ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​គំរាម​ប្រើ​ហិង្សា​បើ​ក្រុមហ៊ុន​ចិន​នៅ​តែ​បន្ត​ឈូស​ឆាយ​លើ​ដី​តំបន់​ជម្លោះ

ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា អាជ្ញាធរ​ធ្វើ​ការងារ​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​ចិន។ ការ​អះអាង​បែប​នេះ ក្រោយ​ពេល​អាជ្ញាធរ​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​ម្តង​ជា​ពីរ​ដង មិន​ឲ្យ​ចូល​ទៅ​ធ្វើ​សកម្មភាព​ណា​មួយ​នៅ​តំបន់​ដី​ជម្លោះ​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ចិន ស្រប​ពេល​ក្រុមហ៊ុន​នៅ​តែ​បន្ត​ចូល​ឈូស​ឆាយ​លើ​ដី​ជម្លោះ​បាន​ដដែល។

ប្រជាពលរដ្ឋ​នៅ​ភូមិ​បុស្សស្នោ ឃុំ​ត្រពាំងព្រីង ប្រមាណ​ជិត ១០០​នាក់ នាំ​គ្នា​ទៅ​ហាម​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវ៉េន អ៊ិនវេសមេន (Haminivent Investment) ដែល​បាន​ឈូស​ឆាយ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ​នៅ​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា។

ពលរដ្ឋ​នៅ​ភូមិ​បុស្សស្នោ លោក ចាន់ សុផល មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២១ តុលា និង​នៅ​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ និង​តំណាង​ក្រុមហ៊ុន មិន​ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ​នៅ​តំបន់​ដី​ជម្លោះ​ឡើយ។ ក្រោយ​មក​ទៀត អាជ្ញាធរ​បាន​ប្រាប់​តំណាង​ពលរដ្ឋ​ជា​ហូរហែ មិន​ឲ្យ​ប៉ះពាល់​នៅ​តំបន់​ដី​ជម្លោះ តែ​ធាតុ​ពិត ខាង​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ ៤​គ្រឿង​ទៅ​ឈូស​ឆាយ​នៅ​ចំណុច​មាន​បញ្ហា ដោយ​មិន​ឃើញ​អាជ្ញាធរ​ចាត់​វិធានការ​ទេ៖ «សូម្បី​អភិបាល​ស្រុក​ចេញ​សេចក្តី​ប្រកាស ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ ប៉ុន្តែ​ក្រុមហ៊ុន​ចិន នៅ​តែ​បន្ត​ការ​ឈូស​ឆាយ»

ដី​មាន​ជម្លោះ​នៅ​ភូមិ​បុស្សស្នោ ជាង ២០០​ហិកតារ កំពុង​មាន​ចម្រូងចម្រាស​រវាង​អ្នក​ភូមិ​ជិត ១០០​គ្រួសារ។ វិវាទ​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ខាង​ក្រុមហ៊ុន​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ដោយ​គ្រាន់​តែ​ផ្ដិត​មេដៃ​ប្រគល់​ប្រាក់ ស្រប​ពេល​ដី​នោះ​ជា​ប្រភេទ​ដី​ព្រៃ​លិច​ទឹក​របស់​ប្រជា​សហគមន៍​នៅ​ទីនោះ ហើយ​កាល​ណោះ ពលរដ្ឋ​យល់ព្រម​លក់​ដី​ចំនួន ១៧៥​ហិកតារ​ក្នុង​ចំណោម​ដី​សរុប​ជាង ៤០០​ហិកតារ (៤៤៥​ហិកតារ)។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​ភាគី​ក្រុមហ៊ុន​បាន​នៅ​ទេ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា។

