កាដូ​ល្អ​បំផុត សម្រាប់​កូន គឺ “​កង់​”

កាដូ​ល្អ​បំផុត សម្រាប់​កូន គឺ “​កង់​”

​តើ​អ្នក​បាន​គិត​ហើយ​ឬ​នៅ ថា​តើ គួរ​ទិញ​អ្វី​ទុក​ជា​កាដូ សម្រាប់​ថ្ងៃកំណើត​កូន​របស់​អ្នក ក្នុង​ឆ្នាំនេះ​? យើង​សូម​ណែនាំ​អ្នក នូវ​កាដូ​ដ៏​អស្ចារ្យ​មួយ គឺ “​កង់​”​។ ហេតុ​អ្វី​យើង​ណែនាំ​កង់​?

​អត្ថប្រយោជន៍​នៃ​កង់​
-​    ​ធានា​ថា​កូន​អ្នក ប្រាកដ​ជា​ពេញចិត្ត​
-​    ​គេ​អាច​ជ្រើសរើស​បាន​ខ្លួនឯង​
-​    ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ ព្រោះ​ការ​ជិះ​កង់ គឺជា​លំ​ហាត់ប្រាណ ដែល​ល្អ​បំផុត​សម្រាប់​កូន​
-​    ​អ្នក​ក៏​នឹង​អាច​បញ្ចេញ​កម្លាំង និង​ហាត់ប្រាណ​ជាមួយ​កូន​បាន​ផង​ដែរ​។​

​នាំ​កូន​ទៅ​ហាង​
​អនុញ្ញាតិឲ្យ​គេ​ជ្រើសរើស ទំហំ ពណ៌ និង​ម៉ាក​ដែល​គេ​ចូល​ចិត្ត​ទៅ ប៉ុន្តែ អ្នក​ក៏​គួរ​ត្រួតពិនិត្យ អំពី​សុវត្ថិភាព និង​ការ​សាក​សម សម្រាប់​អាយុ និង​ទំហំ​កូន​របស់​អ្នក​ដែរ​។​

​ទិញ​ឧបករណ៍​ជំនួយ​បន្ថែម​
-​    ​ក្រៅពី​កង់ ចាំបាច់​ណាស់ ត្រូវមាន​មួកសុវត្ថិភាព​
-​    ​ភ្លើង​បំភ្លឺ​សុវត្ថិភាព​ពេល​យប់​
-​    ​ស្រោមដៃ ដប​ទឹក និង​ស្បែកជើង ក៏​គួរតែមាន​ព្រម​គ្នា​ផងដែរ​។​

​ជ្រើសរើស​កន្លែង​រៀន​ជិះ​កង់​
​ពេល​បាន​ដំបូង គេ​ប្រហែលជា​ចង់​សាក និង​ចង់​ជិះ​ណាស់​ហើយ ដូច្នេះ អ្នក​គួរតែ​ស្វែងរក​កន្លែង​ណាមួយ ដែល​ស្រឡះ​ល្អ ដើម្បី​បង្រៀន​គេ​ជិះ​។ អ្នក​ត្រូវ​ប្រាកដថា កន្លែង​នោះ​មាន​សុវត្ថិភាព ពីព្រោះ ពេល​រៀន​ដំបូង កូន​អ្នក​អាច​នឹង​ដួល ឬ​មាន​របួស​តិចតួច​។​

​វិធី​បង្រៀន​កូន​ឲ្យ​ជិះ​កង់​
​ចាប់​ផ្តើមដំបូង ដោយ​អ្នក​ជួយ​កាន់​កង់​ពីក្រោយ ពេល​គេ​រៀន​ជិះ​។ ត្រូវ​ប្រាប់​គេ ឲ្យ​កាន់ដៃ​ចង្កូត ហើយ​មើល​ទៅ​មុខ ទើប​ឲ្យគេ​ដាក់ជើង​លើ​ឈ្នាន់ រួច​ចាប់ផ្តើម​ធាក់​។ គេ​ប្រហែល​ជា​រហ័ស​ចង់​ធាក់​ទៅមុខ​ណាស់ ដូច្នេះ អ្នក​ត្រូវ​ប្រយ័ត្ន ចាប់​កង់​ឲ្យ​ជាប់​។ ម្យ៉ាងវិញទៀត អ្នក​ក៏​អាច​ជួយ​ទប់​ដៃ​កង់​ម្ខាង ដើម្បីឲ្យ​មានលំនឹង​ផងដែរ​។ ពេល​ធាក់​បានល្អ អ្នក​អាច​ចាប់ផ្តើម​ព្រលែង​ដៃ​បន្តិច​ម្តងៗ រហូត​ដល់​គេ​អាច​ទប់​លំនឹង បាន​ដោយ​ខ្លួនឯង​៕
​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។