នាយករដ្ឋមន្រ្តី បញ្ជាក់​ពី​ភាព​ខុស​គ្នា​សភាព​ការណ៍​បោះ​ឆ្នោត​នៅ​មីយ៉ាន់​ម៉ា​និង​កម្ពុជា

ភ្នំពេញ៖ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ដ៏ពេញនិយម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ខែវិច្ឆិកា ឆ្នាំ២០១៥ បានបញ្ចេញប្រតិកម្ម តបដោយមិនសំចៃ វាយបកទៅនឹងសម្តីឆន្ទាឥតអៀនខ្មាសរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងទាក់ទងនឹង សភាពការណ៍បោះឆ្នោត នៅប្រទេសភូមា រឺមីយ៉ាន់ម៉ា ជាមួយនឹងកម្ពុជា។

ដោយធ្វើសេចក្តីថ្លែងការណ៍ផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការពន្យល់ និងបញ្ជាក់ពីសភាពការណ៍ខុសគ្នា រវាងការបោះឆ្នោតនិងភូមានិងនៅកម្ពុជា។

សម្តេចបានលើកឡើងថា នៅភូមា មិនដែលមានការបោះឆ្នោត ដោយមានការចូលរួមពី គណបក្សប្រឆាំងនោះទេ នារយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ដែលកាលពីឆ្នាំ២០១២ មានការបោះឆ្នោតបំពេញបន្ថែម អសនៈនៅក្នុងរដ្ឋសភា។ រីរដ្ឋធម្មនុញ្ញភូមា បានចែងច្បាស់រួចទៅហើយថា ២៥ភាគរយនៃអសនៈសភា ត្រូវផ្តល់ទៅឱ្យពួកយោធា ដោយមិនចាំបាច់មានការបោះឆ្នោត រឺនៅកម្ពុជា មិនមានបែបនេះនោះទេ ពោលអ្នកតំណាងរាស្រ្ តទាំងអស់ត្រូវបានជ្រើសរើសចេញ ពីការបោះឆ្នោតសាកល។

សម្តេចបានលើកឡើងទៀតថា នៅភូមា មានកម្លាំងប្រដាប់អាវុធច្រើន និងចែក ជាក្រុមដែលរដ្ឋាភិបាលភូមា មិនអាចគ្រប់គ្រងបាននៅឡើយ ដែលចំណុចនេះខុសប្លែកកម្ពុជា ដែលរាជរដ្ឋាភិបាលអាចគ្រប់គ្រងបាន។

សម្តេចតេជោ បានហៅឃោសនារបស់លោក សមរង្ស៊ីថាជាការដណ្តើម ជ័យជំនះពីលោកស្រី អង់ សានស៊ូជី មកដាក់នៅក្នុងគណបក្សរបស់ខ្លួន និងនៅប្រទេសកម្ពុជា។
សម្តេចបានរលឹកផងដែរថា លោកសមរង្ស៊ីរំមែងផ្សារភ្ជាប់បដិវត្តន៍ នៅបណ្តាប្រទេសមួយចំនួននៅអារ៉ាប់ ជាមួយនឹងកម្ពុជា ថា បដិវត្តន៍ពណ៌ទាំងនោះ នឹងឆ្លងចូលមកដល់កម្ពុជា ក្នុងពេលឆាប់ៗនេះ និងជាពិសេសចុងក្រោយបំផុតបដិវត្តន៍នៅអ៊ុយក្រែន។ ប៉ុន្តែមេដឹកនាំបក្សប្រឆាំងរូបនេះ បានថមថយទៅវិញ នៅពេលប្រទេសដែលធ្វើបដិវត្តន៍ទាំងនោះ បានជួបនឹងកលយុគពេញផ្ទៃប្រទេស ជាពិសេសកើតមាននូវសង្រ្គាមស៊ីវិល។

សម្តេចតេជោ បានលើកឡើងថា “សូមឯកឧត្តម ត្រូវយកចំណុចទាំងល្អ និងទាំងអាក្រក់នៅភូមា មកជាមួយផង កុំយកតែអាចំណុចល្អមកនិយាយ”៕

នាយករដ្ឋមន្រ្តី បញ្ជាក់​ពី​ភាព​ខុស​គ្នា​សភាព​ការណ៍​បោះ​ឆ្នោត​នៅ​មីយ៉ាន់​ម៉ា​និង​កម្ពុជា