យ៉ាង​ណា អភិបាល​ស្រុក​តំបែរ លោក នាថ រ៉ាវុធ មាន​ប្រសាសន៍​ថា តាម​ពិត​ដី​នៅ​តំបន់​មាន​ជម្លោះ​ទាំង​ជាង ៤០០​ហិកតារ គឺ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​លក់​ឲ្យ​ក្រុមហ៊ុន​ចិន រួច​រាល់​ហើយ​កាល​ពី​ឆ្នាំ​២០១១។ នេះ បើ​យោង​តាម​ឯកសារ​ដែល​លោក​មាន ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​របៀប​លក់​ទិញ​នោះ​យ៉ាង​ណា​ឡើយ ពីព្រោះ​លោក​ទើប​ទទួល​តំណែង​ជា​អភិបាល​ស្រុក។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ពិត​ជា​បាន​ប្រាប់​ភាគី​ទាំង​សង​ខាង​មិន​ឲ្យ​ចូល​ធ្វើ​សកម្មភាព​នៅ​លើ​ដី​ទំនាស់​ប្រាកដ​មែន ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន ចេះ​តែ​នាំ​គ្នា​ចូល​ធ្វើ​សកម្មភាព​លើ​ដី​ជម្លោះ រីឯ​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន គឺ​មិន​ស្ថិត​នៅ​លើ​ដី​ទំនាស់​ទេ។ លោក​បន្ត​ថា បញ្ហា​នេះ គឺ​ស្មុគស្មាញ ដែល​ត្រូវ​ការ​ពេលវេលា​ដើម្បី​ដោះស្រាយ ហើយ​ខាង​អាជ្ញាធរ​ស្រុក និង​ខេត្ត ថែម​ទាំង​បញ្ជូន​របាយការណ៍​ទៅ​ក្រសួង​ដែនដី ទៀត​ផង ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប៖ «បាន​ន័យ​ថា អភិបាល​ខេត្ត​លោក​បាន​ប្រឹងប្រែង​លើ​បញ្ហា​ហ្នឹង​ណាស់ ដោយ​យើង​មិន​បាន​កាន់​ជើង​ខាង​ណា​ទេ។ ក្នុង​នាម​អាជ្ញាធរ​ស្រុក និង​ខេត្ត លោក​ឈរ​កណ្ដាល»

អភិបាល​ស្រុក​ដដែល​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​គប្បី​អត់ធ្មត់​រង់ចាំ​ការ​ដោះស្រាយ ជៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ណា​មួយ​ដែល​នាំ​ឲ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ​ជាង​នេះ។

ទោះ​បី​ជា​យ៉ាង​ណា តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ភឹម ខេមា អះអាង​ថា ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ គឺ​ជា​ដី​ទំនាស់។ បញ្ហា​នេះ ពលរដ្ឋ​យល់​ថា អាជ្ញាធរ​លម្អៀង​ទៅ​ខាង​ភាគី​ក្រុមហ៊ុន។ ដូច​នេះ ពួក​គាត់​ក៏​នាំ​គ្នា​ចេញ​ទៅ​ហាម​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង។ អ្នកស្រី​ថែម​ទាំង​ព្រមាន​ថា ប្រសិន​បើ​ក្រុមហ៊ុន​ចេះ​តែ​បន្ត​ឈូស​ឆាយ​លើ​ដី​ពួក​គាត់​ទៀត ពលរដ្ឋ​មាន​តែ​ប្រើ​អំពើ​ហិង្សា៖ «អាជ្ញាធរ​ខេត្ត និង​ស្រុក បាន​និយាយ​ជាមួយ​ខ្ញុំ​រួច​រាល់​ហើយ ហើយ​គាត់​នៅ​តែ​ធ្វើ​ទៀត។ អ៊ីចឹង​ពលរដ្ឋ​លែង​ស្តាប់​ហើយ គឺ​មាន​តស៊ូ​ហ៊ាន​តែ​ចូល​មក ពលរដ្ឋ​បាតុកម្ម​ហើយ»

ដោយឡែក​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត ដែល​បាន​តាម​ដាន​រឿង​នេះ​យល់​ថា ការ​ប្រមូល​ទិញ​ដី​សហគមន៍​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឡើង​ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​នោះ គឺ​ជា​រឿង​ខុស​ច្បាប់​មួយ​ទៅ​ហើយ។ បន្ថែម​ពី​នេះ រឿង​ជន​បរទេស ឬ​ក្រុមហ៊ុន​បរទេស​ទិញ​ដី​ពី​ពលរដ្ឋ​ខ្មែរ គឺ​ជា​រឿង​ខុស​ច្បាប់​មួយ​ទៀត៖ «វា​ជា​ការ​ឃុបឃិត ព្រោះ​មាន​អាជ្ញាធរ​ភូមិ-ឃុំ​មួយ​ចំនួន បាន​យក​ប្រាក់​ទៅ​ឲ្យ​ពលរដ្ឋ​ម្នាក់ ១០០ ២០០ ៣០០​ដុល្លារ ឲ្យ​តែ​បាន​ផ្ដិត​មេដៃ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ព្រោះ​លោក​បារម្ភ​ខ្លាច​ក្រែង​តែ​មាន​ផ្ទុះ​អំពើ​ហិង្សា​កើត​ឡើង​ជា​ថ្មី​ទៀត​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ត្បិត​កន្លង​មក​ធ្លាប់​មាន​អំពើ​ហិង្សា​ម្តង​រួច​ទៅ​ហើយ​រហូត​ចាប់​ពលរដ្ឋ​ម្នាក់​ទៅ​ឃុំឃាំង​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។