សាលាឧទ្ធរណ៍​បន្ថយទោស​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​រឿង​ជួញដូរ​ក្រ​លៀន​ពី​១៥​ឆ្នាំ​​មក​នៅត្រឹម​​៧​ឆ្នាំ​វិញ

រាជធានី​ភ្នំពេញ ៖ ​លោកស្រី ចាន់ ម៉ា​ឌី​ណា ចៅក្រម​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ប្រកាស​សាលដីកា​​ផ្តន្ទាទោស​ស្ត្រី​ឈ្មោះ យ៉ែ​ម អាស៊ី​សាស់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​ ដោយ​បន្ថយទោស​ពី​១៥​ឆ្នាំ​មក​នៅ​៧​ឆ្នាំ​វិញ ពី​បទ​ជាប់ចោទ​ជា​ឈ្មួញកណ្តាល​ក្នុង​ការ​ជួញដូរ​ក្រ​លៀន​មនុស្ស​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ។ ដោយឡែក​បុរស​ពីរ​នាក់​ទៀត​ត្រូវ​សាលាឧទ្ធរណ៍​លើកលែង​បទ​ចោទ​សមគំនិត​ផង​ដែរ ។

ក្នុង​សំណុំរឿង​ជួញដូរ​ក្រ​​លៀន​នេះ លោក លី សុវណ្ណ ប្រធាន​មន្ទីរពេទ្យ​ព្រះ​កេតុមាលា និង​លោក កែវ ដា​វុ​ធ អនុប្រធាន​មន្ទីរពេទ្យ ព្រមទាំង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​ក៏​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ត្រូវ​បាន​ដោះ​លែង​វិញ​ បន្ទាប់​ពី​តុលាការ​រក​ពុំ​ឃើញ​កំហុស ។

លោកស្រី​ចៅក្រម​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​នេះ​ថា ដោយសារ​ជនជាប់ចោទ​ជា​ស្ត្រី​ដែល​ទើប​ប្រព្រឹត្ត​បទល្មើស​ជា​លើក​ទី​១ ហើយ​មានកូន​តូច​ៗ​ក្នុង​បន្ទុក ព្រមទាំង​ភស្តុ​តាង​របស់​មេធាវី​ដែល​ដាក់​ជូន​តុលាការ ។

លោកស្រី​ចៅក្រម​សាលាឧទ្ធរណ៍ ចាន់ ម៉ា​ឌី​ណា ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ដោយ​សម្រេច​ទៀត​ថា សម្រេច​បន្ថយ​ទណ្ឌកម្ម​លើ​ឈ្មោះ យ៉ែ​ម អាស៊ី​សាស់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ដោយ​បន្ថយ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ​មក​នៅ​ទោស​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​វិញ ។ ដោយឡែក​បុរស​ចំណាស់ យ៉ែ​ម ផល្លា និង​ឈ្មោះ ផេង សប្បាយ សម្រេច​លើកលែង​បទ​ចោទ​សមគំនិត​ក្នុង​អំពើ​ជួញដូរ​ក្រ​លៀន​នេះ ៕