ក្រុម​តន្ត្រី​ជន​ពិការ​ច្រៀង​តាម​សាធារណៈ​រិះគន់​ចំណាត់​ការ​របស់​សាលា​រាជធានី​ភ្នំពេញ

ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ដែល​តែ​ប្រគំ​សម្ដែង​តាម​ផ្សារ និង​តាម​ដង​ផ្លូវ​សាធារណៈ​នោះ រិះគន់​ចំពោះ​សាលា​រាជធានី​ភ្នំពេញ ដែល​ត្រៀម​ដាក់​វិធានការ​ឲ្យ​បញ្ឈប់​សកម្មភាព​ពួក​គេ មិន​ឲ្យ​ច្រៀង​រៃអង្គាស​ថវិកា​តាម​ទី​សាធារណៈ។ វិធានការ​របស់​អាជ្ញាធរ​នេះ កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ។ ទន្ទឹម​គ្នា​នេះ ជន​ពិការ​ព្រួយ​បារម្ភ​វិធានការ​នេះ នឹង​បន្ត​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច ពិសេស​អាច​នឹង​ឲ្យ​ពួក​គាត់​ធ្លាក់​ខ្លួន​ក្លាយ​ទៅ​ជា​អ្នក​សុំ​ទាន​ម្តង​ទៀត។

តើ​ក្រុម​តន្ត្រី​ជន​ពិការ ដែល​តែង​ធ្វើ​សកម្មភាព​រៃអង្គាស​ប្រាក់​តាម​ទីកន្លែង​សាធារណៈ អាច​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ?

ក្រុម​តន្ត្រី​ជន​ពិការ មិន​គាំទ្រ​វិធានការ​បញ្ឈប់​សកម្មភាព​ប្រគំ​តន្ត្រី​ជន​ពិការ​ជា​សាធារណៈ​របស់​សាលា​ក្រុង​ភ្នំពេញ​នោះ​ឡើយ ព្រោះ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មុន ដើម្បី​ដឹង​ពី​តម្រូវ​ការ​ចាំបាច់​របស់​ជន​ពិការ​នៅ​ឡើយ។

ជាង​នេះ​ទៀត ជន​ពិការ​ចាត់​ទុក​ថា វិធានការ​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ពួក​គាត់ ជុំវិញ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ការ​ហូប​ចុក ស្នាក់នៅ និង​ការ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ជាដើម។

«ចម្រៀង​ក្រុម​តន្ត្រី​ជន​ពិការ»

ការ​លើក​ឡើង និង​ការ​បដិសេធ​មិន​គាំទ្រ​របស់​ជន​ពិការ​នៅ​ពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ ដាក់​វិធានការ​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រគំ​តន្ត្រី​ដើម្បី​រៃអង្គាស​ថវិកា​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ស្ត្រី​ពិការ​ភ្នែក​ទាំង​សង​ខាង ព្រម​ទាំង​ពិការ​ជើង​តាំង​ពី​កំណើត កញ្ញា ស្រីតូច ដែល​តែង​ច្រៀង​តាម​ស្តុប​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កញ្ញា​ចាប់​អាជីព​អ្នក​ចម្រៀង​ដើរ​ច្រៀង​តាម​ស្តុប​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ។ ស្ត្រី​វ័យ​ជាង ៣០​ឆ្នាំ​រូប​នេះ ឲ្យ​ដឹង​បន្ត​ថា ដោយសារ​តែ​ឪពុក​ចាស់​ជរា គ្រួសារ​ក្រីក្រ ហេតុ​នេះ​បាន​ជំរុញ​ឲ្យ​កញ្ញា​បង្ខំ​ចិត្ត​ប្រកប​របរ​នេះ៖ «ទី​មួយ​ខ្ញុំ​ពិការ​មិន​អាច​ធ្វើ​ការងារ​អី​បាន ម្យ៉ាង​ខ្ញុំ​កូន​កំព្រា​ម្តាយ មាន​ឪពុក​ចាស់ បង​ប្អូន ៣​នាក់​ទៀត សុទ្ធតែ​ពិការ ចឹង​ហើយ​មាន​តែ​របរ​នេះ​ទេ បាន​អាច​ជួយ​ខ្ញុំ និង​ក្រុម​គ្រួសារ​គេច​ផុត​ពី​ជីវភាព​តោក​ខ្វះខាត​យ៉ាក​នេះ»

