ថ្នាំ​បង្ការ​ទប់ស្កាត់​ជំងឺ ៥​មុខ​រួមគ្នា​

ថ្នាំ​បង្ការ​ទប់ស្កាត់​ជំងឺ ៥​មុខ​រួមគ្នា​

​តើ​ថ្នាំ​បង្ការ​៥​មុខ​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​សាណូ​ហ្វី​ការពារជំងឺ​អ្វីខ្លះ​?
​ថ្នាំ​បង្ការ​៥​មុខ​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​សាណូ​ហ្វី​ការពារជំងឺ ខាន់ស្លាក់​តេតាណូស ក្អក​មាន់ គ្រុន​ស្វិតដៃជើង និង​ជំងឺរលាកស្រោមខួរ​ដែល​បង្កឡើង​ដោយ​មេរោគ​អេ​ម៉ូ​ហ្វី​លី​ស​អ៊ី​ន​ភ្លូ​អ៊ិន​ហ្សា​ប្រភេទ បេ​។​លក្ខណៈពិសេស​របស់​ថ្នាំ​បង្កា​រនះ​គឺ ចាក់​តាម​សាច់ដុំ​មួយ​ម្ជុល​មាន​ថ្នាំ​បង្ការ​ទាំង​ប្រាំ​មុខ​នេះ​តែម្តង​។​

​តើ​ថ្នាំ​បង្ការ​៥​មុខ​រួមបញ្ចូល​គ្នា​នេះ​មាន​ផលប្រយោជន៍​អ្វីខ្លះ​?
​ការផលិត​ថ្នាំ​បង្ការ​រួមបញ្ចូល​គ្នា​នេះ​គឺ​ទទួលបាន​នូវ​ចំណាប់អារម្មណ៍​ផ្នែក​សុខភាព​សាធារណៈ និង ជា​អាទិទេព​មួយ​ព្រមទាំង​ជួយ​ទំនុកបម្រុង​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ ការបញ្ចូល​ថ្នាំ​បង្ការ​រួមគ្នា​អាច​កាត់បន្ថយ​ការចំណាយ​លើ​ដំណើរការ​ចែកចាយ​និង​បង្កើន​អត្រា​គ្របដណ្តប់ នៃ​ការចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​។ ផលប្រយោជន៍​ផ្សេងទៀត​រួម​មាន​ការកាត់បន្ថយ​ចំនួន​នៃ​ការចាក់ និង កាត់បន្ថយ​ចំនួន​នៃ​ការឈឺចាប់​ត្រង់​កន្លែង​ចាក់​។ ដូចនេះ កុមារ​ក៏ដូចជា​មាតាបិតា​មានការ​សប្បាយចិត្ត​ក្នុង​ការទទួលយក​ថ្នាំ​បង្ការ​នេះ​។​

​តើ​ថ្នាំ​បង្ការ​នេះ​មាន​សុវត្ថិភាព​យ៉ាងដូចម្តេច​ដែរ​?
​ក្តីកង្វល់​ពី​ប្រសិទ្ធភាព​និង​ប្រតិកម្ម​របស់​ថ្នាំ​បង្ការ​ជំងឺក្អកមាន់​ដែល​ផលិត​ពី​មេរោគ​ទាំងមូល​បាន​ឈាន​ដល់​ការផលិត​ឡើង​នូវ​ថ្នាំ​បង្ការ​ដែល​ត្រូវបាន​គេ​បន្សុទ្ធ​យ៉ាង​ហ្មត់ចត់​ពី​បំណែក​មួយ​នៃ​មេរោគ​។ ថ្នាំ​បង្ការ​ដែល​គេ​បន្សុទ្ធ​ចុងក្រោយ​នេះ​គឺ​មាន​សុវត្ថិភាព​ជាង​ថ្នាំ​បង្ការ​មុនៗ​ទាំង​ការចាក់​បឋម និង​ការចាក់​រំលឹក​ដែល​អាច​កាត់បន្ថយ​បាន​យ៉ាងច្រើន​ពី​ប្រតិកម្ម​រំខាន​របស់​ថ្នាំ​បង្ការ​ដែល​ផលិត​ពី​មេរោគ​ទាំងមូល​។ ដូចជា​នៅ​ប្រទេស​កាណាដា គេ​សង្កេតឃើញ​មាន​ការថយចុះ​ផល​រំខាន​ដូចជា​អាការ​គ្រុនក្តៅ​រហូតដល់​៧៩% បើ​ប្រៀបធៀប​ជាមួយ​ថ្នាំ​បង្ការ​មុនៗ​។ ការសិក្សា​នៅ​គ្លីនិក​ចំនួន​១៤ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ចំនួន​៩​ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការបង្កើត​ប្រព័ន្ធ​ការពារ និង​ប្រតិកម្ម​រំខាន​របស់​ថ្នាំ​បង្ការ​នេះ​។ លទ្ធផល​ជា​រួម​គឺ​ថ្នាំ​បង្កា​រនះ​មាន​សុវត្ថិភាព​ល្អ​។​ការឡើង​ក្រហម​និង​រឹង​នៅ​ត្រង់​កន្លែង​ចាក់​ក៏ដូចជា​ផល​រំខាន​ផ្សេងទៀត​មាន​កម្រិត​ទាប​។​

