អ្នកប្រដាល់ សុខ សុវណ្ណ ប៉ះ ម៉ន ចាន់ដារ៉ា លើសង្វៀន SEA-TV

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង សុខ សុវណ្ណ ក្លឹបកង ពលធំអន្តរាគមន៍លេខ២ និងជាម្ចាស់ខ្សែក្រវាត់ Leo ទម្ងន់៦០គីឡូក្រាម ត្រូវប៉ះអ្នកប្រដាល់ត្រកូល ម៉ន ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅលើសង្វៀន SEA-TV ។

សុវណ្ណ ជាអ្នកប្រដាល់វាយខ្លាំងណាស់ មានកណ្ដាប់ដៃខ្លាំង រហ័ស និងលឿនផងដែរ ពិសេសស្នៀតទាត់របស់គេគឺអស្ចារ្យតែម្តង ។ ចំពោះគូប្រកួត ឲ្យតែប្រហែសនឹងត្រូវ សុវណ្ណ ទាត់ឲ្យសន្លប់មិនខាន ។ សម្រាប់ ម៉ន ចាន់ដារ៉ា ជាអ្នក ប្រដាល់ថ្មីស្រករក្រោយ សុវណ្ណ ឆ្ងាយណាស់ ។ អ្នកប្រដាល់រូបនេះមានស្នៀតទាត់ល្អដូចសុវណ្ណដែរ ហើយមួយទៀត ដារ៉ា មានដៃ ជើងវែង និងកម្ពស់ខ្ពស់ជាង សុវណ្ណ បន្តិច ថែមទាំងកម្លាំងសម្រុកក៏ខ្លាំងដែរ ។

ដារ៉ា ប្រកួតចុងក្រោយ បានវាយឈ្នះ ហួន សុខនីម ក្លឹបគីសែមានរិទ្ធ ក្នុងទឹកទី៣ ។ អ្នកប្រដាល់ ចៅ ចេកខ្ចី ក្លឹបសំរោងកោង ខេត្តបាត់ដំបងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ភួង ពិសិដ្ឋ ក្លបរាជសីហ៍ខេត្តរតនគិរី ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ ភួង ពិសិដ្ឋ ជាអ្នកប្រដាល់មិនមានឈ្មោះល្បីនោះទេ តែគេវាយល្អ និងស៊ូចំពោះការប្រកួត ហើយពិសេសនោះគឺគេមានផ្លែល្អ ។

ការប្រកួតកន្លងមកមិនសូវដែលចាញ់នោះទេ ដោយចុងក្រោយនេះ វាយឈ្នះ អៀម ដាវុធ ក្លឹបកងទ័ពជើងទឹកដោយពិន្ទុ ។ ចៅ ចេកខ្ចី គេឡើងប្រកួតចុងក្រោយ វាយចាញ់ ឯម សុធី ក្លឹបឫទ្ធីពោធិ៍សែនជ័យក្នុងទឹកទី៣ ។ ចេកខ្ចី មានកណ្ដាប់ដៃខ្លាំង ហើយរឹងមាំថែមទៀត ជាមួយនឹងកណ្ដាប់ល្អ មានស្នៀតទាត់ខ្លាំងថែមទៀតផង ។

អ្នកប្រដាល់ វុធ សំណាង ក្លឹបពោធិ៍ជ័យកីឡា នឹងជួបប្រកួតជាមួយអ្នកប្រដាល់ ស្រ៊ុន ពិសី សមាគមកីឡាក្រសួងការជាតិ ក្នុងទម្ងន់ ៧៣គីឡូក្រាម ចំណែក អ្នកប្រដាល់ អម កុសល ក្លឹបសុភានូមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី សិទ្ធ លីជា ក្លឹបសាមគ្គីកូនខ្មែរ ក្នុងទម្ងន់៥៤គីឡូក្រាម ៕

អ្នកប្រដាល់ សុខ សុវណ្ណ ប៉ះ ម៉ន ចាន់ដារ៉ា លើសង្វៀន SEA-TV