សម្តេច​ហ៊ុនសែន ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​លោក​សមរង្ស៊ី រីឯ​ការបោះឆ្នោត ត្រូវ​ប្រព្រឹត្ត​ទៅតាម​កាល​កំណត់​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​នេះ សម្តេច​ហ៊ុនសែន បាន​ផ្សាយ​ផ្ទាល់​នូវ​វិ​ដេ​អូ តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​។ ក្រៅពី​បន្ថែម​ប្រតិកម្ម​លើ​ករណី​ដែល​សម្តេច បាន​បង្ហោះ​សារ​អក្សរ​ពាក់ព័ន្ធ​ករណី​លោក​សមរង្ស៊ី ក្នុង​វិ​ដេ​អូ​នោះ សម្តេច​ហ៊ុនសែន ក៏បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ប្រឆាំង​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​អត្ថាធិប្បាយ​នានា​របស់លោក នៅក្រៅ​ប្រទេស នា​ប៉ុន្មាន​ថ្ងៃនេះ​។​

​ជាមួយនឹង​ប្រសាសន៍​ព្រមាន​ខាងលើនេះ សម្តេច​ហ៊ុនសែន បានបញ្ជាក់​ទៅកាន់​លោក​សមរង្ស៊ី ឲ្យ​ប្រយ័ត្នប្រយែង​ក្នុងការ​និយាយស្តី ព្រោះ​បើសិនជា​តុលាការ ចាត់វិធានការ​ផ្លូវច្បាប់​លើក​នេះ គឺ​សម្តេច​នឹងមិន​ស្នើ​ទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បី​លើកលែងទោស​ដល់​លោក​សមរង្ស៊ី ទៀត​នោះទេ​។ នេះ​ជាការ​អនុវត្ត​ច្បាប់ ទល់នឹង​បទល្មើស មិនមែនជា​ការគាបសង្កត់​អ្វី​ទេ​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាសថា នៅ​ប្រទេស​ជប៉ុន លោក​សមរង្ស៊ី បាន​ចោទ​ប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត ទើប​បង្កើត​ព្រឹត្តិការណ៍​ធ្វើបាតុកម្ម ប្រឆាំង​លោក​កឹម​សុខា ហើយ​មានការ​វាយ​អ្នកតំណាងរាស្ត្រ ២ រូប​ឲ្យ​របួស និង​បោះឆ្នោត​ទម្លាក់​លោក​កឹម​សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ជាដើម​។​

​ក៏ប៉ុន្តែ​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់​យ៉ាងច្បាស់ នៅ​ថ្ងៃទី​១២​វិច្ឆិកា​នេះ​ថា ការបោះឆ្នោត នឹង​ប្រព្រឹត្ត​ទៅតាម​កាលកំណត់​។ ពោលគឺ​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹងធ្វើ​ឡើង​នៅ​ពាក់កណ្តាល ឆ្នាំ​២០១៧ នៅក្នុង​ខែមិថុនា​។ រីឯ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ សប្តាហ៍​ទី​៤ ក្នុង​ខែកក្កដា ឆ្នាំ​២០១៨៕​