​តើ​ត្រូវធ្វើ​ដូចម្តេច​ក្នុងករណី​កុមារ​មាន​ផល​រំខាន​ពី​ការចាក់​ថ្នាំ​បង្ការ​ដូចជា​ឈឺចាប់​ឬ​គ្រុនក្តៅ​?
​ជាទូទៅ​ផល​រំខាន​នេះ​មាន​លក្ខណៈ​ស្រាល ហើយ​មាន​រយៈពេល​ពី​១​ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ​។ ត្រូវ​ប្រើ​កុំប្រេ​សឬក្រ​ណាត់​សើម​ហើយត្រ​ជាក់​គ្រប​ពីលើ​កន្លែង​ដែល​ចាក់​ដើម្បី​កាត់បន្ថយ​ភាពឈឺចាប់​។​ក្នុងករណី​មាន​អការ​គ្រុនក្តៅ (​កំដៅ​របស់​កុមារ​លើសពី ៣៨ អង្សា​សេ​) ត្រូវ​ឲ្យ​កុមារផឹក ឬ​លេបថ្នាំ​បន្ថយកំដៅ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​ម៉ុល ឬ​អ៊ី​ប៊ុយ​ប្រូ​ហ្វែ​ន​ទៅ​តាម​កម្រិត​ថ្នាំ​ដែល​គ្រូពេទ្យ​បាន​ណែនាំ​។​

​តើ​គ្រូពេទ្យ​ត្រូវ​ចាក់​ថ្នាំ​បង្កា​រនះ​ដល់​កុមារ​តាម​កាលវិភាគ​យ៉ាងដូចម្តច​?
​ការចាក់​បឋម​គឺ​៣​ដង​ក្នុង​អំឡុង​កុមារ​អាយុ​១​ឆ្នាំ​ដំបូង និង​ចាក់​រំលឹក​១​ដង​ទៀត​ក្នុងអំឡុង​កុមារ​អាយុ​២​ឆ្នាំ​។ កាលវិភាគ​នៃ​ការចាក់​អាច​អនុវត្ត​តាម​កាលវិភាគ​ផ្សេងៗ​គ្នា​គឺៈ​

១. នៅពេល​កុមារ​អាយុ​៦​សប្តាហ៍​-១០​សប្តាហ៍​-១៤​សប្តាហ៍ ឬ​
២. នៅ​អាយុ​២​ខែ​-៣​ខែ​-៤​ខែ ឬ​
៣. នៅ​អាយុ​២​ខែ​-៤​ខែ​-៦​ខែ​។​

​ការអនុវត្ត​តាម​កាល​វិភាគ​មួយ​ណា​ក៏​ដោយ​ត្រូវ​មាន​ចាក់​រំលឹក​នៅ​ចន្លោះ​ខែ​ទី​១៥ ទៅ​ខែ​ទី​១៨​។​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​ក៏ដូចជា​នៅ​លើ​សកលលោក បាន​បញ្ចូល​វា​ទៅ​ក្នុង​កម្មវិធី​ពង្រីក​ការចាក់​ថ្នាំ​បង្ការ​នូវ​ការចាក់​រំលឹក​ថ្នាំ​បង្ការ​ជំងឺ​ខាន់ស្លាក់ តេតាណូស ក្អក​មាន់ និង​គ្រុន​ស្វិត​ដៃជើង នៅ​អាយុ​១៨​ខែ​និង​អាយុ​មុន​ចូល​សាលា (៦​ឆ្នាំ​) ដើម្បី​ធានា​នូវ​និរន្ត​ភាព​នៃ​ប្រព័ន្ធ​ការពារ​ទប់ទល់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​ទាំងនេះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។