គណបក្ស​ប្រឆាំង​សន្យា​ធ្វើ​កំណែ​ទម្រង់​ពេល​ដឹក​នាំ​ប្រទេស​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​នៅ​មុខ​វិនិយោគិន​ជប៉ុន ថា នៅ​ពេល​ជាប់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​បរិយាកាស​វិនិយោគទុន​ឲ្យ​បាន​ប្រសើរ ដើម្បី​ជំរុញ​ឲ្យ​ជប៉ុន មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ។ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា នឹង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ និង​បំបាត់​អំពើ​ពុក​រលួយ។ តែ​តំណាង​រដ្ឋាភិបាល​ថ្លែង​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​នេះ គឺ​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ហើយ។

ខណៈ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន ប្រមុខ​ដឹក​នាំ​បក្ស​ប្រឆាំង​កម្ពុជា បាន​សន្យា​ជាមួយ​តំណាង​ក្រុម​វិនិយោគិន​របស់​ជប៉ុន ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួយ​សម្រប​សម្រួល​ដល់​អ្នក​វិនិយោគទុន​ជប៉ុន ឲ្យ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

អនុប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ថា នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស គណបក្ស​របស់​លោក​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀបចំ​បរិយាកាស​ធុរកិច្ច​ឲ្យ​បាន​ប្រសើរ តាម​រយៈ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ទប់ស្កាត់​អំពើ​ពុក​រលួយ និង​បំបាត់​ការិយាធិបតេយ្យ។

មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា កំណែ​ទម្រង់​ទាំង​នេះ​នឹង​ទាក់ទាញ​វិនិយោគិន​ជប៉ុន មក​រក​ស៊ី​នៅ​កម្ពុជា ថែម​ទៀត ដែល​អាច​បង្កើត​ឱកាស​ការងារ​បាន​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ លោក កឹម សុខា វាយ​តម្លៃ​ថា អ្នក​វិនិយោគ​ជប៉ុន ភាគ​ច្រើន​ជា​អ្នក​វិនិយោគ​រយៈពេល​វែង និង​គោរព​សិទ្ធិ​មនុស្ស។

យ៉ាង​ណា​ក៏ដោយ តំណាង​រដ្ឋាភិបាល​ឆ្លើយ​តប​ថា បរិយាកាស​រក​ស៊ី​សម្រាប់​វិនិយោគិន​បរទេស​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន មាន​អំណោយ​ផល​ច្រើន។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ថែរក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ និង​ធានា​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ ដែល​ជា​ការ​ទាក់ទាញ​ដល់​វិនិយោគិន​បរទេស។ លោក​ថា រដ្ឋាភិបាល​ក៏​កំពុង​កម្ចាត់​អំពើ​ពុក​រលួយ កែ​ទម្រង់​ប្រព័ន្ធ​តុលាការ និង​លុប​បំបាត់​ការិយាធិបតេយ្យ៖ «»។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា សារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធានា​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន មក​បណ្ដាក់​ទុន​នៅ​កម្ពុជា គឺ​ជា​ការ​ល្អ។ លោក​ថា នៅ​ពេល​មាន​ការ​វិនិយោគ​ច្រើន​នៅ​កម្ពុជា នាំ​ឲ្យ​កម្ពុជា មាន​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ លោក​បញ្ជាក់​ថា ជប៉ុន ជា​ដៃគូ​វិនិយោគ​មាន​សក្ដានុពល​នៅ​កម្ពុជា។ លោក​ស្នើ​ថា គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ៖ «»។

របាយការណ៍​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា (JETRO) បង្ហាញ​ថា ការ​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា បាន​កើន​ឡើង​ជាង​ដប់​ដង​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ គឺ​ចំនួន ៣៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ ឡើង​មក ៣២៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២ ហើយ​ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ជប៉ុន នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ត្រឹម ១៩​ក្រុមហ៊ុន​នៅ​ឆ្នាំ​២០១០ តែ​បាន​កើន​ឡើង​ដល់​១៩៥ នៅ​ឆ្នាំ​២០១៣។ របាយការណ៍​អង្គការ​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្នុង​ចំណោម​ទិសដៅ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ក្រុមហ៊ុន​ជប៉ុន សម្រាប់​ការ​បណ្ដាក់​ទុន​រក​ស៊ី​នៅ​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។