​​ប្រាក់​កឋិនទាន១៣​លាន​រៀលដែល​បាត់​ ចៅអធិការ​ស្តីទី​ប្រគល់​ឱ្យ​មក​គណៈកម្ម​ការ​វត្ត​វិញ​ហើយ​

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស់​រឿងបាត់ប្រាក់​ក្នុង​អង្គ​កឋិនទានចំនួន​១៣​លាន​រៀលនៅ​វត្ត ​ព្រះ​ឥន្ទ​កោ​សី​ ហៅ​វត្ត​ដំរី​កូន ស្ថិត​ក្នុងភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​រសៀល​ថ្ងៃ​ទី១១ ​វិច្ឆិកា ​​២០១៥ មានការ​កោះ​ប្រជុំ​មួយ​នៅ​ក្នុង​វត្តព្រះ​ឥន្ទទេព ស្ថិត​ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ រវាង​គណៈកម្មការ​វត្ត ចៅអធិការ​វត្ត​ស្តីទី វត្ត​ដំរី​កូន ក្រោម​ព្រះ​អធិបតីភាព ព្រះ​អង្គ អៀង សា​រឿ​ន ព្រះ​អនុគណ​ស្រុក​បរិបូរ​ណ៌ ប្រធាន​កា​រិ​យាល័យ​ធម្មការ​ស្រុក អាជ្ញាធរ​ស្រុក​ និងប្រជាពលរដ្ឋជា​ច្រើន​នាក់​ទៀត ។

​ក្នុង​កិច្ចប្រជុំ​នោះបុរស​ឈ្មោះ យ៉ង់ វ​ណ្ណា ដែល​ត្រូវជា​បង​បង្កើត​របស់ព្រះសង្ឃ យ៉ង់ វ​ណ្ណា​ន ដែលជា​ចៅអធិការ​វត្ត​ស្តីទី វត្ត​ដំរី​កូន បាន​សារភាព​ថា ប្រាក់​ចំនួន​១៣​លានរៀលពិតជា​បាន​ច្រឡំ​ទៅ​ជាមួយថង់យាម​គាត់​មែន ហើយ​បាន​ប្រគល់​ឱ្យព្រះ​អង្គ យ៉ង់ វ​ណ្ណា​ន វិញ​ហើយ និង​បាន​ដាក់​ក្នុង​ធនាគាររួច​ហើយ​ដែរ ហើយ​បាន​សន្យា​នឹង​ប្រគល់​វិញ​នៅ​ថ្ងៃ​ទី២៨ ​វិច្ឆិកា ​​២០១៥ ព្រោះ​ពេល​នេះ​កំពុង​មានរវល់ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី១២ ​វិច្ឆិកា ​​២០១៥ នេះ នៅ​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សី ហៅ​វត្ត​ដំរីកូន ដែល​មានរឿង​មិន​ប្រក្រតី​រឿង​បាត់​លុយ​អង្គ​កឋិនទាន​នេះ មាន​បើក​ការ​ប្រជុំ​ជា​ថ្មី​ទៀត ដោយ​មានការ​សម្របសម្រួល ពី​លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៌ លោក ឆាយ សា​រឿ​ន ប្រធាន​កា​រិ​យាល័យធម្មការ​ស្រុក គណៈកម្មការ​វត្ត រួម​និង​ពុ​ទ្ឋ​បរិ​ស័​ទជា​ច្រើន​នាក់​ទៀត ។

ក្នុង​ការ​ដេញដោល​សួរ​ពីដំបូង​ឡើង ព្រះ​អង្គ​ព្រះ​នាម យ៉ង់ វ​ណ្ណា​ន បាន​ប្រាប់​ថា ប្រាក់​ទាំង​១៣​លានរៀល​នោះ​ គឺ​បាន​ដាក់​នៅ​ធនាគារ ប៉ុន្តែ​ក្រោយ​មានការ​សម្របសម្រួល​គ្នារួច​មក ​ព្រះសង្ឃ​អង្គ​នោះ​បាន​ប្រគល់​ប្រាក់​មួយ​ចំនួន​មក​គណៈកម្ម​ការ​វិញ​ភ្លាម​ៗ និង​បាន​ប្រាប់​ថា រឿង​ប្រាក់​ដាក់​ក្នុង​ធនាគារ គ្រាន់តែ​ជា​ការ​បិទ​បាំង​ដើម្បី​សុវត្ថិ​ភាពនោះ​ទេ ។

ទោះ​យ៉ាងណា ចៅអធិការ​វត្ត​ស្តីទីបាន​ប្រគល់​ប្រាក់​ត្រឹមតែ៧.៩៧៤.០០០​រៀលប៉ុណ្ណោះ ចំណែក​ប្រាក់​នៅ​សល់​ជាង​៥​លាន​រៀល​ទៀត ប្រាប់​ថា ជា​ប្រាក់បច្ច័យ​៤ និង​ប្រាក់​កសាង​វត្ត​នោះ​ទេ ដោយហេតុ​នោះ​ហើយ​អាជ្ញាធរ​ស្រុក លោកតា​អាចារ្យ និង​គណៈកម្មការ​បាន​ព្រម​ទទួលយក​ប្រាក់​ត្រឹមប៉ុណ្ណឹង និង​មិន​ដេញដោល​អ្វី​ទៀត​ឡើយ ។

​លោក ឃួ​ន សៅ​រុំ អភិបាលស្រុកបរិបូរ​ណ៌ ដែល​បាន​ទៅ​សម្របសម្រួល​នៅ​ព្រឹក​នោះ​បាន​ប្រាប់ថា ប្រាក់​បាន​គ្រប់​ចំនួន​វិញ​ហើយ​ គឺ​មិន​បាត់បង់​ឡើយ  ដែល​ផ្ទុយ​នឹង​របាយ​ការ​ណ៏​របស់​គណៈកម្មការវត្ត ដែល​បាន​បង្ហាញ​ពី​ដំបូងប្រាក់​បាន​ពី​អង្គ​កឋិនទាន​មាន​សរុបចំនួន ៨៥.៧៨៦.០០០​រៀល ។

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ បើ​ការ​សម្របសម្រួល​របស់អាជ្ញាធរ​ស្រុកបាន​បញ្ចប់​ទៅ​ដោយ​ព្រមទទួលយក​បាន​ទាំងអស់​គ្នា​ហើយ ប្រជាពលរដ្ឋ គណៈកម្មការ ក៏​មិន​ដេញ​ដោល​ទៀត​ដែរ ហើយ​ពួក​គាត់ក៏​សូម​អរគុណ ដែល​លោក​អភិបាលស្រុក​មក​ដោះស្រាយ​បញ្ចប់រឿង​នេះ​បាន​ចប់​យ៉ាង​លឿន​បែប​នេះ​៕
                                                                                                    ​