ក្មេង​ទំនើង​៤​នាក់​លើកគ្នា​ទៅ​វាយ​សិស្សសាលា​ចិន ឈុ​ង​ចិន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​នាំ​គ្នា​ទៅ​វាយ​សិស្ស​សាលារៀន​ចិន ឈុ​ន​ចិន តែ​ត្រូវ​គេ​ដេញ​វាយ​វិញ​រត់​ផាសក្រញាំ ហើយ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ទាំងអស់ បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នៅ​ចំណុច​សាលារៀន​ចិន ឈុ​ន​ចិន ម្តុំ​ផ្សា​អូរ​ឫស្សី ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ក្មេង​ទំនើង​ទាំង​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ ម៉េ​ង ឡាយ អាយុ​១៦​ឆ្នាំ ជា​សិស្ស​នៅ​សាលារៀន​ចិន​ទួន​ហ្វា​, ២-​ឈ្មោះ ឃុន ដេ​វីត អាយុ​១៥​ឆ្នាំ ជា​សិស្ស​នៅ​សាលារៀន ឈុ​ន​ចិន​, ៣-​ឈ្មោះ សុខ ស៊ី អាយុ​២០​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ម្តុំ​ផ្សា​អូរ​ឫស្សី និង ៤-​ឈ្មោះ គង់ គី​ម​ហេង អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សា​ស្ទឹង​មាន​ជ័យ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ក្មេង​ទំនើង​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​លើកគ្នា​ទៅ​វាយ​សិស្ស​សាលារៀន​ចិន ឈុ​ន​ចិន ពេល​ទៅ​ដល់​ក៏​ប្រទះ​នឹង​គូបដិបក្ខ​របស់​ខ្លួន​ដែល​ទើបតែ​ចេញពី​សាលា កើតជា​កំហឹង​ស្ទុះ​ទៅ​វាយ ខណៈ​ដែល​កំពុង​តែ​ប្រទូស្ត​រាយ​គ្នា​សិស្សសាលា​ចិន ឈុ​ន​ចិន ក៏​វាយ​តបត​វិញ ធ្វើ​ឲ្យ​ក្មេង​ទំនើង​ទាំង​៤​នាក់​នោះ​ភ័យ​ស្លន់ស្លោ​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន តែ​គេច​មិន​ផុត​ពី​គូបដិបក្ខ ក៏​រត់​ចោល​ម៉ូតូ​ ត្រូវ​គូបដិបក្ខ​វាយ​កម្ទេច​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត ។ ភ្លាម​ៗ​នោះ​ដែរ​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​មក​ធ្វើការ​អន្តរាគមន៍​ដេញ​ស្ទាក់​ចាប់​បាន​ក្មេង​ទំនើង​ទាំង​៤​នាក់ ដែល​លើកគ្នា​មក​វាយ​គេ​ដល់​សាលា​នោះ​យក​មក​ប៉ុស្តិ៍​នគរបាល​វាលវង់ ដើម្បី​សួរនាំ ចំណែក​ភាគី​សិស្សសាលា​ចិន ឈុ​ន​ចិន បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​សួរនាំ និង​ធ្វើការ​អប់រំ​ក្មេង​ទំនើង​ទាំង​៤​នាក់​នោះ រួច​ហើយ​ហៅ​ក្រុម​គ្រួសារ ឬ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា ដើម្បី​ធ្វើការ​ដោះស្រាយ និង​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ៕