ស្ត្រី​ពិការ​រូប​នេះ បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួន​បន្ត​ថា កន្លង​មក កញ្ញា​តែង​ដើរ​សុំ​តាម​ហាង និង​ភោជនីយដ្ឋាន​ផ្សេងៗ ដើម្បី​ច្រៀង​គ្រាន់​ចិញ្ចឹម​ជីវិត តែ​ភាគ​ច្រើន​ម្ចាស់​ហាង និង​ភោជនីយដ្ឋាន តែង​បដិសេធ និង​ចង់​បាន​តែ​អ្នក​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ប៉ុណ្ណោះ។ កញ្ញា​ដឹង​ថា សកម្មភាព​ច្រៀង​តាម​ស្តុប​សាធារណៈ ដើម្បី​រៃអង្គាស​ថវិកា ជា​រឿង​ដែល​មិន​សមរម្យ ប៉ុន្តែ​កញ្ញា និង​ជន​ពិការ​ដទៃ​ទៀត​គ្មាន​ជម្រើស​នោះ​ឡើយ។ កញ្ញា​នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​អនុគ្រោះ និង​ចង់​ឃើញ​សាធារណជន​គាំទ្រ​ដល់​ជន​ពិការ៖ «ខ្ញុំ​សូម​គោរព​ដល់​សន្ដាន​ចិត្ត អ៊ំ​ពូ​មីង ពិសេស​រដ្ឋាភិបាល អាណិត​ដល់​ជន​ពិការ​ផង សូម​គិតគូរ​គាំទ្រ​តិច​ក្តី​ច្រើន​ក្តី​ដល់​ជន​ពិការ​ផង»

ទន្ទឹម​គ្នា​នេះ​ដែរ ជន​ពិការ​ភ្នែក​ម្នាក់​ទៀត លោក ហែម ពុទ្ធា បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ពិការ​ភ្នែក​ទាំង​សង​ខាង​ជាង ៧​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា បើ​ប្រៀបធៀប​ជន​ពិការ និង​មនុស្ស​ទូទៅ​ឃើញ​ថា ជន​ពិការ​នៅ​តែ​មាន​គម្លាត​ពី​គ្នា និង​នៅ​តែ​មិន​មាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​សង្គម។ ជាង​នេះ​លោក​ថា ជន​ពិការ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​គេ​រើសអើង និង​ទុក​ចោល​មួយ​ឡែក ហើយ​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ជន​ពិការ​បាត់បង់​ឱកាស​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម។

ជន​ពិការ​ភ្នែក​ប្រគំ​តន្ត្រី ៦២០
ក្រុម​តន្ត្រី​មូលនិធិ​មនុស្ស​ធម៌​ជួយ​ដល់​ជន​ពិការ​ភ្នែក​កម្ពុជា ខេត្ត​កណ្ដាល លោក ដា ល័ក្ខណ៍ ប្រគំ​តន្ត្រី​នៅ​ជិត​ស្តុប​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Uon Chhin

បុរស​ពិការ​ភ្នែក​ដែល​មាន​មាឌ​ស្គម​សម្បុរ​ខ្មៅ​រូប​នេះ បន្ត​ថា មូលហេតុ​សង្គម​មិន​បាន​ឲ្យ​តម្លៃ និង​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ពិការ​នេះ​ហើយ បាន​ជំរុញ​ឲ្យ​ជន​ពិការ​រស់នៅ​ក្នុង​ជីវភាព​លំបាក​លំបិន។ ប៉ុន្តែ​ទាក់ទង​នឹង​វិធានការ​របស់​អាជ្ញាធរ​ក្រុង​វិញ លោក​ថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម មិន​ចង់​ឲ្យ​ជន​ពិការ​ដើរ​ច្រៀង​តាម​ទី​សាធារណៈ​បន្ត​ទៀត រដ្ឋាភិបាល​គួរ​តែ​សាងសង់​កន្លែង​ណា​មួយ​សមរម្យ​ដល់​ជន​ពិការ ដើម្បី​បន្ត​អាជីព​នេះ​បន្ត​ទៀត។ លោក​ថា លោក និង​ជន​ពិការ​ដទៃ​ទៀត ចាត់​ទុក​របរ​ដើរ​ច្រៀង​តាម​ស្តុប​ជា​របរ​តែ​មួយ​គត់​ដែល​អាច​បន្ត​ជីវិត​រស់នៅ និង​ប្រសើរ​ជាង​ចាប់​អាជីព​ជា​អ្នក​ដើរ​សុំ​ទាន​គេ៖ «ចង់​ឲ្យ​រដ្ឋាភិបាល និង​មនុស្ស​ទូទៅ​កុំ​រើសអើង​ជន​ពិការ ធ្វើ​យ៉ាង​ណា​ឲ្យ​ជន​ពិការ និង​អ្នក​ទូទៅ​ស្មើ​គ្នា»

