ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប​រង​ការ​ចោទ​ថា​ឃុំ​ខ្លួន​បុរស​ម្នាក់​ដោយ​គ្មាន​ភស្តុតាង

មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​បាត់បង់​ការ​ជឿជាក់​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​គេ​យល់​ឃើញ​ថា បច្ចុប្បន្ន​ប្រព័ន្ធ​យុត្តិធម៌​មិន​មាន​ឯករាជ​ភាព និង​តម្លាភាព​ត្រឹមត្រូវ​ទេ។

នៅ​ខេត្ត​សៀមរាប ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ គឺ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) កំពុង​ទាមទារ​ឲ្យ​ចៅក្រម​ដោះ​លែង​បុរស​ម្នាក់ ដែល​តុលាការ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ចាប់​ច្រឡំ​មនុស្ស ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​សារធាតុ​ញៀន​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អង្គរធំ ក្រុង​សៀមរាប បាន​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ដើម្បី​ដោះ​លែង​កូន​ប្រុស​របស់​គាត់​ម្នាក់​ចេញ​ពី​ពន្ធនាគារ​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​គ្រួសារ​នោះ​អះអាង​ថា តុលាការ​បាន​ចាប់​ខ្លួន​កូន​ប្រុស​របស់​គាត់ ដោយ​ច្រឡំ​ថា​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ដឹង​ថា​ច្រឡំ​ហើយ ក៏​នៅ​តែ​មិន​ដោះ​លែង។

ស្ត្រី​ឈ្មោះ សឹង គឹមហុង អាយុ ៤៥​ឆ្នាំ គឺ​ជា​អ្នក​ភូមិ​អញ្ចាញ សង្កាត់​អង្គរធំ ក្រុង​សៀមរាប។ គាត់​មាន​ប្រសាសន៍​លាយឡំ​ជាមួយ​នឹង​សម្រែក​ទួញ​យំ​គួរ​ឲ្យ​សង្វេគ​ថា កូន​ប្រុស​គាត់​ម្នាក់​ឈ្មោះ ធី ចាន់ធី តែង​តែ​ទៅ​ប្រកប​មុខ​របរ​ជាង​ផ្សារ​ដែក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​កូន​ស្រី និង​ប្រពន្ធ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា កន្លង​ទៅ ប៉ូលិស​បាន​កាន់​ដីកា​របស់​តុលាការ​ទៅ​ចាប់​ខ្លួន​កូន​ប្រុស​របស់​គាត់ ដោយ​គ្រាន់​តែ​ជន​ជួញ​ដូរ​គ្រឿង​ញៀន ២​នាក់​ឆ្លើយ​ចំ​ឈ្មោះ​ប្រហាក់​ប្រហែល​គ្នា។

ស្ត្រី​ដដែល​បញ្ជាក់​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កូន​ប្រុស​របស់​គាត់​នោះ គឺ​គាត់​បាន​ទៅ​ជួប​កូន​នៅ​ពេល​ដែល​គេ​នាំ​ខ្លួន​ជនល្មើស ២​នាក់​ផ្សេង​ទៀត​មក​ឆ្លើយ​ត​ទល់​គ្នា។ នៅ​ចំពោះ​មុខ​ចៅក្រម ជន ២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​សារធាតុ​ញៀន​នោះ បាន​ឆ្លើយ​ថា គេ​មិន​ស្គាល់​កូន​ប្រុស​របស់​គាត់​ឈ្មោះ ធី ចាន់ធី ទេ។ ដោយសារ​មូលហេតុ​នេះ ស្ត្រី​ជា​ម្ដាយ​បាន​ទាមទារ​ឲ្យ​ចៅក្រម​នៃ​សំណុំ​រឿង​ក្តី​នេះ ដោះ​លែង​កូន​ប្រុស​របស់​គាត់​ពី​ពន្ធនាគារ​វិញ ក៏ប៉ុន្តែ​គិត​តាំង​ពី​ពេល​ចាប់​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា គឺ​មាន​រយៈពេល​ជិត ២​ខែ​ហើយ នៅ​តែ​តុលាការ​មិន​ព្រម​ដោះ​លែង​ទៀត៖ «អា​ពីរ​នាក់​នោះ​ចូល​ដល់​តុលាការ សួរ​អា​មួយ​នោះ​មុន កូន​ខ្ញុំ​ចូល​ទៅ​ពី​ក្រោយ ចេញ​មក​វិញ​ប្រាប់​តុលាការ​ថា​អត់​មាន​ធី​ហ្នឹង​ទេ គឺ​បង​ឯង​ចាប់​មនុស្ស​ខុស​ហើយ។ ប៉ុណ្ណឹង​គេ​អត់​ដោះ​លែង​កូន​ខ្ញុំ​ទៀត ខ្ញុំ​ទៅ​ជួប​កូន​ដល់​តុលាការ ខ្ញុំ​លុត​ជង្គង់​សំពះ​គេ»

