អឺរ៉ុប​ចរចា​ថ្លៃ​ជនភៀសខ្លួន​ជាមួយ​អាហ្វ្រិក​

​នៅ​ទីក្រុង​វ៉ា​ឡែ​តនៃ​ប្រទេស​ម៉ា​ល់ត៍ តាំងពី​ថ្ងៃ​ពុធ​ម្សិលមិញ រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​សហភាព​អឺរ៉ុប​និង​ប្រទេស​អាហ្វ្រិក​សរុប​ជាង​៥០ បាន​ជួប​ពិភាក្សាគ្នា ពី​បញ្ហា​ជនភៀសខ្លួន​ដែល​កំពុងតែ​ជាន់ក​ទ្វីបអឺរ៉ុប​បច្ចុប្បន្ន​។ គណៈកម្មការ​អឺរ៉ុប​បានផ្តល់​ជំនួយ​ជា​ផ្លូវការ ១៨០០​លាន​អឺរ៉ូ ដល់​ទ្វីបអាហ្វ្រិក ដើម្បី​ឲ្យ​អាហ្វ្រិក​ជួយ​ទប់ស្កាត់​ការហូរចូល​នៃ​ជនអន្តោប្រវេសន៍​អាហ្វ្រិក ក្នុង​ទ្វីបអឺរ៉ុប​។

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​

​បញ្ហា ជនភៀសខ្លួន​នៅ​អឺរ៉ុប នៅតែ​មិនទាន់​ដោះស្រាយ​ចេញ​នៅឡើយ​ទេ​។ ជនភៀសខ្លួន​ស៊ី​រី និង​អ៊ីរ៉ាក់​នៅតែ​បន្ត​ហូរ​ចូល​ទឹកដី​អឺរ៉ុប ដោយ​ឆ្លងកាត់​តំបន់​បាល់​កង់​។ ដោយសារ​បញ្ហា​នេះ គ្រប់គ្នា​ហាក់​ភ្លេច​គិតពី​ជនអន្តោប្រវេសន៍​អាហ្វ្រិក ដែល​ហូរ​ចូល​ទឹកដី​អឺរ៉ុប តាម​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​។ លើក​នេះ អឺរ៉ុប​ងាក​ទៅរក​អាហ្វ្រិក​វិញ​ម្តង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

​ជនភៀសខ្លួន​អាហ្វ្រិក​ខ្លះ ដែល​ឆ្លងតាម​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ ជា​ជនភៀសខ្លួន​សេដ្ឋកិច្ច ចង់​មករក​ការងារ​និង​ប្រាក់កាស​នៅ​អឺរ៉ុប​។ សហភាព​អឺរ៉ុប​ចង់​ឲ្យ​រដ្ឋាភិបាល​បណ្តា​ប្រទេស​អាហ្វ្រិក ព្រម​ទទួលយក​ប្រជាជន​ខ្លួន​ដែល​ត្រូវ​អឺរ៉ុប​បណ្តេញ​ចេញពី​ទឺ​កដី​នោះ ឲ្យ​ចូល​ក្នុងស្រុក មានការ​ងារ​ធ្វើ​ក្នុងសង្គម​ឡើងវិញ​។ នេះ​ជា​ទិសដៅ​ដែល​ចែង​ក្នុង​មូលនិធិ​ជំនួយ​១៨០០​លាន​អឺរ៉ូ ដែល​សហភាព​អឺរ៉ុប​បានផ្តល់​ជា​ផ្លូវការ ដល់​ទ្វីបអាហ្វ្រិក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ ក្នុង​គម្រោង​ជំនួយ​នេះ អាហ្វ្រិក​ក៏ត្រូវ​បង្កើត​ការងារ ក្នុង​តំបន់​ដែល​ប្រជាជន​ចង់​ភៀសខ្លួន​ផងដែរ ដើម្បី​ទប់ស្កាត់​ពួកគេ​កុំអោយ​រត់ចោលស្រុក​។

​អឺរ៉ុប និង​អាហ្វ្រិក ក៏បាន​ជជែក​គ្នា​ដែរ​ពី​ករណី​អន្តោប្រវេសន៍​ស្របច្បាប់ តួយ៉ាង​ការសម្រួល​ដល់​ការជួយ​ប្រជាជន​អាហ្វ្រិក​ឲ្យ​បានធ្វើ​ដំណើរ​កំសាន្ត ធ្វើការ​សិក្សា រឺ​កិច្ចការ​ផ្សេងៗ ក្នុង​ទឹកដី​អឺរ៉ុប​។ អឺរ៉ុប​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​ប្រធានបទ​នេះ ព្រោះ​វា​ទាក់ទង​នឹង​សេដ្ឋកិច្ច​អឺរ៉ុប​។​

​ដោយឡែក ក្នុងជំនួប​នៅ​ក្រុង​វ៉ា​ឡែ​ត ថ្ងៃ​ព្រហស្បតិ៍​នេះ សហភាព​អឺរ៉ុប​ក៏​មិន​ភ្លេច​លើក​និយាយ​ពី​បញ្ហា​ជនភៀសខ្លួន​តំបន់​បូព៌ា មកពី​ស៊ី​រី​ដែរ​។

​អឺរ៉ុប​ចង់​បើក​ជំនួប​កំពូល​មួយ​ជាមួយ​តួ​ក​គី មុន​ដំណាច់​ឆ្នាំនេះ​។ បញ្ហា​ជនភៀសខ្លួន​នៅតែ​បន្ត​រឹត​ក​អឺរ៉ុប​រៀងរាល់ថ្ងៃ​។ កាលពី​ថ្ងៃ​ពុធ ស្លូ​វេ​នី​បាន​សង់​របង​នៅ​ព្រំដែន​ជាមួយ​ក្រូ​អាស៊ី ដើម្បី​ងាយស្រួល​ត្រួតពិនិត្យ​ចំនួន​ជនភៀសខ្លួន​។ ទោះ​យ៉ាងនេះ​ក្តី បើ​យោងតាម​រដ្ឋាភិបាល​ស្លូ​វេ​នី ព្រំដែន​ស្លូ​វេ​នី​នៅតែ​បើកចំហ​ដរ​ដែល​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​