ណា​ម រដ្ឋមន្ត្រី​ការពារ​ប្រទេស លោកប៉ា​ក យ៉ុ​ង​ស៊ុ​ក នាយសេនាធិការ​កងទ័ព ឧត្តមសេនីយ៍​រី​យ៉ុ​ង គី​ល ក៏​ប៉ុន្តែ​លោក CHOE RYONG HAE ចាត់ទុកជា​ជន​លេខ​២​នៃ​របប​កូរ៉េ​ខាងជើង​ពុំ​មានឈ្មោះ​ក្នុង​បញ្ជីមេ​ដឹកនាំ​ដែល​ចូលរួម​ឡើយ ។

ការ​ប្រកាស​ពី​បញ្ជី​ឈ្មោះ​បណ្តា​សមាជិក​គណៈកម្មាធិការ​បុណ្យសព​នេះ​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ឈ្មោះ​របស់​លោក CHOE ពុំ​ឃើញ​មាន​ហើយ​រូប​លោក​ក៏​ពុំ​​ឃើញ​មាន​វត្តមាន​ក្នុង​ពិធី​ដែរ ដែល​បែប​នេះ​នាំ​ឱ្យ​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា លោក​អាច​ត្រូវ​គេ​ដកហូត​តំណែង ឬ​ទទួល​ទណ្ឌកម្ម ។

មឈូស​សព​សេនាប្រមុខ RI UL SOL ដែល​ជា​សកម្មជន​មួយ​រូប ប្រឆាំង​កងទ័ព​ជប៉ុន​សម័យ​អាណានិគម​ត្រូវ​បាន​ដឹក​តាម​រថពាសដែក​មួយ​គ្រឿង​អម​ដោយ​កង​ម៉ូតូ​ធំ ដើម្បី​យក​ទៅ​បញ្ចុះ​ក្នុង​កន្លែង​បញ្ចុះសព​មនុស្ស​សំខាន់​ៗ TAESONGSAN ក្រុង​ព្យុ​ង​យ៉ាង ។ យោង​តាម KCNA ថា កង​ទាហាន និង​ពលករ​ជា​ច្រើន​សិប​ពាន់​នាក់​បាន​ឈរ​ជា​របង​កិត្តិយស​តាម​ផ្លូវ​ក្បួន​ដង្ហែ​សព​ឆ្លងកាត់ ។

លោក RI UL SOL ជា​សេនាប្រមុខ​ចុង​ក្រោយ​គេ ដែល​ទើបនឹង​ទទួលមរណភាព​ក្នុង​ចំណោម​សេនាប្រមុខ​កូរ៉េ​ខាងជើង​៣​រូប ។ សេនាប្រមុខ​២​រូប​ទៀត​គឺ​លោក O JIN U និង​លោក CHOE KWANG ដោយ​មិន​គិត​ពី​ងារ​ជា​សេនាប្រមុខ​ផ្តល់​ជូន​មេដឹកនាំ​កំពូល​លោក​គី​ម ជុង​អ៊ុ​ន ឡើយ ។ លោក RI UL SOL កើត​ឆ្នាំ​១៩២១ ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ​នៅ CHONGJIN ខេត្ត HAMGYONG ខាងជើង​ហើយ​បាន​ចូលរួម​ដៃ ជាមួយ​បិតា​ស្ថាបនិក​ប្រទេស​លោក​គី​ម អុ​ី​ល​ស៊ុ​ង ក្នុង​ការ​តស៊ូ​ប្រឆាំង​កងទ័ព​ជប៉ុន ៕