គណៈរដ្ឋមន្ត្រី​នឹង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា

លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា គណៈរដ្ឋមន្ត្រី​នឹង​ពិភាក្សា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។

​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រៀបចំ​តាក់តែង​ឡើង​ដោយ​ចំណាយ​ពេល​អស់​ជា​ច្រើន​ឆ្នាំ និង​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​ដូចជា​ភាគី​រដ្ឋាភិបាល ភាគី​តំណាង​រោងចក្រ​កាត់ដេរ និង​តំណាង​សហជីព។

​យ៉ាង​ណា កន្លង​មក​ភាគី​សហជីព​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​ពួកគេ​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋាភិបាល​តាក់តែង​ឡើង​មាន​ចំណុច​មួយ​ចំនួន​រឹតត្បិត​សេរីភាព​របស់​សហជីព និង​មិន​អាច​អោយ​សហជីព​បំពេញ​ការងារ​អោយ​បាន​ពេញលេញ​ដើម្បី​ការពារ​ប្រយោជន៍​របស់​កម្មករ។

​ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​រិះគន់​ថា សេចក្ដី​ព្រាង​ច្បាប់​សហជីព​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​រំលោភ​លើ​សិទ្ធិ​ចងក្រង​ជា​ក្រុម​របស់​កម្មករ។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។