សម្តេចតេជោ​ ហ៊ុន សែន​ ព្រមានចាត់វិធានការ​ផ្លូវច្បាប់លើលោក ​សម រង្ស៊ី ​ប្រសិនបើនៅតែបំពាន

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា​ ប្រសិនបើលោក ​សម រង្ស៊ី ​នៅតែធ្វើ​សេចក្តីថ្លែងការណ៍​បំពាន​​មកលើ​គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល ​សម្តេចតេជោនឹងពិនិត្យ​មើលទិដ្ឋភាព​ផ្លូវច្បាប់ដើម្បី​ចាត់ការតាមប្រព័ន្ឋតុលាការ ។

នៅក្នុងការផ្សាយផ្ទាល់​បកស្រាយអំពីការ​លើកឡើងជាលក្ខណះ​វាយប្រហារពីបក្សប្រឆាំង​មកលើសម្តេចតេជោ​កាលពីពេលថ្មីៗបំផុតកន្លងមកនេះ​ សម្តេច​នាយករដ្ឋមន្រ្តី​បានព្រមានទៀតថា ​បើសិនជា​ចាត់វិធានការផ្លូវច្បាប់​ លោក សម រង្ស៊ី ​កុំរត់ ។

ជាការកត់សម្គាល់​ការព្រមានរបស់សម្តេចតេជោ ​ហ៊ុន សែន ​តាមការផ្សាយផ្ទាល់​នៅលើបណ្តាញទំនាក់ទំនង​សង្គមនារសៀលថ្ងៃទី១២ វិច្ឆិកានេះ​ បានធ្វើឡើងភ្លាមៗ​បន្ទាប់​ពី​លោកសម​ រង្ស៊ី ​ពីប្រទេសជប៉ុនបាន​ត្រូវប្រព័ន្ឋផ្សព្វផ្សាយ​ស្រង់ប្រសាសន៍ថា ​រដ្ឋាភិបាលនឹងប្រើមធ្យោបាយ​មិនឲ្យមានការបោះឆ្នោត​ឆ្នាំ២០១៨​ និង ហៅខ្លួនឯង​ថាជា​មេដឹកនំា​មានគុណធ៌ម ​ក្រោយពេលដែលសម្តេចតេជោ​ ហ៊ុន សែន ​ហៅលោក សម រង្ស៊ី​ ​ថាជាកូនជនក្បត់ជាតិ ។

ជនក្បត់ជាតិដែល​សម្តេចនាយករដ្ឋមន្រ្តី​លើកឡើងនៅលើបណ្តាញទំនាក់ទំនង​សង្គមកាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១២ វិច្ឆិកានេះ ​គឺសំដៅដល់​លោក សម សារី ជាឪពុកបង្កើត​របស់លោក សម រង្ស៊ី ​ត្រូវបានសម័យសង្គមរាស្រ្តនិយម​ដឹកនំាដោយ​សម្តេចព្រះនរោត្តមសីហនុ ​(ព្រះបរមរតនកោដ្ឋ) ​ហៅថាជាជនក្បត់ជាតិនោះ ។

ដោយឡែកនៅក្នុង​ការបកស្រាយនៅ​រសៀលថ្ងៃព្រហស្បតិ៍ដដែលនេះដែរ ​សម្តេចតេជោ ហ៊ុន សែន​ ក៍បានប្រកាសជាថ្មីម្តង​ទៀតថា​ ការបោះឆ្នោត​ជ្រើសតំាងតំណាង​រាស្រ្ត​នីតិ​កាលទី៦ ​នឹងប្រព្រឹត្តទៅនៅអាទិត្យទី៤​នៃខែកក្កដា ​ឆ្នាំ ២០១៨ដដែល គ្មានការប្រែប្រួលនោះទេ ៕