សម្តេច​ហ៊ុនសែន ប្រកាស​ឲ្យ​អ្នកគាំទ្រ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​ទប់​ទល់នឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​នៅ​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​នេះ ទៅកាន់​អ្នកគាំទ្រ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ឲ្យ​ត្រៀមលក្ខណៈ ទប់​ទល់នឹង​គណបក្ស​សង្គ្រោះ​ជាតិ​។ ការត្រៀម​ទប់ទល់​នោះ ត្រូវបាន​សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា មិនមែនជា​ការនាំ​អ្នកគាំទ្រ​គណបក្ស​ទាំងពីរ ឲ្យ​ប៉ះទង្គិច​គ្នា​ទេ តែ​ជាការ​ប្រើប្រាស់​សិទ្ធិ ទល់នឹង​សិទ្ធិ​ប៉ុណ្ណោះ​។​

​ក្នុង​វិ​ដេ​អូ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ដែលជា​ការបញ្ចេញ​ប្រតិកម្ម ទៅកាន់​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​នេះ សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ ចង់បាន​សេចក្តីសុខ ចង់​ឲ្យ​មាន​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែលជា​មូលដ្ឋាន​ធំ​បំផុត ដើម្បី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​។ បក្សប្រឆាំង​ទៅវិញ​ទេ ដែលជា​និច្ច​ជា​កាល កេងចំណេញ​ពី​អស្ថិរភាព​នយោបាយ​។ គេ​ចង់​បង្កើត​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​ជាប់​ជានិច្ច តាមរយៈ​ការ​ញុះញង់​ឲ្យ​ខ្ញុំព្រះករុណាខ្ញុំ​ខឹង តាមរយៈ​ឲ្យ​មាន​បញ្ហា​នេះ​បញ្ហា​នោះៗ កើតឡើង ដូចជា បាតុកម្ម​នៅ​ញូវយ៉ក និង​បាតុកម្ម​នៅឯ​ទីក្រុង​ប៉ារីស ដែល​ខ្ញុំព្រះករុណាខ្ញុំ និយាយ​ដោយ​ត្រង់ៗ​ថា បើ​គ្មាន​បាតុកម្ម​នៅ​ញូវយ៉ក និង​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ដែល​រៀបចំ​ដោយ​គណបក្សប្រឆាំង​ទេ វា​ក៏​គ្មាន​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ដែរ​"​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​នេះ​ជា​សិទ្ធិ​នយោបាយ​ដូចគ្នា ហើយ​សូមអ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកគាំទ្រ​រដ្ឋាភិបាល សូម​ត្រៀមខ្លួន ដើម្បី​ឆ្លើយតប​ចំពោះ​ទង្វើ​អាក្រក់​របស់​គណបក្សប្រឆាំង និង​អ្នកគាំទ្រ​របស់គេ​។ មិនមែន​ជាការ​ខ្តិច​សង្អារ​ឲ្យ​ជល់​គ្នា​ទេ ក៏ប៉ុន្តែ​យើង​ឆ្លើយតប​សិទ្ធិ​ទល់នឹង​សិទ្ធិ ច្បាប់​ទល់នឹង​បទល្មើស ប្រដាប់អាវុធ​ទល់នឹង​អំពើ​ដែលមាន​ច​រិ​ក​ជាការ​ផ្តួលរំលំ​។ នេះហើយ​ជា​របៀប​គ្រប់គ្រង​អំណាច​"​។​

 សម្តេច​ហ៊ុនសែន បាន​បន្តថា "​បក្ស​កាន់​រដ្ឋាភិបាល វា​ច្បាស់​ណាស់ មាន​អ្នកគាំទ្រ​ច្រើនជាង​បក្សប្រឆាំង ទោះបីជា​បក្សប្រឆាំង​ខំ​អួត​ក្អេងក្អាង​យ៉ាងណាក៏ដោយ​។ ចាញ់​ម្តង​ហើយ​ម្តងទៀតៗ ប៉ុន្តែ​ខ្លួនឯង មិន​ព្រម​ទទួលយក​លទ្ធផល​បោះឆ្នោត ជានិច្ច​ជា​កាល​។ ១៩៩៨ ២០០៣ ២០០៨ និង​២០១៣ ធ្វើ​ដូចគ្នា​...​។ ការធ្វើ​ពហិការ ដែល​គណបក្សប្រឆាំង មិន​ចូល​សភា ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ មកពី​បញ្ហា​ទាមទារ​តំណែង​ប្រធានសភា មិនមែន​ការបោះឆ្នោត​មិន​ប្រក្រតី​នោះទេ​"​។​

​ប្រសាសន៍​របស់​សម្តេច​ហ៊ុនសែន ខាងលើនេះ បានធ្វើ​ឡើង ក្នុង​វិ​ដេ​អូ ពេលដែល​សម្តេច​បាន​មានប្រសាសន៍​ខ្លាំងៗ លើ​អ្វីដែល​សម្តេច​បាន​បន្ថែម​លើ​ការ​បង្ហោះ​ជា​លាយលក្ខណ៍អក្សរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច លើ​ករណី​លោក​សមរង្ស៊ី​។

​ក្រៅពី​បន្ថែម​ប្រតិកម្ម​លើ​ករណី​ដែល​សម្តេច បាន​បង្ហោះ​សារ​អក្សរ​ពាក់ព័ន្ធ​ករណី​លោក​សមរង្ស៊ី ក្នុង​វិ​ដេ​អូ​នោះ សម្តេច​ហ៊ុនសែន ក៏បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ប្រឆាំង​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​អត្ថាធិប្បាយ​នានា​របស់លោក នៅ​ប្រទេស​ជប៉ុន នា​ប៉ុន្មាន​ថ្ងៃនេះ​។ នោះ​គឺ​លោក​សមរង្ស៊ី​ថា គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​ចាញ់ឆ្នោត ទើប​គណបក្សកាន់អំណាច​នេះ នឹងមិន​រៀបចំ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨ នោះទេ​។

​ក៏ប៉ុន្តែ​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់​យ៉ាងច្បាស់ នៅ​ថ្ងៃទី​១២​វិច្ឆិកា​នេះ​ថា ការបោះឆ្នោត នឹង​ប្រព្រឹត្ត​ទៅតាម​កាលកំណត់​។ ពោលគឺ​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹងធ្វើ​ឡើង​នៅ​ពាក់កណ្តាល ឆ្នាំ​២០១៧ នៅក្នុង​ខែមិថុនា​។ រីឯ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ សប្តាហ៍​ទី​៤ ក្នុង​ខែកក្កដា ឆ្នាំ​២០១៨៕​

សម្តេច​ហ៊ុនសែន ប្រកាស​ឲ្យ​អ្នកគាំទ្រ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​ទប់​ទល់នឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ​
បាតុកម្ម នៅមុខរដ្ឋសភា នាថ្ងៃទី២៦តុលា ប្រឆាំងនឹងលោកកឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ( រូបភាពពីហ្វេសប៊ុក )