សម្តេច ស ខេ​ង ៖ នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច ហ៊ុន សែន ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា

​រាជធានី​ភ្នំពេញ​ ៖​ នៅ​ក្នុង​បាឋ​កថា​ប្រកបដោយ​ខ្លឹមសារ​នយោបាយ​ដ៏​ជ្រោ​ល​ជ្រៅ​របស់​សម្តេច​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​វិច្ឆិកា​នេះ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល សម្តេច​បាន​បញ្ជាក់​ថា នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំ​មក​នូវសន្តិភាព​ដ៏​ពេញលេញ​មួយ និង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​មុខមាត់​របស់​ប្រទេស​កម្ពុជា ដែល​ប្តូរ​ពី​ប្រទេស​មួយ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង​នូវ​ធនធានមនុស្ស ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សង្គម ប្រភព​គ្រប់គ្រង​ប្រទេស ដោយសារ​សង្គ្រាមស៊ីវិល របប​ប្រល័យពូជសាសន៍ ជម្លោះផ្ទៃក្នុង មក​ជា​ប្រទេស​ដែល​មាន​សន្តិភាព មាន​ស្ថិ​រ​ភាព​នយោបាយ ស្ថិរ​ភាព​សង្គម មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​គួរ​បញ្ជាក់​ថា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​រៀបចំ​ការ​ធ្វើ​បា​ឋ​កថា​មួយ​សម្រាប់​វគ្គ​វិក្រឹត្យការ​កម្មសិក្សាការី​ឆ្នាំ​២០១៥ ដោយ​មានការ​ចូលរួម​ពី​សម្តេច​ក្រ​ឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​វត្តមាន​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត រួម​ទាំង​មន្ត្រីរាជការ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ជា​ច្រើន​នាក់ ។         

បទ​បាឋ​កថា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ធ្វើ​ឡើង​ទាក់ទង​នឹង​កំណែទម្រង់​វិមជ្ឈការ ​និង​វិ​សហ​មជ្ឈការ​នៅ​កម្ពុជា ។ ការ​បោះ​ឆ្នោត និង​កំណែទម្រង់​ការ​បោះ​ឆ្នោត ការ​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សម្រាប់​ការ​បោះ​ឆ្នោត​ និង​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៕
    ​​