ម៉ូតូ​បុក​ជាមួយ​រ៉ឺម៉ក​កង់​បី បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២​នាក់​

ប៉ៃលិន: ​បុរស​ម្នាក់​រងរបួស​ធ្ងន់ និង​កុមារី​ម្នាក់​រងរបួស​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៏មួយ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កង់​បី កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ចំណុច​ភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ ឈ្មោះ មុយ រិ​ទ្ធ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរកម្មករ  រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​រងរបួស​ធ្ងន់ ហើយ​បច្ចុប្បន្ន​ជនរងគ្រោះត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន និង​អ្នករួមដំណើរជាមួយ ឈ្មោះ ឌឿ​ង ផាន់​ណា ភេទ​ស្រី អាយុ ១១​ឆ្នាំ  មុខរបរ​សិស្សរស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ដូចគ្នា រងរបួស​ស្រាល​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​ម៉ូតូ​កង់​បី​បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​កង់​បី​ចោលចំងាយ​ពី​កន្លែង​បុក​ប្រហែល​ជាង ២០០​ម៉ែត្រ មូល​ហេតុដែល​បណ្តាល​ឲ្យគ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​មកពី​បើកបរ​មិន​ប្រកាន់​ស្ដាំ និង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹងស្រា​។​

​រីឯ​វត្ថុតាង​ទាំង​២ ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​រងចាំការដោះស្រាយ ៕​