ស្ត្រី​ឈ្មោះ ណូ ស្រីពេជ្រ ដែល​មាន​កូន​ស្រី​តូច​មួយ​តាម​ជាប់​នឹង​ខ្លួន​ជានិច្ច បាន​ប្រាប់​ថា បុរស​ឈ្មោះ ធី ចាន់ធី គឺ​ជា​ប្ដី​របស់​នាង។ ស្ត្រី​រូប​នោះ​រ៉ាយរ៉ាប់​ដោយ​មាន​ទឹក​ភ្នែក​រលេងរលោង​ថា គ្រួសារ​របស់​គាត់​ក្រីក្រ​ណាស់ គឺ​រាល់​ថ្ងៃ​ប្ដី​ចេញ​ទៅ​ស៊ី​ឈ្នួល​ផ្សារ​ដែក ដោយ​ជិះ​ម៉ូតូ​ជាមួយ​អ្នក​ជិត​ខាង ហើយ​បាន​កម្រៃ​ប្រហែល ៣០​ដុល្លារ​ក្នុង ១​អាទិត្យ គ្រាន់​ទិញ​បាយ​ឲ្យ​កូន​ហូប។ ស្ត្រី​ដដែល​បញ្ជាក់​ថា ប្ដី​របស់​គាត់​ក្រៅ​តែ​ពី​ចេញ​ទៅ​ធ្វើ​ការ គឺ​មិន​ដែល​ដើរ​លេង​ជាមួយ​អ្នក​ណា​ទេ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ប្ដី​របស់​គាត់ គឺ​ធ្វើ​ឲ្យ​ជីវភាព​ដុនដាប​ខ្លាំង ពេល​ខ្លះ​ហូប​បាយ និង​អំបិល​បុក​ម្ទេស​ក៏​មាន៖ «អត់​ពី​ប្ដី​រក​អី​មិន​បាន​ស៊ី​ទេ កូន​ក៏​នៅ​តូច នៅ​ជាមួយ​ម៉ែ​ក្មេក​ហូប​អី​អត់​គ្រប់គ្រាន់​ទេ។ អត់​មាន​អី​ហូប​ទេ អំបិល​ម្ទេស​ប្រហុក»

ចាប់​តាំង​តែ​ពី​អំឡុង​ខែ​កញ្ញា មក ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​២ គឺ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ចុះ​ស៊ើប​អង្កេត​ជុំវិញ​ករណី​ចាប់​ខ្លួន​បុរស​ឈ្មោះ ធី ចាន់ធី នោះ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រក​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា តុលាការ​អាច​ចាប់​ខ្លួន​មនុស្ស​យក​ទៅ​ឃុំឃាំង​ច្រឡំ ហើយ​ចាប់​តាំង​ពី​អំឡុង​ខែ​តុលា មក ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​មេធាវី បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ចៅក្រម​នៃ​សំណុំ​រឿង​ក្តី ដោះ​លែង​បុរស​នោះ​វិញ។

