អាជ្ញាធរ​ខេត្ត​រតនគិរី​គ្រោង​បង្ក្រាប​កាស៊ីណូ​គ្មាន​ច្បាប់​អនុញ្ញាត

មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី​ ប្ដេជ្ញា​បង្ក្រាប​កាស៊ីណូ គ្មាន​ច្បាប់​មួយ​កន្លែង​នៅ​ជិត​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ឋិត​ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ដែល​បើក​លេង​ជាង ៥​ឆ្នាំ​កន្លង​ទៅ​ដោយ​គ្មាន​បង់​ពន្ធ​ចូល​ថវិកា​ជាតិ។ មន្ត្រី​សិទ្ធិមនុស្ស​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ថា ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​កាត់​បន្ថយ​អំពើ​រំលោភ​ច្បាប់។

ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​បទបញ្ជា​របស់​គណៈ​អភិបាល​ខេត្ត​រតនគិរី ដែល​បាន​កំណត់​ឲ្យ​សមត្ថកិច្ច​ស្រុក​អូរយ៉ាដាវ បង្ក្រាប​កន្លែង​បើក​លេង​ល្បែង​ស៊ីសង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បញ្ជាក់​ថា វិធានការ​នេះ​នឹង​ចាប់​អនុវត្ត​​នៅ​ចុង​ខែ​វិច្ឆិកា ដោយសារ​តែ​បច្ចុប្បន្ន​អាជ្ញាធរ​ស្រុក​ជាប់​ភារៈ​មិន​ទាន់​អាច​រៀបចំ​កងកម្លាំង​ចុះ​អនុវត្ត​បទបញ្ជា​នេះ​បាន។

លោក​ទទួល​ស្គាល់​ថា កាស៊ីណូ​ដែល​បើក​លេងល្បែង​ស៊ីសង​នេះ​មិន​មាន​លិខិត​បទដ្ឋាន​ជាក់លាក់​ទាក់ទិន​ច្បាប់​ធ្វើ​អាជីវកម្ម​កាស៊ីណូ។ រី​ឯ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​​បាន​ប្តឹង​ពី​បន​ល្បែង​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​បង្ក​ជម្លោះ​ក្នុង​គ្រួសារ និង​កើត​មាន​អំពើ​​លួច ប្លន់ ក្នុង​មូលដ្ឋាន៖ «ប្រពន្ធ​ក្រុម​គ្រួសារ​ជា​ច្រើន​ប្តឹង​មក​ខ្ញុំ ទាំង​នៅ​ក្រុង​បានលុង ទាំង​អ្នក​នៅ​ស្ទឹងត្រែង ទាំង​ក្នុង​ស្រុក និង​មូលដ្ឋាន ក៏​គេ​សំណូមពរ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​ហ្នឹង​ដែរ ដោយសារ​ប្តី​ខ្មែរៗ ចូល​លេង​ល្បែង​គ្រប់​ប្រភេទ​នៅ​ហ្នឹង។ ក្នុង​នាម​មន្ត្រី​អាជ្ញាធរ ខ្ញុំ​អនុវត្ត​បទបញ្ជា​អភិបាល​ខេត្ត​ឲ្យ​ចប់​កម្មវិធី​ល្បែង​ស៊ីសង​នេះ»

បន​ល្បែង​ដែល​កំពុង​បើក​លេង​នោះ​មាន​ឈ្មោះ​ថា កាស៊ីណូ​ក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង ហ្គ្រុប (AHS King Group) ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា សុខ គឹមសាន្ត។ កាល​ពី​ឆ្នាំ​២០១១ បាន​បើក​លេង​រហូត​មក និង​ឃើញ​មាន​តែ​លិខិត​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ ដែល​បាន​យល់​ព្រម​ជា​គោលការណ៍​លើ​លិខិត​ស្នើ​សុំ​របស់​ក្រុមហ៊ុន​បើក​មជ្ឈមណ្ឌល​កម្សាន្ត​ទេសចរណ៍ រួម​មាន សណ្ឋាគារ ម៉ូតែល ភោជនីយដ្ឋាន និង​ក្លិប​ល្បែង​កម្សាន្ត​កាស៊ីណូ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​បែបបទ​​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១ បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ឲ្យ​ក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង ហ្គ្រុប បញ្ឈប់​សកម្មភាព​បើក​លេង​ល្បែង​ខុស​ច្បាប់ និង​ឲ្យ​ចូល​ខ្លួន​ទៅ​បំពេញ​បែបបទ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម និង​បង់ពន្ធ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ប៉ុន្តែ​រហូត​ពេល​នេះ ក្រុមហ៊ុន​នេះ​មិន​បាន​អនុវត្ត​តាម​ការ​ជូន​ដំណឹង​នេះ​ទេ។

ទាក់ទិន​ទៅ​នឹង​ការ​បើក​លេងល្បែង​ស៊ីសង​នេះ ប្រធាន​ក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង ហ្គ្រូប របស់​ឧកញ៉ា សុខ គឹមសាន្ត បាន​បញ្ឈប់​ការ​អធិប្បាយ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​ពេល​អ្នក​យក​ព័ត៌មាន​សុំ​បំភ្លឺ​ជំវិញ​ការ​បើក​ក្លឹប​ល្បែង​នេះ។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (Adhoc) លោក ឆាយ ធី កត់សំគាល់​ថា កាស៊ីណូ​ខុស​ច្បាប់​នេះ​ធ្វើ​ឲ្យ​ខាត​​ចំណូល​ប្រាក់​ពន្ធ​រដ្ឋ​រាប់​សិប​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ច្រើន​ឆ្នាំ​មក​ហើយ។

កាល​ពី​ខែ​កក្កដា លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់ជាតិ​​ស៊ើបអង្កេត​ពី​ការ​បើក​កាស៊ីណូ​គ្មាន​ច្បាប់​នេះ៖ «នៅ​មិន​ទាន់​បិទ​នៅ​ឡើយ​ទេ ហើយ​មិន​ទាន់​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ពី​សមត្ថកិច្ច ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក។ ការ​លេង​នេះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ។ គ្រាន់​តែ​មាន ស.ជ.ណ នាំ​គ្នា​បើក​លេង​មិន​បាន​បំពេញ​ទម្រង់​បែបបទ​ច្បាប់​យូរ​ហើយ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អ្នក​នាំ​ពាក្យ និង​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។