រដ្ឋាភិបាល​ជំរុញ​ឲ្យ​ស្រី្ត​ពង្រីក​ចំណេះដឹង​លើ​វិស័យ​កសិកម្ម

សៀមរាប៖ កម្ពុជា​ជា​ប្រទេសមួយ ដែល​ពឹងផ្អែក​សំខាន់​ទៅលើ​វិស័យ​កសិកម្ម។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម របាយការណ៍​រកឃើញ​ថា មាន​ស្ត្រី​ជាង ៧៥ភាគរយ។

វេទិកា​ស្តីពី​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង​នៅក្នុង​ខេត្តសៀមរាប ក្នុង​គោលបំណង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ស្ត្រី​ខ្មែរ ឲ្យ​ខិតខំ និង​ពង្រីក​សមត្ថភាព​ខ្លួនឯង ឲ្យ​កាន់តែ​ប្រសើរឡើង លើ​វិស័យ​កសិកម្ម។ ស្ត្រី​ត្រូវគេ​មើលឃើញថា ជា​ស្នូល​សំខាន់ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា។

ស្ត្រី​ធ្វើការ​លើ​វិស័យ​កសិកម្ម​ប្រមាណ៥០នាក់ បាន​ជួបជុំគ្នា នៅក្នុង​វេទិកា​ស្តីពី​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម ដែល​រៀបចំឡើង​នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ វិច្ឆិកា​នេះ។  ជា​វេទិកា ដើម្បី​ចែករំលែក​រាល់​បទពិសោធ​ន៍ផ្សេងៗ ក៏ដូចជា​ការគាំទ្រ​ចំពោះ​ស្ត្រី និង​បុរស​ធ្វើការ​រួមគ្នា ក្នុង​វិស័យ​កសិកម្ម។

វេទិកា​ថ្នាក់ក្រោម​ជាតិ ស្តីពី​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម សហការ​រៀបចំឡើង​ដោយ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល មាន​គោលបំណង​ចែករំលែក​បទពិសោធន៍ និង​គំនិត​ច្នៃប្រឌិត​ថ្មី ដើម្បី​គាំទ្រ​កសិករ​ស្ត្រី និង​បុរស​ធ្វើការ​រួមគ្នា​លើ​វិស័យ​កសិកម្ម លើកកម្ពស់​កសិករ​ខ្នាតតូច ជាពិសេស​កសិករ​ស្ត្រី​ឲ្យ​ក្លាយជា​ស្ត្រី​ឆ្នើម​ក្នុង​ការងារ​កសិកម្ម។ វេទិកា​ខាងលើ ក៏បាន​ពិភាក្សា​លើ​ដំណោះស្រាយ​ទឹក ដែល​គេ​ដឹងថា ជា​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា។ ក្រៅពីនោះ ទីផ្សារ​សម្រាប់​កសិផល ក៏បាន​លើកយក​មក​ពិភាក្សា​រួមគ្នា​ផងដែរ។

យ៉ាងណា ស្ត្រី​ជា​កសិករ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា បានបង្ហាញ​អារម្មណ៍​សុទ្ធិ​ដ្ឋិ​និយម និង​ត្រេកអរ​ចំពោះ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល ដែល​ចង់​ឲ្យ​ពួកគេ​ពង្រីក​ចំណេះដឹង​លើ​វិស័យ​កសិកម្ម។ ទន្ទឹមនឹងនោះ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ពួកគេ​តាមរយៈ ការបង្កើត​មុខរបរ​ខ្នាតតូចផ្សេងៗ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ព្រោះថា ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​កសិកម្ម​របស់​ពួកគេ នៅមាន​ទន់ខ្សោយ​នៅឡើយ។ នៅមាន​ភាពទន់ខ្សោយ ដែល​មិនអាច​ឲ្យ​ពួកគេ​ពឹង​ទាំងស្រុង​បាន​នោះទេ។

នាយិកា​អង្គការ​រចនា​ស្ត្រី អ្នកស្រី ញាន ភួង​ម៉ាលី បាន​សាទរ​ចំពោះ​ការរីកចម្រើន​ចំណេះដឹង​ផ្នែក​កសិកម្ម​របស់​ស្ត្រី​នាពេល​បច្ចុប្បន្ននេះ។ តែ​អ្នកស្រី ភួង​ម៉ាលី ទទួលស្គាល់ថា មាន​ស្ត្រី​មួយចំនួនធំ មិនទាន់​ស៊ីជម្រៅ​លើ​ចំណេះ​ជំនាញ​នេះ​នៅឡើយ។ អង្គការ​រចនា​ស្ត្រី កំពុង​គិតគូរ​ចំពោះ​លទ្ធភាព បង្កើត​មុខរបរ​ខ្នាតតូច ដើម្បី​ជួយ​ស្ត្រី​ទាំង​នោះបាន។

យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក World Bank បាន​បង្ហាញថា ស្ត្រី​ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម មាន​ចំនួន​ជាង ៧៥ភាគរយ ក្នុងនោះ​ស្ត្រី​មួយចំនួនធំ​នៅ​ខ្វះ​សមត្ថភាព និង​បទពិសោធន៍​នៅ​ជំនាញ​មួយ​នេះ។ ការជ្រើសរើស​ពូជ និង​ការបណ្តុះបណ្តាល​លើ​ការដាំដុះ ជា​គន្លឹះ​សំខាន់ ដែល​អាច​ឲ្យ​កសិករ​ជោគជ័យ​បាន៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​