សួន សេរីរដ្ឋា ថា​បើ CPP ចាញ់​ឆ្នោត មាន​ឬគ្មាន​«សង្គ្រាម» អាស្រ័យ​លើ​ទឹកចិត្ត​កងទ័ព

«មានឬគ្មានសង្គ្រាម អាស្រ័យលើទឹកចិត្តកងទ័ព មិនអាស្រ័យលើពួកអ្នកនយោបាយទេ។ បើកងទ័ព ស្គាល់​ពី​ភាព​អព្យាក្រិត្យ​របស់​ខ្លួន ស្គាល់ពីកាត្វកិច្ចរបស់ខ្លួន ជាកងទ័ព នោះអ្នកនយោបាយណាឈ្នះ ក៏​គ្មាន​សង្គ្រាម​ដែរ។»
សួន សេរីរដ្ឋា ថា​បើ CPP ចាញ់​ឆ្នោត មាន​ឬគ្មាន​«សង្គ្រាម» អាស្រ័យ​លើ​ទឹកចិត្ត​កងទ័ព
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន។ (រូបថត AFP)

សង្គ្រាមវាមិនអាចកើតមានបានឡើយ បើទោះបីគណបក្សណាឈ្នះឆ្នោតក៏ដោយ។ ហើយវាមាន ឬគ្មាន​សង្គ្រាម វាអាស្រ័យលើកងទ័ព មិនអាស្រ័យលើអ្នកនយោបាយនោះទេ។ នេះជាការអះអាង របស់​ប្រធាន​គណបក្ស​អំណាចខ្មែរ លោក សួន សេរីរដ្ឋា ក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកសារព័ត៌មាន។

ប្រធានគណបក្ស ដែលទើបបង្កើតថ្មី បានអះអាងថា កងទ័ពទាំងអស់ ដែលជាកូនចៅរបស់ខ្មែរបច្ចុប្បន្ននេះ មិនចង់ធ្វើសឹក បង្ហូឈាម និងបង្កជាសង្គ្រាមនោះទេ។ ប៉ុន្តែសង្គ្រាមអាចកើតឡើង ប្រសិនបើក្រុមមួយ ដែល​លោក សេរីរដ្ឋា បានហៅថា «អ្នកល្មោភអំណាចនៅកម្ពុជា» ដែលខ្លាចបាត់បង់បុណ្យស័ក្តរបស់ខ្លួន បូករួម​នឹងការបង្ហាញភាពស្មោះត្រង់ នឹងមេរបស់ខ្លួននោះ មុខជាត្រូវបង្ខំឲ្យកងទ័ព ដែលមានក្នុងដៃរបស់ខ្លួន ឲ្យ​ធ្វើ​អ្វី​មួយ តាមអ្វីដែលខ្លួនត្រូវការ និងចង់បាន។

លោកនៅតែអះអាងបន្ថែមថា អ្នកនយោបាយណាឈ្នះឆ្នោតក៏ដោយ នៅកម្ពុជា វាក៏នឹងគ្នានសង្គ្រាម​នោះ​ដែរ បើពលរដ្ឋ កងទ័ព និងអ្នកនយោបាយនោះ ក្លាហានប្រឆាំងអំណាចផ្តាច់ការ និងទទួលស្គាល់ នូវ​លទ្ធផល​នៃការបោះឆ្នោត។ លោកបញ្ជាក់ថា៖ «យ៉ាងណាខ្ញុំយល់ឃើញថា បើអ្នកនយោបាយ មានភាព​ក្លាហាន​គ្រប់គ្រាន់ បើម្បីប្រឆាំងនឹងមេដឹកនាំផ្តាច់ការ ប្រឆាំងនឹងរបបផ្តាច់ការ ហើយហ៊ានតស៊ូ​គ្រប់​បែប​យ៉ាង ដោយ​ឈរនៅជួរមុខនៃសមរភូមិ នយោបាយ ទាំងកងទ័ព ទាំងពលរដ្ឋ ទាំងបញ្ញាវ័ន្ត ទាំងយុវជន គេ​នឹង​ជួយ​អ្នក​នោះ ហើយវានឹងអត់មានសង្គ្រាមកើតឡើងទេ។»

មិនអាចទាក់ទង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីបកស្រាយ ទៅនឹង​ការអះអាងរបស់លោក សួន សេរីរដ្ឋា ខាងលើនេះបានទេ នៅពេលនេះ។ ក្នុងពេលកន្លងមក លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សន តែងតែផ្ញើរសារនយោបាយ ជារឿយៗថា កម្ពុជា​នឹងធ្លាក់ចូល ទៅក្នុងសង្គ្រាមរាំងជល់​ជា​ថ្មី​ទៀត បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។

លោកសួន សេរីរដ្ឋា បានលើកសំដីរបស់លោកនាយករដ្ឋមន្រ្តី ដែលធ្លាប់លើឡើងដូច្នេះថា «បើលេងកុំខឹង បើខឹងកុំលែង»។ អញ្ចឹងហើយ ទើបលោក រដ្ឋា ស្នើទៅអ្នកនយោបាយទាំងអស់ រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ផងថា៖ «បើចាញ់កុំខឹង បើខឹង កុំប្រលូកក្នុងនយោបាយ»។ (...) កុំគម្រាមអ្វីៗ ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងសន្តិសុខអារម្មណ៍របស់ពលរដ្ឋ... ដែលមេដឹកនាំ ដែលអ្នកនយោបាយ ដែលរដ្ឋាភិបាលនេះ កំពុងតែបន្លាចពលរដ្ឋខ្លួនឯង។»


» សូមស្តាប់ការបកស្រាយ របស់លោក សួន សេរីរដ្ឋា ដូចខាងក្រោម៖