ចៅក្រម​នៃ​សំណុំ​រឿង​ក្តី​នេះ លោក ឈុន ច័ន្ទសីហា មាន​ប្រសាសន៍​ថា លោក​ហាក់​ដូចជា​មិន​ច្បាស់លាស់​លើ​សំណុំ​រឿង​ណា​មួយ​ទេ ពីព្រោះ​នៅ​ក្នុង​ដៃ​របស់​លោក គឺ​មាន​សំណុំ​រឿង​ជាច្រើន​ដែល​ត្រូវ​ចាត់​ការ។ ទោះ​យ៉ាង​ណា លោក​ចៅក្រម​ដដែល​បញ្ជាក់​ថា ករណី​នោះ គឺ​លោក​ទើប​តែ​បាន​ទទួល​ព័ត៌មាន​ពី​មេធាវី ហើយ​លោក​នឹង​ទុក​ពេល​ខ្លះ​ដើម្បី​ពិចារណា៖ «សំណុំ​រឿង​ណា​ហ្នឹង គឺ​យើង​កំពុង​តែ​ពិនិត្យ​ភស្តុតាង​ផ្សេងៗ ដូចជា​អា​ហ្នឹង​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ហើយ​ពី​ខាង​មេធាវី»

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ចាន់ ចំរើន មាន​ប្រសាសន៍​ថា កាល​ពី​ជាង ១​ខែ​មុន លោក​បាន​ចុះ​ស៊ើប​អង្កេត​ករណី​ចាប់​ខ្លួន​បុរស​ឈ្មោះ ធី ចាន់ធី នេះ ដោយ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​គាត់​ជាច្រើន គឺ​ពួក​គេ​សុទ្ធតែ​ប្រាប់​ថា ឈ្មោះ ធី ចាន់ធី ជា​អ្នក​ស្លូត​ត្រង់ ដែល​អ្នក​ភូមិ​អាណិត​អាសូរ​គ្រប់​គ្នា។ នៅ​ឯ​ពន្ធនាគារ​ទៀត​សោត ក៏​លោក​បាន​ចូល​ទៅ​ជួប​ពិរុទ្ធជន​ទាំង​ពីរ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​សារធាតុ​ញៀន​នោះ​ដែរ ហើយ​ពួក​គេ​បាន​ឆ្លើយ​ប្រាប់​លោក​ថា មិន​ដែល​ស្គាល់​ឈ្មោះ ធី ចាន់ធី នោះ​ទេ៖ «គ្រួសារ​ហ្នឹង​ក្រ គេ​ថែម​ទាំង​ជួយ​ឲ្យ​បាយ​ទឹក​ប្រពន្ធ និង​កូន​របស់​គាត់​ទៀត​ពេល​ដាច់​បាយ​ម្ដងៗ។ អ្នក​ដែល​រស់នៅ​ជុំវិញ​គេ​បាន​សរសើរ​អំពី​អត្តចរិត​ល្អ​របស់​ឈ្មោះ ធី ចាន់ធី នោះ​ផង»

ចំណែក​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី ឈុយ វ៉ាន់ថា ក៏​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​នឹង​អង្គការ​អាដហុក ដែរ​ថា អ្នកស្រី​បាន​ទៅ​អង្កេត​ដល់​កន្លែង​ដែល​ឈ្មោះ ធី ចាន់ធី រស់នៅ ដោយ​អ្នក​ភូមិ​ជាច្រើន​មិន​ជឿ​ថា គាត់​ជួញ​ដូរ​ថ្នាំ​ញៀន​ឡើយ។ អ្នកស្រី ឈុយ វ៉ាន់ថា យល់​ថា សមត្ថកិច្ច​អាច​នឹង​ចាប់​ខ្លួន​បុរស​ឈ្មោះ ធី ចាន់ធី យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ច្រឡំ​អត្តសញ្ញាណ​របស់​អ្នក​ប្រព្រឹត្តិ​ផ្សេង​ទៀត។ អ្នកស្រី ឈុយ វ៉ាន់ថា បញ្ជាក់​ថា ក្រោយ​ពី​ស៊ើប​អង្កេត គឺ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ក៏​បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​សៀមរាប ឲ្យ​ដោះ​លែង​បុរស​ឈ្មោះ ធី ចាន់ធី នោះ​ដែរ ប៉ុន្តែ​បើ​តុលាការ​មិន​ដោះ​លែង មាន​ន័យ​ថា ការ​ឃុំ​ខ្លួន​បុរស​ម្នាក់​នោះ គឺ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។