ចំណែក​ឯ​ជន​ពិការ​ភ្នែក​ម្នាក់​ទៀត លោក ម៉ម សំអូន ប្រធាន​មូលនិធិ​តន្ត្រី​ជន​ពិការ​បាន​ឲ្យ​ដឹង​ថា រូប​ខ្លួន​មិន​ទទួល​បាន​ការ​ឧបត្ថម្ភ​ណា​មួយ​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ណា​មួយ​នោះ​ឡើយ។ លោក​ថា វិធានការ​ឲ្យ​បញ្ឈប់​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ​របស់​សាលា​ក្រុង​នៅ​ពេល​នេះ គឺ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ជន​ពិការ ពិសេស​វិធានការ​នេះ​ជា​ការ​រំលោភ​ផ្នែក​សេដ្ឋកិច្ច​របស់​គ្រួសារ​ជន​ពិការ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ចង់​ឃើញ​រដ្ឋាភិបាល គួរ​តែ​ដោះស្រាយ​ផ្តល់​ឱកាស​ការងារ​ដល់​ពួក​គេ ដើម្បី​បម្រើ​ការងារ​បាន​ដូច​មនុស្ស​ធម្មតា ព្រោះ​បច្ចុប្បន្ន ជន​ពិការ​ភាគ​ច្រើន​កំពុង​ជួប​បញ្ហា​ប្រឈម​អត់​មាន​ការងារ​ធ្វើ៖ «ខ្ញុំ​អត់​ចង់​បាន​អី​ទេ ខ្ញុំ​ចង់​បាន​ឲ្យ​តែ​កុំ​ឲ្យ​បិទ​តន្ត្រី​ជន​ពិការ ព្រោះ​ឥឡូវ​ឮ​ថា​សាលា​ក្រុង​ចង់​បិទ​តន្ត្រី​ជន​ពិការ ព្រោះ​បើ​បិទ​ទៅ​ជួប​បញ្ហា​ច្រើន​ណាស់ ព្រោះ​ជន​ពិការ​ខ្លះ​ខ្លួន​មួយ​មិន​អី​ទេ តែ​បើ​ជន​ពិការ​មាន​គ្រួសារ ខ្លះ​មាន​ប្ដី ឬ​ប្រពន្ធ​ជា​ជន​ពិការ​ដូច​គ្នា ចឹង​ហើយ​កុំ​ធ្វើ​ចឹង​អី»

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ធ្លាប់​អះអាង​ថា ជន​ពិការ​មិន​មែន​ជា​បន្ទុក​សម្រាប់​សង្គម​ទេ បើ​សិន​មាន​ការ​បើក​ឱកាស​ឲ្យ​បាន​ត្រឹមត្រូវ​ណា​មួយ ឬ​ធ្វើ​ការ​សម្រប​សម្រួល និង​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គេ។ លោក​ថា ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ជន​ពិការ​ណា​មួយ រដ្ឋាភិបាល ពិសេស​ក្រសួង​សង្គមកិច្ច ត្រូវ​តែ​ធានា​ថា ឲ្យ​ជន​ពិការ​ទទួល​បាន​សិទ្ធិ និង​ឱកាស​ស្មើ​គ្នា​ដូច​មនុស្ស​ទូទៅ​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ដើម្បី​ដឹង​ពី​វិធានការ​បន្ត​ក្រោយ​បញ្ឈប់​សកម្មភាព​ក្រុម​តន្ត្រី​ជន​ពិការ មិន​ឲ្យ​ច្រៀង​តាម​ទី​សាធារណៈ​បាន​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

ទាក់ទិន​នឹង​ការ​បញ្ឈប់​ឲ្យ​ជន​ពិការ​ច្រៀង​រៃអង្គាស​ប្រាក់​តាម​ទី​សាធារណៈ​នេះ​ដែរ កាល​ពី​ខែ​កញ្ញា កន្លង​ទៅ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ចាប ឬទ្ធី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា វិធានការ​នេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព សុខភាព និង​ដើម្បី​ធានា​សិទ្ធិ​របស់​បង​ប្អូន​ជន​ពិការ។ ជាង​នេះ​ទៀត លោក​ថា រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​រក​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ជន​ពិការ និង​ធានា​ថា ជន​ពិការ​អាច​ទទួល​សេវា​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកប​ដោយ​គុណភាព និង​សមភាព​ដូច​មនុស្ស​ទូទៅ​ដែរ។

ជន​ពិការ​ដែល​តែង​ធ្វើ​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ ដើម្បី​រៃអង្គាស​ថវិកា​ដើម្បី​ចិញ្ចឹម​ជីវិត នៅ​តែ​រិះគន់​ថា វិធានការ​របស់​សាលា​ក្រុង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ជន​ពិការ​នៅ​កម្ពុជា។ ក្រុម​តន្ត្រី​ជន​ពិការ អំពាវនាវ​ឲ្យ​សាលា​ក្រុង ជាពិសេស​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បញ្ឈប់​វិធានការ​ដែល​មិន​បាន​លើក​ទឹក​ចិត្ត​ជន​ពិការ និង​សកម្មភាព​ដែល​រំលោភ​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច​ជន​ពិការ។

សន្និសីទ​កាសែត​អបអរ​សាទរ​ខួប ៦​ឆ្នាំ​នៃ​ការ​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដែល​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា កន្លង​ទៅ ជន​ពិការ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​នោះ ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​រស់នៅ​របស់​ជន​ពិការ ពិសេស​ជំរុញ​ឲ្យ​ជន​ពិការ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា ព្រោះ​ថា ជន​ពិការ​មាន​ប្រមាណ​ជាង ១០% ទៅ ១៥% ដែល​អាច​ស្មើ​នឹង ១​លាន ៥​សែន​នាក់​នៅ​ក្នុង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។