បង្ហាញមុខ​សញ្ញា​ប្លន់​ប្រដាប់អាវុធ យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ ៣​នាក់

ភ្នំពេញ: កម្លាំង​នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ រាជធានី​ភ្នំពេញ សហការ​ជាមួយនគរបាល ខណ្ឌ​ពោធិ សែន​ជ័យ ខណ្ឌចំការមន​និង​ខណ្ឌ​​ទួលគោក ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ជួន សុវណ្ណ បាន​បើក​ប្រតិបត្តិការ ក្នុង​រយ​:​ពេលប៉ុន្មាន​ថ្ងៃនេះ ឈានទៅដល់​ការបង្ក្រាប​មុខសញ្ញា​ប្លន់​​ប្រដាប់អាវុធ​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ បាន​ចំនួន ៣​នាក់ ព្រមទាំង​ដកហូត​បាន​កាំភ្លើង និង​ម៉ូតូ​សម្រាប់ធ្វើសកម្មភាព​ទៀតផង ។​

​នៅក្នុង​សន្និសីទកាសែត បង្ហាញមុខ​ជនសង្ស័យ​ទាំង​៣​នាក់ នា​រសៀល​ថ្ងៃទី​១២ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ង់ លោក អេង សោភាបានអោយដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះ ពៅ ភ​ត្រា ហៅ​ច​ន អាយុ​២១​ឆ្នាំមុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៩ ផ្លូវលំ សង្កាត់​ចោមចៅ ។ ទី​២.​ឈ្មោះ ធីសុវណ្ណ​រិ​ទ្ឋ ហៅ​ក្រិ​ដ្ឋ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២១៣F ផ្លូវលេខ​១៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​និង​ទី​៣.​ឈ្មោះ ជា សុវណ្ណ ហៅ​គា អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៣ ផ្លូវ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវខណ្ឌចំការមន ។​

 ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម ម៉ាក​រ៉ូឡូ ម៉ូតូ​ម៉ាក XR250ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-0313 ម៉ាក ស៊ុយ​ស៊ូ​គី​ឡេ​ត និង​មី​អូ ហើយ​ជនសង្ស័យ​ទាំង​៣​នាក់ សារភាពថា បាន​ប្លន់​ចំនួន​២​លើក ដោយ​លើក​ទី​១នៅវេលា​ទៀបភ្លឺ ថ្ងៃទី​៦ វិច្ឆិកា ស្ថិត​មុខផ្ទះ​លេខ​១៥​សេ​ផ្លូវ​លេខ​៣០០ ភូមិ​២ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន និង​លើក​ទី​២ ប្លន់​យក​ម៉ូតូ​ឡេ​ត នៅវេលា​ម៉ោង ៤​និង៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៩ ខែតុលា​ស្ថិតនៅ​មុខផ្ទះ​លេខ​អា​៨២ ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

​ជាមួយគ្នានេះ លោក​អេង សោភា បាន​បញ្ជាក់ថា ពួក​ទាំង​៣​នាក់​នេះ និង​បក្ខពួក ក៏ជាប់​ពាក់​ព័​ន្ឋ​សកម្មភាព​ប្លន់ កន្លងមក​ផងដែរ ក្នុងនោះ​ក៏​អាច​ជាប់​ពាក់​ព័​ន្ឋ បាញ់​ប្លន់យក​ម៉ូតូ ឌូ​ក នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ៕​